Opens in new windowមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ថ្លែងឲ្យដឹងថា ជនភៀសខ្លួនម្នាក់ក្នុងចំណោម ៤នាក់ ស្នើសុំចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសភូមា វិញ។ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែកញ្ញា នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និយាយថា ជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) ដែលមិនចង់បន្តរស់នៅប្រទេសកម្ពុជា នោះ ព្រោះគេនឹកស្រុកកំណើត។ ចំណែកសង្គមស៊ីវិលដែលតែងតែប្រឆាំងការទទួលយកជនភៀសខ្លួន ថានេះជាសារមួយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា មិនមែនជាកន្លែងដែលជនភៀសខ្លួនចង់រស់នៅឡើយ។
រដ្ឋាភិបាលកម្ពុជា នឹងធ្វើតាមការស្នើសុំជនភៀសខ្លួន ព្រោះការស្នើសុំ គឺជាសិទ្ធិ ហើយរដ្ឋាភិបាលមិនប្រឆាំងការសម្រេចនោះឡើយ ប៉ុន្តែគេមិនទាន់កំណត់ពេលជាក់លាក់ នៃការបញ្ជូនត្រឡប់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការស្នើសុំទៅប្រទេសកំណើតរបស់បុរសជនជាតិរ៉ូហ៊ីងយ៉ា គឺជាការស្ម័គ្រចិត្តរបស់គេ និងស្របទៅនឹងកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ថាប្រសិនបើជនភៀសខ្លួនស្នើទៅប្រទេសកំណើតវិញ កម្ពុជា នឹងធ្វើតាមសំណើ។ លោក ខៀវ សុភ័គ បន្តទៀតថា ការនឹកស្រុកកំណើតជាសារជាតិរបស់មនុស្សទូទៅ ប៉ុន្តែលោកថា ការស្នើសុំនេះជារឿងប្លែកសម្រាប់ជនភៀសខ្លួន៖ «យើងទើបតែដឹងថាគាត់ (ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា) សុំទៅប្រទេសភូមា វិញ ប្រហែលគាត់នឹកស្រុកគាត់។ បាទ! គ្មានអីក្រៅពីគោរពសិទ្ធិ»។
សំណើរបស់ជនភៀសខ្លួននៅពេលនេះ បន្ទាប់កាលពីពេលថ្មីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និយាយថា នៅពេលនេះ កម្ពុជា មិនមានគម្រោងទទួលយកជនភៀសខ្លួនបន្ថែមទេ។ ទាក់ទងរឿងនេះដែរ លោក ខៀវ សុភ័គ បញ្ជាក់ថា ព្រោះនៅក្នុងពេលនេះ ជនភៀសខ្លួនទាំង ៤នាក់ មិនទាន់ចូលរស់នៅក្នុងសង្គមកម្ពុជា ពេញលេញនៅឡើយ៖ «អ្នកទាំងបួននាក់នោះ គាត់ (ជនភៀសខ្លួនទាំងបួននាក់) មិនទាន់បានចូលក្នុងសង្គមទេ យើងមិនទាន់មានគម្រោងទទួលបន្ថែម ចាំអ្នកទាំងបួននោះចូលក្នុងសង្គមពេញលេញសិន។ ពួកគាត់រស់នៅស្រួលបួលទេ មានសេរីដើរហើរ មានសេរីភាពទាក់ទង»។
កាលពីខែមិថុនា ឆ្នាំ២០១៥ ជនភៀសខ្លួនចំនួន ៤នាក់ រួមមាន ជនជាតិអ៊ីរ៉ង់ (Iran) ៣នាក់ និងម្នាក់ទៀតជាជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី បញ្ជូនពីជំរំនៅលើកោះណាវរូ (Nauru) មកកម្ពុជា តាមរយៈអនុស្សរណៈស្ដីពីជនភៀសខ្លួន។ ស្របគ្នានោះ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ប្រមាណ ៣០លានដុល្លារសហរដ្ឋអាមេរិក។
