អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ធំៗ​ស្នើ​អាជ្ញាធរ​ខ្មែរ​បន្ត​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ មាន ឫទ្ធិ
2017.03.24
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ក្បួន​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​នា​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​បន្ត​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី បន្ថែម​ទៀត។ អង្គការ​ទាំង​នេះ​អះអាង​ថា ដំណើរការ​កាត់​ក្តី​របស់​តុលាការ​កម្ពុជា នៅ​ពុំ​ទាន់​អាច​ដោះស្រាយ​មន្ទិលសង្ស័យ និង​ពុំ​ទាន់​បំពេញ​គោលការណ៍​ស៊ើប​អង្កេត​ឲ្យ​បាន​សមស្រប​តាម​ស្តង់ដារ​អន្តរជាតិ​នៅ​ឡើយ​ទេ។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ (International Commission of Jurists) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៣ ខែ​មីនា បញ្ជាក់​ថា ការ​កាត់​ក្តី​ជនល្មើស អឿត អាង ហៅ ជួប សម្លាប់ ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត បង្ក​ភាព​អយុត្តិធម៌​បន្ថែម​ទៀត​សម្រាប់​គ្រួសារ​សព​លោក​បណ្ឌិត កែម ឡី។

ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​ច្បាប់​អន្តរជាតិ​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) ដែល​បាន​ឃ្លាំមើល​ដំណើរការ​កាត់​ក្តី​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី បាន​ថ្លែង​ថា ការ​កាត់​ក្តី​នេះ​លាតត្រដាង​ឲ្យ​ឃើញ​ថា ដំណើរ​ការ​ស៊ើបអង្កេត​ហាក់​បី​ដូច​ជា​មាន​កង្វះ​ខាត​លើ​ទិដ្ឋភាព​សំខាន់ៗ​ជាច្រើន។ លោក​បន្ត​ថា ជនរងគ្រោះ​ពី​បទ​ឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​នេះ រួម​មាន​ភរិយា និង​កូនៗ​របស់​លោក​បណ្ឌិត កែម ឡី នឹង​មិន​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​នោះ​ទេ លុះត្រាតែ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ មិន​លម្អៀង និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​កំណត់​ថា តើ​មាន​ជន​ដទៃ​ទៀត​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ​ដែរ ឬ​ទេ?

បន្ថែម​ពី​លើ​នេះ នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក ចំប៉ា ប៉ាទែល (Champa Patel) ថ្លែង​ថា វា​ច្បាស់​ណាស់​ថា អាជ្ញាធរ​កម្ពុជា មាន​ចេតនា​ចង់​បិទ​បញ្ចប់​ករណី​សំណុំ​រឿង​នេះ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​បរាជ័យ​ក្នុង​ការ​ស៊ើបអង្កេត​លើ​បទល្មើស​ដ៏​អា​ក្រក់​មួយ​នេះ នឹង​រឹតតែ​បន្ថែម​នូវ​ភាព​អយុត្តិធម៌​ដល់​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី។

ដោយ​ឡែក​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី ថ្លែង​ថា អាជ្ញាធរ​ខ្មែរ​បរាជ័យ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ករណី​ចន្លោះ​ប្រហោង​ជាក់ស្ដែង​ជា​ច្រើន​នៅ​ក្នុង​ដំណើរ​រឿង​សារភាព​របស់​ចុង​ចម្លើយ។ លោក​ថា ការណ៍​ដែល​តុលាការ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ពិនិត្យ​មើល​ករណី​ទាំង​នោះ ដែល​ស្ដែង​ឲ្យ​ឃើញ​ពី​ដំណើរការ​កាត់​ក្តី​តាម​បែប​ឆក់កណ្ដៀត​ចៀស​ជាង​លាត​ត្រដាង​អ្នក​ជាប់​ពាក់ព័ន្ធ​នានា ក្នុង​រឿង​ក្តី​នេះ គឺ​ជា​ករណី​គួរ​ឲ្យ​បារម្ភ។

លោក​ថ្លែង​សង្កត់​ធ្ងន់​ថា ក្រុម​គ្រួសារ​របស់​លោក​បណ្ឌិត កែម ឡី ធ្លាប់​បាន​ថ្លែង​ជា​សាធារណៈ​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ​អំពី​ការ​មិន​មាន​ជំនឿ​របស់​ពួកគេ​ដែល​ថា អឿត អាង គឺ​ជា​មនុស្ស​ដែល​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​គត់​ចំពោះ​ករណី​ឃាតកម្ម​នេះ ហើយ​ថា រាល់​ការ​ប្រព្រឹត្ត​ក្នុង​ដំណើរ​ការ​ក្តី​នេះ​បណ្ដាល​ឲ្យ​ពួកគេ​មាន​មន្ទិល​សង្ស័យ​ជាច្រើន។

​ក្រៅ​ពី​នេះ សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​ទាំង​បី​នេះ ក៏​បាន​រំលេច​ឲ្យ​ឃើញ​ពី​ក្តី​មន្ទិលសង្ស័យ​ចំនួន ៨​ចំណុច​ដែល​អង្គការ​ទាំង​នេះ​មើល​ឃើញ​ថា តុលាការ​កម្ពុជា ខកខាន​មិន​បាន​លើក​យក​មក​ដោះស្រាយ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ក្នុង​ដំណើរ​ការ​កាត់​ក្តី​នេះ។

ចំណុច​មន្ទិល​សំខាន់ៗ​រួម​មាន​ករណី​ដែល​ចុង​ចម្លើយ​អះអាង​ថា ខ្លួន​មាន​មធ្យោបាយ​ឲ្យ​លោក កែម ឡី ខ្ចី​ប្រាក់​ចំនួន ៣​ពាន់​ដុល្លារ​ដោយសារ​តែ​​បាន​លក់​ដី​មួយ​កន្លែង ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​លើ​ករណី​នេះ​ទេ។ ក៏​មាន​ផង​ដែរ​ករណី​ដែល​ព្រះរាជអាជ្ញា​បង្ហាញ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​ថត​បាន​តែមួយ​ជ្រុង​ក្នុង​ហាង​ស្តារម៉ាត ក៏​ចោទ​ជា​បញ្ហា​សង្ស័យ​ផង​ដែរ ដោយ​អាជ្ញាធរ​មិន​បាន​បញ្ចេញ​វីដេអូ​ឲ្យ​អស់​ពី​សកម្មភាព​របស់​ជនល្មើស​ទាំង​នៅ​មុន ក្នុង​អំឡុង​ពេល និង​នៅ​ក្រោយ​អំពើ​ឃាតកម្ម។ ក្រៅ​ពី​នេះ បុគ្គល​ដែល​ពាក់ព័ន្ធ​នៅ​ពេល​ដេញ​តាម​ចាប់​ខ្លួន​ជនល្មើស​ដែល​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ក៏​មិន​ត្រូវ​បាន​តុលាការ​កំណត់​អត្តសញ្ញាណ​ដើម្បី​កោះហៅ​មក​ធ្វើ​ជា​សាក្សី​ឡើយ។

អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​តុលាការ​កម្ពុជា ដើម្បី​សុំ​ប្រតិកម្ម​តប​ជុំវិញ​ការ​លើក​ឡើង​ខាង​លើ​ពី​សំណាក់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំង​បី​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។