បុរស​ដែល​រង​ការ​វាយ​ដំ​ពី​ក្រុម​សន្តិសុខ​ភូមិ​នៅ​ខេត្ត​ព្រៃវែង​ដង្ហោយ​រក​យុត្តិធម៌

0:00 / 0:00

បុរស​ម្នាក់​ដែល​អះអាង​ថា រូប​គាត់​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ដំណំ​ពី​ក្រុម​សន្តិសុខ​ភូមិ​នៅ​ឃុំ​ដូនកឹង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង នោះ កំពុង​ដង្ហោយ​រក​យុត្តិធម៌។ ចំពោះ​ករណី​នេះ មេ​ប៉ុស្តិ៍​ឃុំ​ដូនកឹង បដិសេធ​ការ​ចោទ​ប្រកាន់។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​ព្រៃវែង យល់​ថា ទង្វើ​នេះ​ប្រសិន​បើ​ជា​ការពិត គឺ​ជា​ការ​ធ្វើ​ទារុណកម្ម​ដែល​ខុស​នឹង​ច្បាប់។

អស់​មួយ​សប្ដាហ៍​ហើយ បុរស​កំព្រា​ម្នាក់​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នោះ​ទេ បន្ទាប់​ពី​រូប​គាត់​ត្រូវ​បាន​សន្តិសុខ​ភូមិ​ពីរ​នាក់ ព្រួត​វាយ​ដំ​យ៉ាង​ដំណំ​រហូត​ដល់​សន្លប់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ដូនកឹង ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង។

បុរស​រងគ្រោះ​ឈ្មោះ ផុន ធា អាយុ ៤៩​ឆ្នាំ ដែល​កំពុង​ជាំ និង​មាន​ឈាម​ក្នុង​ភ្នែក​ខាង​ឆ្វេង រៀបរាប់​ថា កាល​ពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​មីនា កន្លង​ទៅ រូប​គាត់​បាន​ឈ្លោះ​គ្នា​ជាមួយ​បង​ថ្លៃ ដោយសារ​សុំ​លុយ ១០​ដុល្លារ​ដែល​ប្អូន​ផ្ញើ​មក​ពី​កូរ៉េ​មិន​បាន ហើយ​ក៏​ឈាន​ដល់​ប្រតាយប្រតប់​គ្នា​បន្តិចបន្តួច។ ពេល​នោះ បង​ថ្លៃ​របស់​លោក​ដែល​ជា​អនុប្រធាន​ភូមិ ក៏​បាន​ប្ដឹង​ទៅ​មេ​ប៉ុស្តិ៍​ឲ្យ​ជួយ​អន្តរាគមន៍។

លោក ផុន ធា បន្ត​ថា ភ្លាមៗ​មេ​ប៉ុស្តិ៍​បាន​បញ្ជា​សន្តិសុខ​ភូមិ​ពីរ​នាក់​ទៅ​ចាប់​រូប​គាត់ តែ​គាត់​មិន​ព្រម ក៏​បាន​ប្រតាយប្រតប់​គ្នា​មួយ​សន្ទុះ ទើប​ចុង​ក្រោយ សន្តិសុខ​ទាំង​ពីរ​បាន​ដាក់​ខ្នោះ​ដៃ​គាត់ ហើយ​ដឹក​យក​ទៅ​បន្ទប់​ឃុំឃាំង​នៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើ​ការ​អប់រំ ប៉ុន្តែ​នៅ​ពេល​ដឹក​ទៅ​ដល់ ស្រាប់​តែ​សន្តិសុខ​ទាំង​ពីរ​នាក់​បិទ​ទ្វារ ហើយ​ចាប់​ផ្តើម​វាយ​ដំ​គាត់​រហូត​ដល់​សន្លប់ ទើប​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ « ចាប់​ដាក់​ខ្នោះ​ហើយ​ដឹក​ខ្ញុំ​យក​ទៅ​ប៉ុស្តិ៍។ ទៅ​ដល់​ប៉ុស្តិ៍​គេ​វាយ​ខ្ញុំ​ក្នុង​បន្ទប់​ឃុំឃាំង​នោះ ប្រើ​ដៃ​ប្រើ​ជើង​ទាត់​ធាក់​វាយ​សម្រាត​ខោ​អាវ ដាល់​ក្បាល​រហូត​បែក​ឈាម ហើយ​ខ្ញុំ​សន្លប់។ ពេល​ខ្ញុំ​ដឹង​ខ្លួន ខ្ញុំ​ស្លៀក​តែ​ខោ​ខ្លី​មួយ​ទេ គេ​វាយ​រយៈពេល​ប្រហែល​ជា ១០​នាទី។ របួស​ធ្ងន់​ត្រង់​មុខ ក្បាល និង​ភ្នែក ហើយ​ចំណែក​ដើមទ្រូង​ចុក​ណែន​ធ្លាក់​ឈាម »