ដំណាលគ្នានោះដែរ សង្គមស៊ីវិល និងគណបក្សប្រឆាំង ជំទាស់ការទទួលយកនេះ ដោយលើកឡើងពីស្ថានភាពកម្ពុជា នៅពេលនេះ មិនទាន់មានលទ្ធភាពទទួលយកជនភៀសខ្លួននៅឡើយ ខណៈដែលពលរដ្ឋកម្ពុជា នៅតែបន្តជួបប្រទះបញ្ហាដីធ្លី និងលំនៅឋាន។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ហៅការសម្រេចចិត្តរបស់ជនភៀសខ្លួននៅពេលនេះថា គេពិបាករស់នៅប្រទេសកម្ពុជា ជាងប្រទេសភូមា ដែលគេព្យាយាមរត់ចេញនោះទៀត។ លោកបន្តថា នេះក៏ជាសារប្រាប់ទៅជនភៀសខ្លួនផ្សេង ពិបាកសម្រេចចិត្តមករស់នៅប្រទេសកម្ពុជា៖ «ខ្ញុំគិតថា គាត់ពិបាករស់នៅពេលមកដល់ប្រទេសកម្ពុជា ក្នុងពេលដំបូងចឹង បានជាគាត់ស្នើសុំទៅភូមា វិញ ប្រហែលជាគាត់គិតថា ប្រទេសភូមា ស្រួលរស់នៅមានលក្ខណៈល្អជាងផ្ទះសុវត្ថិភាព»។
កាលពីថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា គម្រោងទស្សនកិច្ចរបស់ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី ស្ដីពីគម្រោងពិភាក្សាពីកិច្ចព្រមព្រៀងស្ដីពីជនភៀសខ្លួន នៅដើមខែកញ្ញា នេះ នឹងត្រូវពន្យារពេលវិញ ដោយសារពេលវេលាមិនអនុគ្រោះរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយចុះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅតែអះអាងថា រដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលជំហរទទួលយកជនភៀសខ្លួនដដែល ប្រសិនពួកគេស្ម័គ្រចិត្តមករស់នៅប្រទេសកម្ពុជា។
ចាប់តាំងពីជនភៀសខ្លួនទាំង ៤នាក់ មករស់នៅប្រទេសកម្ពុជា ជិត ៤ខែមកនេះ ត្រូវក្រសួងមហាផ្ទៃ រៀបចំឲ្យស្នាក់នៅបណ្ដោះអាសន្នក្នុងផ្ទះវិឡាមួយកន្លែង ព័ទ្ធជុំជិតដោយរបងខ្ពស់ៗ ស្ថិតនៅខណ្ឌច្បារអំពៅ ជាយក្រុងភ្នំពេញ។ នៅទីនោះមានការយាមកាមយ៉ាងតឹងតែងពីក្រុមសន្តិសុខ ពុំអនុញ្ញាតអ្នកដទៃ អ្នកសារព័ត៌មាន ឬអ្នកគ្មានតួនាទីចូលនោះទេ។ ប៉ុន្តែយូរៗម្ដង ជនភៀសខ្លួនទាំងនោះអាចចេញមកក្រៅប្រាស្រ័យទាក់ទងជាមួយពលរដ្ឋខ្មែរក្បែរគ្នានោះដែរ។
ចាប់តាំងពីជនភៀសខ្លួនទាំង ៤នាក់ មករស់នៅប្រទេសកម្ពុជា ជិត ៤ខែមកនេះ ពួកគាត់ត្រូវក្រសួងមហាផ្ទៃ រៀបចំឲ្យស្នាក់នៅបណ្ដោះអាសន្នក្នុងផ្ទះវីឡាមួយកន្លែង ព័ទ្ធជុំជិតដោយរបងខ្ពស់ៗស្ថិតនៅខណ្ឌច្បារអំពៅ ជាយក្រុងភ្នំពេញ។ នៅទីនោះ មានការយាមកាមយ៉ាងតឹងតែងពីក្រុមសន្តិសុខ ពុំអនុញ្ញាតឲ្យអ្នកដទៃ អ្នកសារព័ត៌មាន ឬអ្នកគ្មានតួនាទី ចូលនោះទេ ប៉ុន្តែយូរៗម្តង ជនភៀសខ្លួនទាំងនោះ អាចចេញមកក្រៅប្រាស្រ័យទាក់ទងជាមួយពលរដ្ឋខ្មែរក្បែរគ្នានោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
