សង្គម​ស៊ីវិល​ថ្កោលទោស​ការ​បង្ក្រាប​ដោយ​បាញ់​ទឹក​របស់​ក្រុម​ប៉ូលិស

អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ស្ត្រី និង​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ថ្លែង​ការណ៍​ជា​សាធារណៈ​ប្រឆាំង​នឹង​ការ​បង្ក្រាប​ដោយ​បាញ់​ទឹក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ដោយ​ចាត់​ទុក​ទង្វើ​នោះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​ក្នុង​ការ​តវ៉ា​របស់​ពលរដ្ឋ។ ប៉ុន្តែ​ក្រុម​អាជ្ញាធរ​នៅ​តែ​អះអាង​ថា ការ​បង្ក្រាប​នៅ​ពេល​នោះ គឺ​ដើម្បី​រក្សា​ការពារ​សិទ្ធិ​ពលរដ្ឋ​ដទៃ​ទៀត។

0:00 / 0:00

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ការ​បង្ក្រាប​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ទៅ​លើ​ការ​តវ៉ា​របស់​ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ ថ្មគោល និង​សហគមន៍​បុរីកីឡា កាល​ពី​ថ្ងៃ​ទី២៩ ខែ​ឧសភា ថា​ពុំ​បាន​ដើរ​តាម​លំអាន​ប្រជាធិបតេយ្យ ដែល​យក​សិទ្ធិ​ពលរដ្ឋ​ជា​ធំ ដោយ​រួម​ទាំង​ធ្វើ​ការ​ទាមទារ​សិទ្ធិ​ដោយ​អហិង្សា​ផង។

បណ្ដាញ​អង្គការ​ធ្វើ​ការងារ​លើក​ស្ទួយ​សិទ្ធិ​ស្ត្រី ដែល​រួម​មាន​អង្គការ​ជាង​២០ គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ប្រកាស​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​មិន​គួរ​បន្ត​គេចវេះ​មិន​ផ្ដល់​ដំណោះស្រាយ​ដល់​អ្នក​តវ៉ា ហើយ​បែរ​ជា​ចាត់​វិធាន​ការ​បំបែក​ពួក​គាត់ រហូត​ធ្វើ​អោយ​អ្នក​តវ៉ា ៣​នាក់​បាន​សន្លប់ និង​មួយ​ចំនួន​ទៀត​រង​របួស​ឡើយ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែ​ឧសភា អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ដោយ​ទទូច​អោយ​រដ្ឋាភិបាល​ងាក​មក​ផ្ដល់​ដំណោះស្រាយ​ដល់​អ្នក​តវ៉ា​រឿង​ដី​ធ្លី និង​បញ្ឈប់​រាល់​អំពើ​ហិង្សា​ទៅ​លើ​ពួក​គាត់ ដើម្បី​ស្ដារ​មុខ​មាត់​រដ្ឋាភិបាល ទាំង​ក្នុង​ស្រុក និង​នៅ​លើ​ឆាក​អន្តរជាតិ។ ដ្បិត​រដ្ឋាភិបាល​តែង​អះអាង​ថា ប្រកាន់​លទ្ធិប្រជាធិបតេយ្យ។

ចំណែក​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​នាវ​អោយ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​រាល់​អំពើ​ហិង្សា​ដែល​បាន​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ ចំពោះ​អ្នក​តវ៉ា​រឿង​ដី​ធ្លី នៅ​ពេល​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។ ជាមួយ​គ្នា​នេះ ក៏​បាន​ជំរុញ​អោយ​រដ្ឋាភិបាល​បញ្ឈប់​រាល់​អំពើ​ហិង្សា​គ្រប់​ទម្រង់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា រួម​ទាំង​ក្រុម​កម្មករ​ដែល​កំពុង​ទាមទារ​សិទ្ធិ​របស់​ពួក​គេ ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ផង។