បុរស​រូប​នេះ​សម្ដែង​ការ​សោកស្ដាយ​ដែល​ប៉ូលិស​មិន​នាំ​ខ្លួន​ទៅ​អប់រំ ប្រសិន​បើ​គិត​ថា​គាត់​ធ្វើ​ខុស ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរ​ជា​បណ្តោយ​ឲ្យ​សន្តិសុខ​ភូមិ​ប្រើ​ហិង្សា​លើ​រូប​គាត់​ទាំង​ដៃ​ជាប់​ខ្នោះ រហូត​ដល់​សន្លប់ និង​មាន​របួស​ធ្ងន់។ បុរស​រូប​នេះ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជូន​រូប​គាត់ « ចង់​ឲ្យ​មើល​ខ្លួន​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​ជន​ក្រីក្រ​គ្មាន​ទ្រព្យ​មើល​ខ្លួន​ទេ ឬ​មួយ​ក៏​ធ្លាក់​ខ្លួន​សរសៃ​ប្រសាទ​ខ្ញុំ ឬ​មួយ​ឆ្កួត​ក៏​គ្មាន​ពេទ្យ​ណា​គេ​អាច​ព្យាបាល​បាន​ដែរ។ លុះត្រាតែ​មាន​លុយ​ដែរ។ ខ្ញុំ​ប្តឹង​អ្នក​ដែល​វាយ​ខ្ញុំ​ឲ្យ​របួស​បែក​ឈាម បែក​ទាំង​សរសៃ​ប្រសាទ​នេះ »

សន្តិសុខ​ភូមិ​ទាំង​ពីរ​នាក់​នោះ មាន​ម្នាក់​ឈ្មោះ គុជ រស់នៅ​ភូមិ​ទន្សាយជុលហាប់ រីឯ​ម្នាក់​ទៀត​ឈ្មោះ យ៉ាត់ គាន រស់នៅ​ភូមិ​ដូនកឹង ឃុំ​ដូនកឹង ជាមួយ​ជន​រងគ្រោះ​ដែរ។

ឆ្លើយតប​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដូនកឹង លោក គុយ សាវ៉ាត បាន​ឆ្លើយ​បដិសេធ​ថា លោក​ពុំ​បាន​បញ្ជា​ឲ្យ​សន្តិសុខ​ប្រើ​ហិង្សា​លើ​ឈ្មោះ ផុន ធា ដែល​មាន​អាការ​ស្រវឹង​ឡើយ ប៉ុន្តែ​គ្រាន់​តែ​បញ្ជា​ឲ្យ​សន្តិសុខ​ទាំង​ពីរ​នាក់​ទៅ​ឃាត់​ឈ្មោះ ផុន ធា កុំ​ឲ្យ​ប្រើ​ហិង្សា​លើ​បង​ថ្លៃ​របស់​ខ្លួន និង​នាំ​រូប​គេ​មក​អប់រំ​ណែនាំ​ប៉ុណ្ណោះ។ លោក​មេ​ប៉ុស្តិ៍​រូប​នេះ​បន្ត​បំភ្លឺ​ថា ពេល​សន្តិសុខ​ទៅ​ដល់ គឺ​លោក ផុន ធា ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ចាប់​ផ្តើម​ប្រើ​ហិង្សា​មុន ទើប​បណ្ដាល​ឲ្យ​មាន​ការ​ប្រតាយប្រតប់​គ្នា ហើយ​ដឹកនាំ​យក​មក​ប៉ុស្តិ៍ ប៉ុន្តែ​ពេល​ដឹក​ដល់​ប៉ុស្តិ៍ ដោយ​លោក​ឃើញ​ថា ផុន ធា បាន​ចេញ​ឈាម​ខ្លាំង​នៅ​ត្រង់​ដៃ ទើប​បញ្ជា​ឲ្យ​សន្តិសុខ​ភូមិ​ដោះលែង​វិញ ដោយ​ពុំ​បាន​អប់រំ​ណែនាំ​ឡើយ « ខ្ញុំ​ហាម​ណាស់​ថ្ងៃ​នោះ ខ្ញុំ​មិន​ឲ្យ​ធ្វើ​អី​ទេ។ ពួក​អា​នោះ​ហ៊ាន​ធ្វើ​អី គឺ​វា​មិន​ហ៊ាន​ទេ ព្រោះ​បើ​ចាប់​នៅ​កន្លែង​នោះ វា​ប្រតាយប្រតប់​គ្នា​នៅ​កន្លែង​នោះ ប្រជាពលរដ្ឋ​ក៏​នៅ​កន្លែង​នោះ​ច្រើន​ដែរ។ វា​មិន​ព្រម​មក ប្រតាយប្រតប់​គ្នា​ខ្លាំង​ដែរ ប្រូសប្រះៗ​បាន​លើក​ដាក់​ម៉ូតូ​មក​ប៉ុស្តិ៍​មក ហើយ​មក​មួយ​ស្របក់​ប្រហែល​ជា​ដូចជា​បង​ឯង​កំពុង​តេ​មក​ខ្ញុំ​នេះ ពេលវេលា​រយៈពេល​ប៉ុណ្ណេះ​ហើយ​ឲ្យ​ឌុប​ទៅ​វិញ ព្រោះ​ដៃ​វា​នៅ​ហូរ​ឈាម កុំ​ឲ្យ​នៅ​យូរ ប្រាប់​ឲ្យ​ទៅ​រក​ថ្នាំ​រក​អី​បិទ »

