
ទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលហៅកាត់ថា យូ.អេស.អេ.អាយ.ឌី (USAID) បានផ្ដល់គម្រោងឲ្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ ចុះទៅបង្រៀន និងបណ្ដុះបណ្ដាលអ្នកភូមិនៅទីជនបទដាច់ស្រយាល នៃឃុំភ្នំត្បែង២ ស្រុកគូលែន ឲ្យយល់ដឹងអំពីសិទ្ធិមនុស្ស និងការតស៊ូមតិនានាទៅតាមផ្លូវច្បាប់។
ការផ្ដល់មូលនិធិឲ្យបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសិទ្ធិមនុស្សនេះ ដោយសារតែគេមើលឃើញថា ប្រជាពលរដ្ឋជាច្រើននៅមិនទាន់ស្គាល់អំពីសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ ហើយតំបន់ទាំងនោះជាតំបន់ដាច់ស្រយាល ក៏តែងទទួលរងការរំលោភសិទ្ធិមនុស្សជាញឹកញាប់ដែរ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ រកឃើញថា ឃុំភ្នំត្បែងពីរ នៃស្រុកគូលែន គឺជាតំបន់ដាច់ស្រយាលមួយក្នុងចំណោមតំបន់ខ្លះទៀត ដែលមានការរំលោភសិទ្ធិមនុស្សជាញឹកញាប់ក្នុងពេលបច្ចុប្បន្ន។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ គឺលោក ឡោ ចាន់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៥ ខែតុលា ថា អង្គការរបស់លោកមានគម្រោងចុះទៅបង្រៀនស្ដីពីសិទ្ធិអំណាចរបស់សហគមន៍ និងសិទ្ធិមនុស្សនៅក្នុងឃុំភ្នំត្បែងពីរ នៃស្រុកគូលែន ចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី៥ ខែតុលា តទៅ។ គម្រោងបង្រៀនដែលមានការឧបត្ថម្ភពីទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នោះ នឹងអប់រំសហគមន៍ប្រជាពលរដ្ឋក្នុងភូមិចំនួន៤ ឲ្យយល់ដឹងអំពីអំណាចវិមជ្ឈការ ការយល់ដឹងអំពីសេវាសាធារណៈ សិទ្ធិដីធ្លី និងការតស៊ូមតិតាមផ្លូវច្បាប់ ជាដើម។ មន្ត្រីអាដហុក ខេត្តព្រះវិហារ ដដែលឲ្យដឹងថា នៅឃុំភ្នំត្បែងពីរ នៃស្រុកគូលែន នេះ គឺប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ឧស្សាហ៍ទទួលរងការរំលោភសិទ្ធិមនុស្ស ដោយសាររឿងទំនាស់ដីធ្លី ដូចជាមានក្រុមហ៊ុនបរទេស និងអ្នកមានអំណាចទៅរំលោភបំពានជាញឹកញាប់៖ «តំបន់នេះឃើញថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុនបានបោះបង្គោលទៅលើដីធ្លីស្រែចម្ការរបស់ពួកគាត់ ដែលធ្វើឲ្យមានផលប៉ះពាល់មួយចំនួន»។
ប្រជាពលរដ្ឋមកពីភូមិចំនួន៤ គឺភូមិបរិបូរណ៍ ភូមិស្រឡៃ ភូមិក្ដាក់ និងភូមិឈូក ឲ្យដឹងថា ពួកគេចង់យល់ដឹងអំពីសិទ្ធិមនុស្ស និងការតស៊ូមតិឲ្យច្បាស់លាស់ ដើម្បីប្រើសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់ ការពារដីស្រែចម្ការដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន តែងប៉ុនប៉ងរំលោភយក។
តំណាងសហគមន៍ក្ដាក់ លោក គង់ យួន មានប្រសាសន៍ថា ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋក្នុងភូមិរបស់លោក និងភូមិផ្សេងទៀតប្រមាណ ៤០០គ្រួសារ កំពុងមានភាពចម្រូងចម្រាសខ្លាំងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនសេលា ដាមិច ហើយបញ្ហាទាំងនេះ កំពុងបង្កើតឲ្យមានការរំលោភសិទ្ធិធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋ៖ «ដោយសារអ្នកដឹកនាំថ្នាក់ក្រោមហ្នឹង គឺមិនសូវយកចិត្តទុកដាក់ មិនសូវគោរពច្បាប់ទម្លាប់ មិនសូវគោរពសិទ្ធិ និងតួនាទីរបស់ប្រជាពលរដ្ឋ»។
មេឃុំភ្នំត្បែងពីរ លោក ប៉ោយ ទុំ ទទួលស្គាល់ថា ការរំលោភសិទ្ធិមនុស្សពីសំណាក់អ្នកមានអំណាច មិនមែនតែលើប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកប៉ុណ្ណោះទេ សូម្បីតែរូបលោកដែលជាមេឃុំ ក៏ធ្លាប់ទទួលរងការគាបសង្កត់ និងគំរាមកំហែងដែរ នៅពេលណាដែលលោកចូលរួមជាមួយប្រជាពលរដ្ឋ ដើម្បីតវ៉ាបញ្ហាទំនាស់ដីធ្លីប្រឆាំងនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចម្ដងៗនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។