សហគមន៍រងគ្រោះក្នុងរឿងដីធ្លីនៅតំបន់បឹងកក់ នឹងបន្តប្រមូលផ្តុំគ្នាធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» បន្តទៀតនៅថ្ងៃច័ន្ទ ទី៨ ខែសីហា បើទោះបីជាកន្លងមកមានបម្រាម និងការគំរាមកំហែងពីអាជ្ញាធរក្ដី។
តំណាងសហគមន៍រងគ្រោះរឿងដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យដឹងថា យុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» សប្ដាហ៍ទី១៤ ដែលធ្វើឡើងនៅតំបន់បឹងកក់ដដែលនេះ ពួកគេនឹងរៀបចំពិធីសំខាន់ៗមួយចំនួន ដើម្បីទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរង គ.ជ.ប មួយរូប៖ « ពួកខ្ញុំនៅតែមានឆន្ទៈ និងទឹកចិត្តពុះកញ្ជ្រោល ដើម្បីធ្វើយុទ្ធនាការនេះបន្តទៀត។ ស្អែកពួកខ្ញុំធ្វើនៅម៉ោង ៥ល្ងាច ហើយយើងនឹងពូនដីខ្សាច់ធ្វើជាផ្នូរដូចផ្នូរលោកពូបណ្ឌិត កែម ឡី ដោយដុតទៀនជុំវិញ និងដាក់រូបថតគាត់នៅលើផ្នូរនោះ និងមានផ្កាឈូក ហើយនឹងសរសេរចំនួនថ្ងៃដែលគាត់ស្លាប់ ព្រមទាំងសរសេរថា យុត្តិធម៌ត្រូវតែមានសម្រាប់លោកពូ កែម ឡី។ ក្នុងពេលនោះដែរ យើងក៏កាន់រូបថតអ្នកទោសមនសិការដែលកំពុងជាប់ពន្ធនាគារ រមមានមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ជាដើម »។
មកដល់ពេលនេះ ក្រុមសហគមន៍ដែលមានវិវាទដីធ្លីនៅក្នុងរាជធានីភ្នំពេញមួយចំនួន និងមន្ត្រីសិទ្ធិមនុស្ស ហាក់បានផ្អាកសកម្មភាពចូលរួមធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ជាបន្តបន្ទាប់ ក្រោយពីកន្លងមក សមត្ថកិច្ចតែងតែចាប់ខ្លួនអ្នករៀបចំយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នេះជាហូរហែ ដើម្បីធ្វើការអប់រំ និងបង្ខំឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសហគមន៍បឹងកក់នៅតែប្តូរផ្តាច់ធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នេះ និងអំពាវនាវឲ្យមជ្ឈដ្ឋានទូទៅជួយចូលរួមធ្វើយុទ្ធនាការនេះឲ្យបានច្រើនគ្នា ដើម្បីជំរុញឲ្យមានយុត្តិធម៌សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។