មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បារម្ភ​ចំពោះ​សេរីភាព​បង្កើត​សមាគម​របស់​សហជីព

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) សម្ដែង​ការ​បារម្ភ​ចំពោះ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​របស់​សហជីព​នៅ​កម្ពុជា។ ការ​បារម្ភ​នេះ កើត​ឡើង​ស្រប​ពេល​ដែល​ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ​រក​ឃើញ​ថា ស្ថានភាព​នៃ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​របស់​សហជីព មាន​លក្ខណៈ​អាក្រក់​នៅ​ឡើយ ហើយ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដោយ​ពុំ​មាន​ការ​ចូល​រួម​ពិគ្រោះ​ពិភាក្សា​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេង​ទៀត។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ មេសា បាន​ចេញ​កំណត់​ត្រា​សង្ខេប ស្ដីពី​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​របស់​សហជីព​នៅ​កម្ពុជា។ គោល​បំណង​នៃ​កំណត់​ត្រា​សង្ខេប​នេះ គឺ​ផ្ដោត​លើ​ការ​សិក្សា​ទៅ​លើ​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា និង​ពិចារណា​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព ដែល​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​អនុម័ត​ក្នុង​ពេល​ខាង​មុខ។

ក្នុង​កំណត់​ត្រា​សង្ខេប​កម្រាស់ ១២​ទំព័រ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​លើក​ឡើង​អំពី​ច្បាប់​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម និង​ការ​ចុះ​បញ្ជី​សហជីព​នៅ​កម្ពុជា។ ក្រៅ​ពី​នេះ កំណត់​ត្រា​សង្ខេប​ក៏​បាន​ពិនិត្យ​មើល​ទៅ​លើ​សេរីភាព ក្នុង​ការ​បង្កើត​សមាគម​នៅ​កម្ពុជា ដោយ​ផ្ដោត​លើ​ការ​គំរាម​កំហែង ក្នុង​ការ​លុប​ចោល​អាជ្ញាប័ណ្ណ​ដែល​សហជីព​បាន​ប្រឈម​ក្នុង​ពេល​កន្លង​មក និង​អំពី​និន្នាការ​ដែល​សហជីព​ត្រូវ​បាន​បដិសេធ ឬ​ពន្យារ​ពេល​ការ​ចុះ​បញ្ជី​សហជីព​នៅ​តាម​សហគ្រាស ព្រម​ទាំង​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​របស់​សហជីព។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កត់​សម្គាល់​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា ត្រូវ​បាន​មើល​ឃើញ​ថា ជា​ប្រទេស​គ្រោះ​ថ្នាក់​មួយ​ដែល​អ្នក​ដឹក​នាំ​សហជីព និង​សមាជិក​សហជីព​ជា​រឿយៗ ប្រឈម​នឹង​អំពើ​ហិង្សា និង​ការ​ចាប់​ខ្លួន ដោយសារ​តែ​សកម្មភាព​របស់​ខ្លួន។ អង្គការ​មួយ​នេះ កត់​សម្គាល់​បន្ត​ថា កូដកម្ម​ការ​តវ៉ា និង​បាតុកម្ម​ជាច្រើន​ដែល​ដឹក​នាំ​ដោយ​សហជីព ជា​ញឹកញាប់​ត្រូវ​បាន​អាជ្ញាធរ​បំបែក​ដោយ​ហិង្សា ពេល​ខ្លះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង។ លើស​ពី​នេះ កម្មករ​និយោជិត​ដែល​ចូល​រួម​ជាមួយ​អ្នក​ដឹក​នាំ ឬ​តំណាង​សហជីព តែង​តែ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ។ សមាជិក​សហជីព​មួយ​ចំនួន ក៏​ក្លាយ​ជា​មុខ​សញ្ញា​សម្រាប់​ភាព​សកម្ម​របស់​ខ្លួន​ដែរ ហើយ​រោងចក្រ​ខ្លះ​ក៏​បាន​ចាត់​វិធាន​ការ​ច្បាប់​ប្រឆាំង​នឹង​កម្មករ​និយោជិត ដើម្បី​ទាមទារ​រក​សំណង​ចំពោះ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ ក្នុង​ពេល​កម្មករ​បាតុកម្ម​កន្លង​មក។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បញ្ជាក់​ថា រដ្ឋាភិបាល​ថែម​ទាំង​បាន​គំរាម​សហជីព​ថា បើ​សហជីព​ណា​ហ៊ាន​ចូល​រួម​ធ្វើ​កូដកម្ម​បន្ត​ទៀត អាជ្ញាប័ណ្ណ​របស់​សហជីព​នោះ​នឹង​ត្រូវ​ព្យួរ ឬ​លុប​ចោល ជាដើម។

