អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែលជាប្រទេសម្ចាស់ជំនួយ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងប្រទេសជាសមាជិកអាស៊ាន ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងសកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី យ៉ោម បុប្ផា។
សេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ដែលមានមូលដ្ឋានក្នុងទីក្រុងញីវយ៉ក (New York) សហរដ្ឋអាមេរិក ផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមិថុនា បានអោយដឹងថា ការចោទប្រកាន់ចាប់លោកស្រី យ៉ោម បុប្ផា ដាក់គុក គឺអាចជាប់ពាក់ព័ន្ធនឹងការតស៊ូរបស់លោកស្រី ដើម្បីទាមទារដោះលែងសកម្មជនបឹងកក់ និងបុរីកីឡា ចំនួន ១៥នាក់ពីពន្ធនាគារ។
នាយករងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី អ៊ីសាប៊ែល អារ៉ាដុន (Isabelle Arradon) មានប្រសាសន៍តាមរយៈសេចក្ដីថ្លែងការណ៍នោះថា លោកស្រី យ៉ោម បុប្ផា ស្ថិតក្នុងចំណោមអ្នកការពារសិទ្ធិមនុស្ស ដែលត្រូវធ្វើទុក្ខបុកម្នេញនៅក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ។ លោកស្រីបន្តថា រឿងក្ដីនេះជាឧទាហរណ៍មួយទៀតដែលបង្ហាញថា តុលាការត្រូវគេប្រើប្រាស់ដើម្បីគំរាមកំហែងលើអ្នកការពារសិទ្ធិមនុស្ស៖ «យើងសង្ឃឹមថា ដៃគូអភិវឌ្ឍន៍របស់កម្ពុជា និងអ្នកពាក់ព័ន្ធហ្នឹង ហើយចូលរួមជាមួយយើងក្នុងការគាំទ្រសកម្មភាពអ្នកសហគមន៍បឹងកក់ ដែលទាមទារដោះលែងលោកស្រី យ៉ោម បុប្ផា»។
គិតត្រឹមថ្ងៃទី៤ ខែមិថុនា លោកស្រី យ៉ោម បុប្ផា បានជាប់ពន្ធនាគារចំនួន ២៧៤ថ្ងៃហើយ បន្ទាប់ពីត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់អោយមានទោស ៣ឆ្នាំ និងពិន័យជាប្រាក់ ៦០លានរៀលពីបទប្រើអំពើហិង្សាលើបុរស ២នាក់ជាអ្នករត់ម៉ូតូឌុប។
សេចក្ដីថ្លែងការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ធ្វើឡើង ២ថ្ងៃមុនពេលសាលាឧទ្ធរណ៍គ្រោងបើកសវនាការលើបណ្ដឹងទាស់របស់លោកស្រី យ៉ោម បុប្ផា នៅថ្ងៃពុធ ទី៥ ខែមិថុនា។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីមន្ត្រីអ្នកនាំពាក្យទីស្ដីការការគណៈរដ្ឋមន្ត្រី និងអង្គភាពប្រតិកម្មរហ័សបានទេ នៅរសៀលថ្ងៃអង្គារ ទី៤ ខែមិថុនា។
កាលពីថ្ងៃទី១៩ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ការលើកឡើងណាមួយថាការចាប់ខ្លួនស្ត្រីម្នាក់នៅតំបន់បឹងកក់ ជាការកើតចេញពីរឿងតវ៉ារឿងដីធ្លីនោះ លោកថាជារឿងមិនយុត្តិធម៌សម្រាប់រាជរដ្ឋាភិបាល៖ «ប៉ិនសំណុំរឿងខ្លះ វាទៅជាសំណុំរឿងអយុត្តិធម៌មកចំពោះរដ្ឋាភិបាល ស្រីបឹងកក់ ម្នាក់នេះវ៉ៃគេសោះហ្នឹង ត្រូវបានគេដាក់ថាសកម្មជនដីធ្លីនៅបឹងកក់។ ឥឡូវវាប៉ះទង្គិចរវាងឮថាឃើញសារព័ត៌មានចុះផ្សាយប៉ះទង្គិចរវាងក្រុមម្ខាង ទាមទារដោះស្រីហ្នឹង និងក្រុមម្ខាងទៀតទាមទារឲ្យកាត់ទោសស្រីហ្នឹង។ ក្រុមម្ខាងហ្នឹង គឺក្រុមម៉ូតូឌុប វ៉ៃគេជាប់ទោសព្រហ្មទណ្ឌ វាក្លាយទៅជាសកម្មជនដីធ្លី វាទៅជាអ៊ីចេះទៅរួច»។
នៅក្នុងការទាមទារដើម្បីដោះលែងលោកស្រី យ៉ោម បុប្ផា ពលរដ្ឋនៅក្នុងសហគមន៍មានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ ជាពិសេសអ្នកបឹងកក់ បុរីកីឡា និងថ្មគោល ជាដើម បានធ្វើយុទ្ធនាការស្ទើររៀងរាល់ថ្ងៃ ដោយដាក់សំណើទៅស្ថាប័នពាក់ព័ន្ធក្នុងស្រុក និងស្ថានទូតបណ្ដាប្រទេសម្ចាស់ជំនួយសំខាន់ៗផង។
នៅថ្ងៃទី៥ ខែមិថុនា ដែលសាលាឧទ្ធរណ៍បើកសវនាការសំណុំរឿងក្ដីនេះ តំណាងសហគមន៍មានបញ្ហាដីធ្លីចំនួន២០ គ្រោងនឹងទៅតវ៉ានៅខាងមុខសាលាឧទ្ធរណ៍ ដើម្បីស្នើអោយមានការកាត់ក្ដីយុត្តិធម៌សម្រាប់លោកស្រី យ៉ោម បុប្ផា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