សេចក្តី​ថ្លែង​ការណ៍​ប្រឆាំង​អំពើ​ហិង្សា​ទាំង​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អ្នក​តវ៉ា​ប្រមាណ ២០០​នាក់ កាល​ពី​ថ្ងៃ​ទី២៩ ឧសភា បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​មហាវិថី​ព្រះមុនីវង្ស នៅ​ចំណុច​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ថ្មី លោក ប៉ា សុជាតិវង្ស ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់ ជាមួយ​ក្រុមហ៊ុន​ដែល​បាន​អូស​បន្លាយ​ប្រមាណ ៥​ឆ្នាំ​ទៅ​ហើយ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បំបែក​ក្រុម​អ្នក​តវ៉ា​ដោយ​ប្រើ​រថយន្ត​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ចំនួន ៣​គ្រឿង បាញ់​សន្ធាប់​ទៅ​លើ​ពួក​គាត់ បណ្ដាល​ឲ្យ​ស្ត្រី ៣​នាក់​សន្លប់​នៅ​នឹង​កន្លែង និង​មាន​ស្ត្រី​ជា​ច្រើន​នាក់​ទៀត​បាន​របូត​សម្លៀកបំពាក់។

យ៉ាង​ណា ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​អះអាង​ថា ការ​បង្ក្រាប​នៅ​ពេល​នោះ គឺ​ដើម្បី​រក្សា​ការពារ​សិទ្ធិ​ពលរដ្ឋ​ដទៃ​ទៀត។ លោក ជួន សុវណ្ណ ពុំ​អធិប្បាយ​ឡើយ​ចំពោះ​ការ​បង្ក្រាប​ដែល​ធ្វើ​អោយ​មាន​ស្ត្រី​អ្នក​តវ៉ា​បាន​របូត​សម្លៀកបំពាក់។

មន្ត្រី​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​លើក​ហេតុ​ផល​ប្រហាក់​ប្រហែល​នឹង​លោក ជួន សុវណ្ណ ដែរ និង​បញ្ជាក់​ថា អ្នក​តវ៉ា​ត្រូវ​គិតគូរ​អោយ​បាន​ច្បាស់​ពី​ផល​ប៉ះពាល់​នានា ដែល​កើត​ចេញ​ពី​ការ​តវ៉ា រួម​ទាំង​ការ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ផង។

ស្ត្រី​ចំណាស់ ង៉ែត ឃុន ដែល​ជា​អ្នក​ភូមិ​បឹងកក់ មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី៣០ ឧសភា ថា ពួក​គាត់​ពុំ​ចង់​បាន​អ្វី​ក្រៅ​ពី​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ជា​ពិសេស​តំបន់​បឹងកក់ បុរីកីឡា និង​ថ្មគោល ឡើយ។ លោកស្រី​បន្ត​ថា ការ​បង្ក្រាប​នៅ​ពេល​នេះ កំពុង​បញ្ឆេះ​កំហឹង​ពួក​គាត់​អោយ​ស៊ូ​ស្លាប់​ដើម្បី​ទាមទារ​សិទ្ធិ​ដីធ្លី​ផ្ទះ​សម្បែង។

កន្លង​ទៅ អ្នក​បឹងកក់ បាន​ទាមទារ​អោយ​បោះ​ព្រំ​ដី​បញ្ចូល​អ្នក​ភូមិ ៤៨​គ្រួសារ​ទៀត ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ផ្ដល់​ប្លង់​កម្មសិទ្ធិ​អោយ​ពលរដ្ឋ​នៅ​សេសសល់​អោយ​គ្រប់​ចំនួន កសាង​ប្រព័ន្ធ​លូ​បណ្ដោះ​ទឹក​ចេញ​ពី​ភូមិ និង​ពិសេស​ផ្ដល់​យុត្តិធម៌​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា។ ចំណែក​អ្នក​បុរីកីឡា និង​សហគមន៍​ថ្មគោល បាន​ទាមទារ​ដំណោះស្រាយ​សមរម្យ​ដល់​ពួក​គាត់ ក្នុង​ពេល​បណ្ដេញ​ចេញ។ ក្នុង​គ្រា​ពលរដ្ឋ​ជាង ១០០​គ្រួសារ កំពុង​រស់នៅ​លើ​គំនរ​សំរាម​ក្រោយ​ពេល​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​បំផ្លាញ​ផ្ទះ​សម្បែង និង ១៨២​គ្រួសារ​ក្នុង​សហគមន៍​ថ្មគោល ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។