ក្រុមសន្តិសុខខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចុះទៅបង្ក្រាបប្រជាពលរដ្ឋដែលបានជួបជុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ នៅក្នុងសហគមន៍បឹងកក់។ ការចុះបង្ក្រាបនេះ បានធ្វើឲ្យមានការប៉ះទង្គិចរុញច្រានពលរដ្ឋដណ្ដើមយកស្គរ បណ្ដាលឲ្យពលរដ្ឋមួយចំនួនរងរបួស។ មកដល់ថ្ងៃច័ន្ទទី៤ កក្កដា យុទ្ធនាការនេះទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល ៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូបមានរយៈពេល ៩សប្ដាហ៍ហើយ។
«សំឡេងប៉ះទង្គិច»
ពលរដ្ឋសហគមន៍បឹងកក់ ថ្កោលទោសអាជ្ញាធរថាបំបិទសិទ្ធិរបស់ពលរដ្ឋដែលជួបជុំគ្នាធ្វើយុទ្ធនាការ ទាមទារដោះលែងមន្ត្រីសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប នៅក្នុងសហគមន៍។
តំណាងសកម្មជនដីធ្លីនៃសហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី ថ្លែងនៅថ្ងៃទី៤ កក្កដា ថា សកម្មជនដីធ្លីនៃសហគមន៍របស់អ្នកស្រីប្រមាណ ៦០នាក់ ប្រមូលផ្ដុំគ្នានៅក្នុងសហគមន៍បឹងកក់ ដោយគ្រប់គ្នាពាក់អាវពណ៌ខ្មៅ ខ្លះពណ៌ស ហើយវាយស្គរ និងធ្វើទ្រុងឫស្សីតំណាងឲ្យពន្ធនាគារ។ អ្នកស្រីបន្តថា នៅពេលពលរដ្ឋធ្វើសកម្មភាព ស្រាប់តែមានកងសន្តិសុខខណ្ឌដូនពេញ និងសមត្ថកិច្ចរបស់ស្នងការដ្ឋានរាជធានីភ្នំពេញប្រមាណ ៧០នាក់ ទៅប្រទាញប្រទង់ដកយកស្គររបស់ពួកគេ និងបង្កជាហិង្សាតែម្ដង។

អ្នកស្រី ទេព វន្នី បន្តថា ក្នុងហិង្សានោះបានបណ្ដាលឲ្យស្ត្រីបឹងកក់ ៤នាក់ និងបុរសម្នាក់រងរបួស ដោយខ្លះបាក់ម្រាមដៃ និងខ្លះត្រូវរបួសមុខជាដើម ហើយពួកគេត្រូវបានសហគមន៍នាំយកទៅព្យាបាលនៅមន្ទីរពេទ្យ៖ «នៅពេលដែលគាត់ដឹកយកស្គរហ្នឹងទៅ គាត់កម្ទេចស្គរហ្នឹងចោល ហើយមកបោះឲ្យពួកខ្ញុំវិញទៀត។ មានស្ត្រី ៤នាក់ និងបុរសម្នាក់ដែលរងរបួស លោកស្រី បូវ សោភា ហ្នឹងគាត់ត្រូវបាក់កូនដៃ ដោយសន្តិសុខខណ្ឌដូនពេញ ចាប់កាច់បាក់ម៉ង ហើយឈាមឈាមជុំវិញកូនដៃ។ អ្នកស្រី បូ ឆវី គាត់ត្រូវរបួសថ្ពាល់ មានឈាម ហើយនិងអ្នកស្រី គង់ ចន្ថា មានស្នាមជាំស្នាមអីច្រើនកន្លែងនៅលើខ្លួនគាត់។ កញ្ញា សុង ស្រីលាភ ពេលគាត់រត់តាមស្គរ គាត់ដួលឱបជើងប៉ូលិស គឺគាត់អូសគាត់ដាច់ជង្គង់អីខ្លះដែរ ហើយគាត់ជាំច្រើនកន្លែងដែរ និងអ្នកផ្សេងៗទៀតត្រូវខ្លះៗដែរ តែមិនធ្ងន់ធ្ងរអី។ នេះជារូបភាពមួយបង្ហាញឲ្យពិភពលោកឲ្យឃើញថា ប្រទេសកម្ពុជា រំលោភសិទ្ធិមនុស្សកាន់តែខ្លាំងទៅៗ កាន់តែផ្គើនដល់អង្គការជាតិអន្តរជាតិ ជាពិសេសម្ចាស់ជំនួយដែលកំពុងតែជួយយ៉ាងគគ្រឹកគគ្រេងមកកម្ពុជា តែម្ដង»។
ពលរដ្ឋសហគមន៍បឹងកក់មួយរូបទៀត គឺលោក ចាន់ ពុទ្ធិស័ក្តិ ថ្លែងថា ការបង្ក្រាបពលរដ្ឋនៅក្នុងសហគមន៍នេះ គឺជាអំពើរំលោភច្បាប់ ដោយសារតែរដ្ឋាភិបាលមានការភ័យខ្លាចចំពោះយុទ្ធនាការដែលពលរដ្ឋកំពុងធ្វើ ដោយគ្រាន់តែទាមទារឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប ប៉ុណ្ណោះ៖ «ប្រទេសកម្ពុជា មានការបោះឆ្នោតអ៊ីចឹងទេ ប្រជាពលរដ្ឋអត់ល្ងង់ទៅធ្វើបដិវត្តន៍ពណ៌អីទេ អត់មានសមត្ថភាពទៅធ្វើអាហ្នឹងទេ អត់មានសព្វាវុធអីសព្វបែបយ៉ាងទេ បើប្រជាពលរដ្ឋចង់ធ្វើការផ្លាស់ប្ដូរថ្នាក់ដឹកនាំ ប្រជាពលរដ្ឋនឹងធ្វើការផ្លាស់ប្ដូរដោយផ្អែកលើការបោះឆ្នោត ហើយការបោះឆ្នោតអត់នៅយូរទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៤ កក្កដា។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) នេះ មកដល់ថ្ងៃទី៤ កក្កដា គឺជាសប្ដាហ៍ទី៩។ នៅក្នុងពេលធ្វើសកម្មភាពបង្ក្រាបនោះ គ្មានសកម្មជនដីធ្លីណាម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីយកទៅសាកសួរ និងធ្វើកិច្ចសន្យាដូចរាល់ដងនោះទេ។
នៅថ្ងៃដដែលនេះ តំណាងពលរដ្ឋមកពីសហគមន៍ដីធ្លី អេស.អូ.អេស (SOS) សហគមន៍បុរីកីឡា បានស្លៀកពាក់ស នាំគ្នាទៅតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ ដោយកាន់បដាស្រែកទាមទារឲ្យពន្លឿនការដោះស្រាយវិវាទដីធ្លី ដែលសាលារាជធានីភ្នំពេញសន្យាថានឹងដោះស្រាយជូនពួកគេ និងទាមទារដោះលែងមន្ត្រីសមាគមអាដហុក ទាំង ៤រូប និងមន្ត្រី គ.ជ.ប មួយរូបផង៕
វីដេអូ៖ អ្នកបឹងកក់៥នាក់របួសក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។