អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch=HRW) ជំរុញឲ្យប្រទេសផ្ដល់ជំនួយ និងអង្គការនានា គាបសង្កត់រដ្ឋាភិបាលកម្ពុជា ឲ្យទម្លាក់ការចោទប្រកាន់តំណាងសហជីព ៦នាក់ តាមផ្លូវតុលាការ ពាក់ព័ន្ធនឹងបទហិង្សា បង្កការខូចខាតដោយចេតនាដែលមានស្ថានទម្ងន់ទោសក្នុងពេលកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅជាយរាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០១៤។
អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ បានហៅការចាត់វិធានការតាមផ្លូវតុលាការរបស់រដ្ឋាភិបាលលើតំណាងសហជីពទាំង៦នាក់នោះថា ជាចេតនានយោបាយ ដែលវិធានការនេះ គឺរដ្ឋាភិបាលកម្ពុជា មានបំណងគំរាមកំហែងសកម្មជនការពារកម្មករ រួមទាំងមន្ត្រីបក្សប្រឆាំង កុំឲ្យក្រោកឈរបន្តធ្វើបាតុកម្មតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលនិងទាមទារលក្ខខណ្ឌការងារបន្តទៅទៀតបាន។
សេចក្ដីប្រកាសព័ត៌មានរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចុះថ្ងៃទី៤ កញ្ញា បានស្រង់សម្ដីលោក ប្រេដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ការចោទប្រកាន់អ្នកទាំង ៦នាក់នោះជារឿងប្រឌិតសុទ្ធសាធដែលវិទ្យុអាស៊ីសេរី ប្រែជាភាសាខ្មែរដូច្នេះ៖ « អាជ្ញាធរកំពុងបន្តក្លែងបន្លំចោទប្រកាន់ប្រឆាំងសកម្មជនកម្មករក្នុងបំណងចង់ឲ្យពួកគេបោះបង់ចោលការទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារឲ្យបានគ្រាន់បើជាងមុន។ នេះជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចុងក្រោយ ដើម្បីបន្លាចសកម្មជនការពារកម្មករ និងអ្នកនយោបាយប្រឆាំង ឲ្យបោះបង់ចោលផែនការតវ៉ាដើម្បីបុព្វហេតុផលប្រយោជន៍របស់ពួកគេ »។
យូមែន រ៉ៃត៍ វ៉ច្ឆ បានរំលឹកថា តុលាការបានចេញដីកាកោះហៅសកម្មជនទាំងនោះឲ្យចូលខ្លួនទៅតុលាការ ក្នុងនោះ លោក ប៉ាវ ស៊ីណា នឹងត្រូវចូលទៅនៅថ្ងៃទី១២ កញ្ញា ដែលការកោះហៅនេះធ្វើឡើងក្នុងរយៈពេលតែ ៥ថ្ងៃមុនថ្ងៃកម្មករគ្រោងបើកយុទ្ធនាការតវ៉ាទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ។ តែដោយសារការកោះហៅនេះ បានធ្វើឲ្យកម្មករអាក់ខានមិនអាចធ្វើការតវ៉ាបន្តទៀតបាន។
តំណាងសហជីពទាំង ៦នាក់នោះមានលោក រ៉ុង ឈុន លោក ជា មុនី លោក ប៉ាវ ស៊ីណា លោក អាត់ ធន់ អ្នកស្រី យ៉ាងសុភ័ណ្ឌ និងអ្នកស្រី ម៉ម ញឹម។ តុលាការចោទប្រកាន់តំណាងសហជីពទាំងនោះពីបទហិង្សា បង្កការខូចខាតដោយចេតនាដែលមានស្ថានទម្ងន់ទោស និងបង្កឱ្យស្ទះចរាចរណ៍នៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលតំណាងសហជីពទាំង ៦នាក់នោះ នឹងអាចប្រឈមនឹងការជាប់គុក ១៤ឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោស។ ក្រៅពីនេះ យូមែន រ៉ៃត៍ វ៉ច្ឆ បានចោទថា ប្រព័ន្ធតុលាការកម្ពុជា មិនឯករាជ្យ បម្រើផលប្រយោជន៍នយោបាយឲ្យតែបក្សប្រជាជនកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានទេ នៅថ្ងៃទី៤ កញ្ញា។ ក៏ប៉ុន្តែលោកឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ជារឿងមិនឆ្លុះបញ្ចាំងការពិត និងបច្ចុប្បន្នភាពនៅកម្ពុជាទេ។
លោក ខៀវ សុភ័គ៖ «កម្ពុជាយើងខ្ញុំជាប្រទេសប្រកាន់នូវរបបនីតិរដ្ឋ បានសេចក្ដីថា សមត្ថកិច្ចយើងបែងចែក៣ នីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងនីតិតុលាការ។ កិច្ចការអ្វីៗដែលតុលាការលោកបានធ្វើ គឺជាស្ថាប័នឯករាជ្យ ចង់ចោទប្រកាន់ ឬក៏ការដោះការចោទប្រកាន់អីយ៉ាងណា គឺស្ថិតនៅក្នុងស្ថាប័នមួយដោយឡែក ដែលសូម្បីតែអង្គការរបស់គាត់ យូមែន រ៉ៃត៍ វ៉ច្ឆ ក៏ចង់ឲ្យកម្ពុជា មានអំណាច ៣ដាច់ដោយឡែកដែរ។ ដូច្នេះគឺជារឿងមួយដែលមិនពាក់ព័ន្ធជាមួយសមត្ថកិច្ចរបស់រដ្ឋាភិបាលទេ ព្រោះថា រឿងនេះវាស្ថិតនៅក្នុងយុត្តាធិការរបស់ស្ថាប័នតុលាការ »។
ក្នុងអំឡុងពេលពីចុងខែធ្នូ ឆ្នាំ២០១៣ ដល់ដើមខែមករា ឆ្នាំ២០១៤ កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់ បានធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅរោងចក្រ យ៉ាកជីន (Yak Jin) តាមដងផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ និងផ្លូវវ៉េងស្រេង ជាយរាជធានីភ្នំពេញ ហើយកងកម្លាំងរបស់រដ្ឋាភិបាលបានចុះបង្ក្រាបយ៉ាងបង្ហូរឈាម បណ្ដាលមនុស្សជាង ៤០នាក់របួស ៥នាក់ស្លាប់ និងចាប់ខ្លួន ២៣នាក់។ ការតវ៉ាដំឡើងប្រាក់ខែគោលនោះ មិនបានសម្រេចរហូតមកទល់សព្វថ្ងៃ។
ចំពោះរឿងចាប់ខ្លួននេះដែរ យូមែន រ៉ៃត៍ វ៉ច្ឆ បន្តថា រដ្ឋាភិបាលបានចាប់ខ្លួន និងចោទប្រកាន់អ្នកទាំង ២៣នាក់នោះដោយបំពាន ព្រោះពួកគេគ្មានកំហុសដូចការចោទប្រកាន់ទេ។ ក្រៅពីនេះ យូមែន រ៉ៃត៍ វ៉ច្ឆ បានរិះគន់រដ្ឋាភិបាលថា មិនបានចាប់មន្ត្រីនគរបាល ឬប៉េអិមដែលបានបាញ់សម្លាប់បាតុករយកទៅផ្ដន្ទាទោសទេ មកទល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។