សហគមន៍បុរីកីឡា មិនបានប្រមូលផ្ដុំគ្នាច្រើនដូចសព្វដងដើម្បីរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) សប្ដាហ៍ទី៤៦ នោះទេ ប៉ុន្តែពួកគេបានសម្រេចនាំគ្នាថតរូបបង្ហោះជំនួសវិញដើម្បីផ្ញើសារទៅកាន់រដ្ឋាភិបាលឱ្យដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លីដែលត្រូវបានតុលាការឃុំខ្លួនទាំងអយុត្តិធម៌។ ដោយឡែកសហគមន៍បឹងកក់ វិញ បានផ្អាកការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៦ ជាថ្មី ដោយសារជាប់រវល់នឹងកិច្ចការផ្សេងមួយរយៈពេល។
សហគមន៍បុរីកីឡា ប្រកាសជំហរថា បើទោះជាមិនបានដើរហែក្បួន ឬក៏ប្រមូលផ្ដុំគ្នាដើម្បីធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៦ ប៉ុន្តែពួកគេនៅតែបន្តធ្វើយុទ្ធនាការនេះមិនបញ្ឈប់ឡើយ ក្នុងការទាមទារយុត្តិធម៌សម្រាប់មន្ត្រីសិទ្ធិមនុស្ស និងដោះស្រាយបញ្ហាដីធ្លីសេសសល់ជូនពួកគាត់ដែលបន្តអូសបន្លាយអស់ជាច្រើនឆ្នាំ។
តំណាងសហគមន៍បុរីកីឡា លោកស្រី សរ សន ថ្លែងនៅថ្ងៃទី២០ ខែមីនា ថា ក្រៅពីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស ក្រុមលោកស្រីក៏ចង់ឱ្យតុលាការក្រុងភ្នំពេញ ទម្លាក់បទចោទប្រកាន់មកលើអ្នកហ៊ាននិយាយការពិតនៅក្នុងសង្គម លោក គឹម សុខ និងបង្ហាញកាមេរ៉ាសុវត្ថិភាពពិតផ្សេងទៀតនៅក្នុងស្ដារម៉ាត (Star Mart) កាល់តិច (Caltex) ដែលបានថតជាប់សកម្មភាពធ្វើឃាតលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងបញ្ហាសង្គម៖ «គឺទាមទារឱ្យទម្លាក់បទចោទប្រកាន់មកលើអ្នកហ៊ាននិយាយការពិត លោក គឹម សុខ និងតុលាការត្រូវហ៊ានបង្ហាញកាមេរ៉ាពិតដែលសម្លាប់លោកបណ្ឌិត កែម ឡី»។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ តែងតែត្រូវរដ្ឋាភិបាលចាត់ទុកថា គឺជាទម្រង់បដិវត្តន៍ពណ៌មួយដែលអាចធ្វើឱ្យប៉ះពាល់សន្តិភាពនៅកម្ពុជា ព្រោះអាចឈានទៅដល់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះ លោក ហ៊ុន សែន តែងតែព្រមានខ្លាំងៗឱ្យត្រៀមមឈូសទុក ប្រសិនបើអ្នកណាហ៊ានបង្កើតឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។ លើសពីនេះ ការដើរដង្ហែក្បួន ឬការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅម្ដងៗ តែងតែត្រូវបានកម្លាំងសមត្ថកិច្ចព្រោងព្រាតចេញបង្ក្រាប និងឃ្លាំងមើលជានិច្ច។
បើទោះជារដ្ឋាភិបាលព្រមាន និងចាត់ទុកថា ជាបដិវត្តន៍ពណ៌យ៉ាងណាក្ដី តែអ្នករៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ បានបកស្រាយថា គ្រាន់តែជាយុទ្ធនាការស្វែងរកពន្លឺយុត្តិធម៌អហិង្សាដែលត្រូវបានអ្នកមានអំណាច និងមានលុយជិះជាន់ប៉ុណ្ណោះ។ អ្នកបឹងកក់ និងបុរីកីឡា តែងនាំគ្នាស្លៀកពាក់ខ្មៅ នៅរៀងរាល់ថ្ងៃច័ន្ទ ដើម្បីស្រែកទាមទារឲ្យដោះលែងអ្នកជាប់ឃុំដែលជាមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប មានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរង គ.ជ.ប ១រូប លោក នី ចរិយា ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារ ១១ខែហើយពីបទសមគិត និងសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ក្រៅពីនេះ ពួកគេក៏ទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី ដែលត្រូវបានតុលាការឃុំខ្លួនជាង ៧ខែហើយ ទាក់ទងនឹងការចោទប្រកាន់ដឹកនាំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ និងរឿងរ៉ាវពីរករណីទៀត កើតឡើងកាលពីជាង ៤ឆ្នាំមុន ហើយត្រូវតុលាការក្រុងភ្នំពេញ សើរើឡើងវិញ។
ដោយឡែកសម្រាប់សហគមន៍បឹងកក់ វិញ បានផ្អាកការរៀបចំយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៦ ជាថ្មី ដោយសារជាប់រវល់នឹងកិច្ចការផ្សេងមួយរយៈពេល។
លោកស្រី សរ សន តំណាងសហគមន៍បុរីកីឡាបញ្ជាក់ថា ក្នុងចំណោមសហគមន៍រងគ្រោះដីធ្លីនៅសល់ចំនួន ១៤គ្រួសារ គឺទាមទារឱ្យសង់អគារឱ្យពួកគាត់ឱ្យបានគ្រប់ចំនួន ១០អគារ រស់នៅតំបន់បុរីកីឡា បើគ្មានសំណងសមរម្យ ព្រោះរដ្ឋាភិបាល និងក្រុមហ៊ុន ផានអ៊ីម៉ិច (Phan Imex) ធ្លាប់សន្យាថា នឹងធ្វើការអភិវឌ្ឍដោយមិនធ្វើឱ្យពលរដ្ឋជាម្ចាស់ដីស្រក់ទឹកភ្នែកឡើយ។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់សហគមន៍បុរីកីឡានេះ កាលពីថ្ងៃទី៧ ខែមីនា មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានដាក់ឱសានវាទឱ្យសហគមន៍បុរីកីឡា មកទទួលយកគោលការណ៍ដោះស្រាយរបស់គណៈកម្មការចម្រុះអំឡុងរយៈពេលមួយខែ ហើយបើអំឡុងពេលមួយខែមិនព្រមមកទទួលយកគោលការណ៍នោះ គឺសាលាក្រុងមិនទទួលខុសត្រូវឡើយ។
ទោះជាយ៉ាងណា លោកស្រី សរ សន ថ្លែងថា សហគមន៍លោកស្រីមិនអាចទទួលគោលការណ៍ដោះស្រាយរបស់សាលាក្រុង ដែលផ្ដល់លុយចំនួន ៣ពាន់ ទៅ ៥ពាន់ដុល្លារ រួចហើយបង្ខំឱ្យពួកគាត់ដើរចេញពីបុរីកីឡាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។