ទោះ​ជា​យ៉ាង​ណា មាន​សាក្សី​បញ្ជាក់​ថា ពេល​ប្រតាយប្រតប់​គ្នា​នៅ​ផ្ទះ គឺ​លោក ផុន ធា មិន​ទាន់​មាន​របួស​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​រូប​គាត់​ចាប់​ផ្តើម​មាន​របួស​ធ្ងន់ធ្ងរ​ក្រោយ​ចេញ​ពី​ប៉ុស្តិ៍​វិញ ជាពិសេស​របួស​ធ្ងន់ធ្ងរ​នៅ​ត្រង់​ភ្នែក និង​ក្បាល។

អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​របស់​សន្តិសុខ​ភូមិ​នោះ ដើម្បី​សុំ​ការ​ឆ្លើយតប​បាន​ឡើយ។

រីឯ​អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គីមលី ដែល​តាមដាន​ករណី​នេះ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ករណី​នេះ​គឺ​ជា​ការពិត​នោះ គឺ​អាជ្ញាធរ​ខុស​ច្បាប់ ហើយ​រំលោភ​សិទ្ធិ​ជន​រងគ្រោះ « ជា​គោលការណ៍​រាល់​បទល្មើស​ទាំងអស់ គឺ​នៅ​ពេល​ដែល​ចាប់​ជន​សង្ស័យ​បាន គឺ​មិន​ថា​នៅ​ដំណាក់កាល​ណា​មួយ​ទេ តាម​នីតិវិធី​តាម​ផ្លូវ​ច្បាប់ គឺ​មិន​អាច​ប្រើ​ហិង្សា​ដើម្បី​សួរ​រក​ចម្លើយ មិន​អាច​ធ្វើ​ទារុណកម្ម​បាន​ទេ ជាពិសេស​ករណី​នេះ​បើ​តាម​សម្ដី​របស់​ជន​រងគ្រោះ គាត់​ថា​បាន​ដាក់​ខ្នោះ​គាត់ ហើយ​មាន​មនុស្ស​ពីរ​នាក់​ព្រួត​វាយ​គាត់។ អ៊ីចឹង​ករណី​នេះ គឺ​ជា​ការ​ធ្វើ​ទារុណកម្ម។ យើង​សោកស្ដាយ​ពិត​មែន ប្រសិន​បើ​ករណី​នេះ​វា​បាន​កើត​ឡើង​ពិត​មែន ខ្ញុំ​ឃើញ​ថា បើ​ករណី​នេះ​បាន​កើត​ឡើង​នៅ​ប៉ុស្តិ៍​រដ្ឋបាល បាន​ន័យ​ថា​កន្លែង​នោះ​មិន​អាច​អនុវត្ត​នូវ​គោលការណ៍​ភូមិ - ឃុំ​មាន​សុវត្ថិភាព​បាន​ទេ »

ប្រជាពលរដ្ឋ​ភាគច្រើន​ចោទ​ថា សន្តិសុខ​ភូមិ​មួយ​ចំនួន​មិន​សូវ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​នោះ​ទេ ដូច្នេះ​នៅ​ពេល​ពួក​គេ​ទទួល​បាន​ឋានៈ​ជា​សន្តិសុខ​ភូមិ ឬ​ហៅ​ថា​ស្វ័យ​ការពារ​នោះ ពួក​គេ​ខ្លះ​តែងតែ​អាង​អំណាច​មិន​ខ្លាច​ប្រើ​ហិង្សា​លើ​អ្នក​ភូមិ​ឡើយ។ ប្រជាពលរដ្ឋ​សំណូមពរ​ឲ្យ​ថ្នាក់​លើ ពិនិត្យ​មើល​លើ​ការងារ និង​អប់រំ​សន្តិសុខ​ភូមិ ដើម្បី​ចូលរួម​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​យ៉ាង​មាន​ប្រសិទ្ធភាព។

បុរស​ឈ្មោះ ផុន ធា អះអាង​ថា រូប​គាត់​មិន​សុខ​ចិត្ត​នោះ​ទេ ប្រសិន​បើ​អាជ្ញាធរ​មិន​ព្រម​ផ្តល់​យុត្តិធម៌​ជូន​រូប​គាត់​តាម​រយៈ​ការ​ផ្តល់​សំណង​ជំងឺ​ចិត្ត ដើម្បី​យក​មក​ព្យាបាល​របួស​ត្រង់​ភ្នែក​ដែល​គាត់​កំពុង​បារម្ភ​ថា ខ្លាច​ពិការ​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។