ក្រសួងមហាផ្ទៃ ចាត់ទុកថា ការចងបដាដែលមានរូបមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លីកំពុងជាប់ឃុំ គឺផ្ទុយនឹងច្បាប់ ដូច្នេះអាជ្ញាធរតាមខេត្តផ្សេងៗ នឹងចុះរុះរើបដារូបទាំងអស់នោះ បន្ទាប់ពីអាជ្ញាធរខេត្តកោះកុង បានធ្វើរួចរាល់មុនគេ។ រីឯមន្ត្រីសិទ្ធិមនុស្សថា ប្រសិនបើអាជ្ញាធរបន្តចុះរុះរើបដាទៀតនោះ គឺបង្ហាញថា រដ្ឋាភិបាលកម្ពុជា កំពុងតែយាយី និងគំរាមកំហែងសិទ្ធិសេរីភាពសម្ដែងមតិ។
ក្រៅតែពីចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប គឺលោក នី ចរិយា និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារហើយនោះ ពេលនេះសូម្បីតែបដារូបថតរបស់ពួកគេទាំង ៦នាក់ ក៏អាជ្ញាធរមិនលើកលែងឲ្យមានសេរីភាពដែរ ពោលគឺអាជ្ញាធរនឹងបើកយុទ្ធនាការចុះរុះរើដកហូតបដានោះទាំងអស់ ដោយចាប់ផ្ដើមពីខេត្តកោះកុង មុនគេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងមិនបានបញ្ជាទេ ប៉ុន្តែអាជ្ញាធរនៅតាមខេត្តផ្សេងៗ នឹងចុះដកហូតបដារូបទាំងនោះដូចនៅខេត្តកោះកុង ដែរ គ្រាន់តែខេត្តខ្លះមិនទាន់ធ្វើប៉ុណ្ណោះ។ លោកថា ការចងបដារូបថត ហើយទាមទារឲ្យដោះលែងអ្នកទាំង ៦រូបនោះ គឺផ្ទុយនឹងច្បាប់របស់កម្ពុជា៖ «ជាប់នីតិវិធីរបស់តុលាការហើយ វាត្រូវធ្វើការកាត់ទោសដែលមានការប្ដឹងផ្ដល់គ្នាពីរបីថ្នាក់ដោយចាប់ពីសាលាដំបូង រហូតដល់តុលាការកំពូល។ ពេលតុលាការកំពូលចេញដីកាជាស្ថាពរអីហើយ គឺចូលជាទណ្ឌិតហើយ ដូច្នេះអាចលើកលែងបានក្នុងករណីមានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ។ នេះគឺជាច្បាប់របស់យើង។ ដូច្នេះការលើកបដាអីផ្សេងនៅតាមទីឯកជនក្តី តាមទីសាធារណៈក្តី គឺជាអំពើមួយដែលខុសពីការបញ្ចេញមតិ ដែលវាផ្ទុយនឹងច្បាប់របស់កម្ពុជា»។
ការលើកឡើងបែបនេះ បន្ទាប់ពីអាជ្ញាធរខេត្តកោះកុង បានចុះដកហូតបដាដែលចងនៅខាងមុខទីស្នាក់ការសមាគមអាដហុក អង្គការលីកាដូ (LICADHO) និងទីស្នាក់ការអង្គការមាតាធម្មជាតិ ព្រមទាំងបានចុះទៅដកហូតបដានៅតាមលំនៅឋានរបស់ប្រជាសហគមន៍មានជម្លោះដីធ្លីក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល កាលពីថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា។
អធិការនគរបាលក្រុងខេមរភូមិន្ទ ស្ថិតក្នុងខេត្តកោះកុង លោក មិន រស្មី អះអាងថា ការចុះរុះរើបដាទាំងនេះ ពីព្រោះអង្គការ និងសហគមន៍ទាំងនោះមិនបានសុំការអនុញ្ញាត និងដោយសារមានប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ពាក្យប្ដឹង។ លោក មិន រស្មី បន្តថា ប្រជាពលរដ្ឋនៅជុំវិញនោះបារម្ភខ្លាចប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដោយសារតែបដាមួយនោះ ហើយក៏មានការចាក់សំឡេងទាមទារឲ្យដោះលែងអ្នកកំពុងជាប់ឃុំទាំងនោះតាមប្រព័ន្ធបំពងសំឡេងដែលបង្កការរំខានទៀតផង៖ «ខ្ញុំធ្វើការមានគោលការណ៍ពីថ្នាក់លើ តែខ្ញុំសូមមិនជម្រាបពីថ្នាក់លើកម្រិតណាទេ។ម្យ៉ាងទៀត យោងតាមសំណូមពររបស់ប្រជាពលរដ្ឋដែលប្ដឹងរាយការណ៍មកខ្ញុំថា គាត់មិនអាចទទួលយកបានដាច់ខាតនៅទង្វើបែបនេះ។ ទី១ បង្កអោយមានអសន្តិសុខ អត់សណ្ដាប់ធ្នាប់ជុំវិញផ្ទះគាត់ ទី២ គាត់មិនអាចទទួលយកខ្លឹមសារដែលខុសពីការពិតដែលសរសេរថា ទាមទារដោះលែងអ្នកសិទ្ធិមនុស្សដែលគាត់និយាយថា ស្រុកយើងអត់មានចាប់អ្នកសិទ្ធិមនុស្សដាក់គុកទេ អ៊ីចឹងគាត់សរសេររបៀបនេះ គឺប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់អាជ្ញាធរ ឬក៏រាជរដ្ឋាភិបាលដែលគាត់គាំទ្រ ដែលគាត់ពេញចិត្ត»។
ទោះយ៉ាងណា ប្រជាពលរដ្ឋម្នាក់ដែលរស់នៅជិតទីស្នាក់ការអង្គការលីកាដូ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង អះអាងថា គាត់មិនបានប្ដឹងអាជ្ញាធរ ហើយក៏មិនដែលឮអង្គការទាំងនោះចាក់មេក្រូទាមទារឲ្យដោះលែង ដែលបង្កការរំខានដល់ពលរដ្ឋដែរ។
បដាដែលអាជ្ញាធរដកហូតនោះ មានសរសេរអក្សរថា សូមដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង ៥នាក់ ដែលភ្ជាប់ដោយរូបថតអ្នកការពារសិទ្ធិមនុស្សអាដហុក ៤រូប មានអ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និងរូបអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ព្រមទាំងមានរូបអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ផង ហើយក៏មានការរាប់ចំនួនថ្ងៃនៃការឃុំខ្លួនអ្នកទាំង ៦នាក់នោះដែរ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ញៀប សំអឿន និងមន្ត្រីសម្របសម្រួលរបស់អង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត បានប្រតិកម្មចំពោះសម្ដីរបស់អាជ្ញាធរថា សូមឲ្យអាជ្ញាធរមានក្រមសីលធម៌ក្នុងការនិយាយស្តី ដោយកុំយកលេសទម្លាក់កំហុសទៅលើប្រជាពលរដ្ឋ ព្រោះអង្គការរបស់លោកមិនដែលបានចាក់សំឡេងតាមមេក្រូបង្កការរំខានដល់ពលរដ្ឋមួយនាទីណាឡើយ។
លោក អ៊ិន គង់ជិត លើកឡើងថា នៅលើបដានោះគ្មានចំណុចណាមួយដែលបង្ហាញថា នាំឲ្យមានចលាចល ឬខូចសណ្ដាប់ធ្នាប់ឡើយ ហើយក៏គ្មានច្បាប់ណាមួយតម្រូវឲ្យអង្គការរបស់ពួកលោកទៅសុំច្បាប់ពីអាជ្ញាធរ ដោយគ្រាន់តែចងបដានោះដែរ។ លោកថា ការចោទរបស់អាជ្ញាធរមិនអាចទទួលយកបានឡើយ៖ «គាត់និយាយបំផ្លើសទេ អត់ដែលចាក់មេក្រូអីទេ អត់មានទាល់តែសោះ។ យើងឃើញថា ប្រជាពលរដ្ឋគាត់មិនពេញចិត្ត គាត់មកហែក ឬក៏គាត់មកសំណូមពរឲ្យពួកយើងដោះចេញ តែប្រជាពលរដ្ឋរាល់ថ្ងៃ គាត់មានតែមករកសេវាផ្លូវច្បាប់នៅទីស្នាក់ការអង្គការរបស់ខ្ញុំ»។
រីឯអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC ) លោក សំ ច័ន្ទគា មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរបន្តចុះរុះរើបដាទៀតនោះ គឺមតិជាតិ និងអន្តរជាតិ មើលឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជា កំពុងតែយាយី និងគំរាមកំហែងសិទ្ធិបញ្ចេញមតិ។ លោកថា កន្លងមក នៅពេលមានការជួបជុំ ឬប្រមូលផ្តុំនោះ រដ្ឋាភិបាលចាត់ទុកថាប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ តែដល់ពេលឥឡូវ គ្រាន់តែពលរដ្ឋសម្ដែងមតិដោយទន់ភ្លន់តាមរយៈការចងបដាតាមអង្គការ និងតាមលំនៅឋាន ហើយបែរជាចោទថាប៉ះពាល់ដែរនោះ គឺមានន័យថាសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា កំពុងឈានទៅរកការបំបិទទាំងស្រុង៖ «ជាការពិតហើយវានៅនីតិវិធីរបស់តុលាការ ហើយការសំណូមពរនេះ គឺមិនបានចង្អុលបង្ហាញថា ទៅអ្នកនេះ ឬអ្នកនោះទេ ពោលគឺស្ថាប័នណាក៏ដោយដែលមានអំណាចដោះស្រាយក្នុងរឿងនេះ គឺយើងសំណូមពរអោយគេធ្វើការដោះលែង។ ការដោះលែងគឺមានតាមនីតិវិធីជាច្រើនប្រភេទ គេអាចដោះលែងឲ្យនៅក្រៅឃុំ គេលើកលែងការចោទប្រកាន់ ឬមួយគេសម្រេចសេចក្ដី ហើយស្នើទៅព្រះមហាក្សត្រដើម្បីដោះលែង។ ដូច្នេះអ្វីដែលអាជ្ញាធរនិយាយនេះ គ្រាន់តែជាលេសបិទបាំងនូវការឈ្នានីសរុកកួនទៅលើសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ»។
បដាទាំងនេះត្រូវបានអង្គការសមាគមប្រមាណ ៥០ ស្ម័គ្រចិត្តយកទៅចងនៅមុខទីស្នាក់ការរបស់គេរៀងៗខ្លួននៅតាមខេត្ត-ក្រុងនានាជាង ៣ខែមកហើយ ដើម្បីស្វែងរកការដោះលែងសកម្មជនដីធ្លីតំបន់បឹងកក់ម្នាក់ និងមន្ត្រីសិទ្ធិមនុស្ស ៥នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារជាងមួយឆ្នាំមកហើយ ដោយគ្មានការកាត់ទោសចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ រហូតមក ក្រោមបទចោទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយ។
ចំពោះការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង ៥រូបនេះ សហភាពអឺរ៉ុប ក្នុងស្រុក ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៤ ខែឧសភា នេះ ដោយលើកឡើងថា វាមានសារសំខាន់ណាស់ដែលសិទ្ធិរបស់បុគ្គលទាំង ៥រូបនេះ ត្រូវបានគោរពដោយពេញលេញ ហើយរាល់ការរំលោភបំពានសិទ្ធិណាមួយរបស់ពួកគេ ក្រោមច្បាប់កម្ពុជា និងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជា ជាហត្ថលេខី ត្រូវទទួលបានការដោះស្រាយដោយសមស្រប។
កាលពីពេលថ្មីៗនេះដែរ ក្រុមការងារនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានបញ្ហានៃការឃុំខ្លួនតាមទំនើងចិត្ត បានចាត់ទុកថា ការឃុំខ្លួននោះ គឺជាការឃុំខ្លួនតាមទំនើងចិត្ត និងបានអំពាវនាវឲ្យដោះលែងពួកគេជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។