ជុំវិញ​ដំណើរ​ការ​ចុះ​បញ្ជី​សហជីព​វិញ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០១៤ នេះ ក្រសួង​ការងារ បាន​ទាមទារ​ឲ្យ​អ្នក​ដឹក​នាំ​សហជីព ផ្តល់​នូវ​ភស្តុតាង​បញ្ជាក់​អំពី​ប្រវត្តិ​មិន​ធ្លាប់​មាន​ទោស​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ មុន​នឹង​ពួក​គេ​ស្នើសុំ​ចុះ​បញ្ជី​ការ​តំណាង​ឲ្យ​កម្មករ​និយោជិត នៅ​តាម​សហគ្រាស។ ប្រការ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កត់​សម្គាល់​ថា ការ​តម្រូវ​ឲ្យ​ភ្ជាប់​នូវ​លិខិត​ថ្កោលទោស​ចុះ​បញ្ជី​ការ​សហជីព​ណា​មួយ ពុំ​មែន​ជា​បទដ្ឋាន​អនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ​នោះ​ទេ។ ប្រការ​នេះ ក៏​អាច​ជា​ការ​បំភិតបំភ័យ​អ្នក​ដឹក​នាំ​សហជីព នៅ​គ្រា​ដែល​ពួក​គេ​កំពុង​ជាប់​វិវាទ​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់ ហើយ​ក្តី​បារម្ភ​ចម្បង​នោះ គឺ​ថា ប្រសិន​បើ​អ្នក​ដឹក​នាំ​សហជីព​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពុំ​ត្រឹមត្រូវ ដោយសារ​ពួក​គេ​ចូល​រួម​ក្នុង​បាតុកម្ម អ្នក​ទាំង​នោះ​នឹង​លែង​មាន​ប្រវត្តិ​ស្អាតស្អំ​ក្នុង​លិខិត​ថ្កោលទោស​របស់​ខ្លួន​ទៀត​ហើយ។ កត្តា​នេះ ក្រសួង​ការងារ អាច​នឹង​បដិសេធ​ក្នុង​ការ​ចុះ​បញ្ជី​ឲ្យ​សហជីព​បែប​នេះ។

ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​វិញ ស្ថាប័ន​សិទ្ធិ​មនុស្ស​មួយ​នេះ​លើក​ឡើង​ថា របៀប​ដែល​ច្បាប់​នេះ​ត្រូវ​បាន​ព្រាង​ឡើង នឹង​ជះ​ឥទ្ធិពល​ជា​ខ្លាំង​ដល់​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​របស់​សហជីព​នៅ​កម្ពុជា។ ប្រការ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រៀប​ចំ​ដំណើរ​ការ​នៃ​ការ​តាក់តែង​ច្បាប់​នេះ​ប្រកប​ដោយ​ពេល​វេលា​មួយ​វែង​សមរម្យ មាន​លក្ខណៈ​ពេញ​លេញ មាន​ការ​ចូល​រួម​ពិគ្រោះ​ពិភាក្សា​របស់​អង្គការ​សង្គម​ស៊ីវិល ដៃគូ​ពាក់ព័ន្ធ និង​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ព្រម​ទាំង​ច្បាប់​អន្តរជាតិ​នានា​ដែល​កម្ពុជា ជា​ហត្ថលេខី។

ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​លោក​ថា រាល់​ច្បាប់​ទាំងអស់​មិន​មែន​សុទ្ធ​តែ​គ្មាន​ការ​ចូល​រួម​ពិភាក្សា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា មិន​ដែល​លាក់​ច្បាប់​ណា​មួយ​មិន​ឲ្យ​មាន​ការ​ចូល​រួម​ពី​អ្នក​ពាក់ព័ន្ធ​នោះ​ទេ។

លោក ផៃ ស៊ីផាន៖ «រាល់​ច្បាប់​ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ពង្រាង​ច្បាប់​ទាំងអស់​ហ្នឹង តែង​តែ​ទទួល​បាន​ការ​ផ្តល់​យោបល់​ពី​ឆាក​អន្តរជាតិ ពី​ទំនោរ​អន្តរជាតិ​ដែល​មាន​ការ​ពិសោធ ហើយ​យើង​យក​មក​ធ្វើ​តាម​លំនាំ​នៃ​សេចក្តី​ចង់​បាន និង​ផល​ប្រយោជន៍​របស់​កម្ពុជា ពីព្រោះ​យើង​យក​លក្ខណៈ​ជា​សកល មិន​មែន​តម្រូវ​នឹង​អ្នក ដូច​ជា​អង្គការ​សង្គម​ស៊ីវិល លោក​មិន​ចង់​ឲ្យ​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ហើយ​បំណង​របស់​គាត់​ហ្នឹង គឺ​ប្រាសចាក​ពី​លំអាន ឬ​ក៏​ទំនោរ​អន្តរជាតិ តែង​តែ​មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល»

កំណត់​ត្រា​សង្ខេប​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ ការ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិនិត្យ​មើល​លើ​សេចក្តី​ព្រាង​ច្បាប់​នានា មិន​ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឡើយ។

ផ្ទុយ​ពី​ការ​អះអាង​របស់ លោក ផៃ ស៊ីផាន បច្ចុប្បន្ន​គេ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ច្បាប់​សំខាន់ៗ​ចំនួន ៤​ទៀត ដែល​រដ្ឋាភិបាល​កំពុង​តាក់​តែង​ដោយ​ស្ងាត់ៗ លាក់​លៀម​ពី​សង្គម​ស៊ីវិល។ ច្បាប់​ទាំង​នោះ​រួម​មាន ច្បាប់​ស្ដីពី​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បង្កើត​ឡើង​សម្រាប់​គ្រប់គ្រង​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (C-CAWDU) លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​វា​ស្រប​ទៅ​នឹង​ស្ថានភាព​ពិត ដែល​កើត​ឡើង​ចំពោះ​សហជីព​របស់​ពួក​លោក​ក្នុង​ពេល​បច្ចុប្បន្ន។ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​វិញ លោក​ថា ច្បាប់​នេះ​មាន​លក្ខណៈ​តឹងតែង​ខ្លាំង​សម្រាប់​ការ​បង្កើត​សហជីព​នៅ​កម្ពុជា។

លោក អាត់ ធន់៖ «ដូច​ជា​នៅ​ក្នុង​មាត្រា​៣ គឺ​មាន​ន័យ​ថា ច្បាប់​សហជីព​នេះ គឺ​មិន​គ្រប​ដណ្ដប់​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​មូល​ទេ បាន​ន័យ​ថា គ្រប​ដណ្ដប់​ទៅ​លើ​តែ​ជន​ទាំង​ឡាយ​ណា​ដែល​នៅ​ក្រោម​ច្បាប់​ការងារ​ប៉ុណ្ណោះ អ៊ីចឹង​មន្ត្រី​រាជការ ឬ​កម្មករ​បម្រើ​តាម​ផ្ទះ​ក៏​ដូច​ជា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នោះ មិន​មាន​សិទ្ធិ​បង្កើត​សហជីព​ទេ អា​ហ្នឹង​មាត្រា​៣ ហើយ​ក្នុង​មាត្រា​៦៦ ដែល​គេ​និយាយ​ថា ការ​អនុវត្ត​មិន​ត្រឹមត្រូវ​របស់​សហជីព​ហ្នឹង មាន​ន័យ​ថា សូម្បី​តែ​សហជីព​ហ្នឹង តវ៉ា ឬ​យើង​ជុំ​គ្នា​នៅ​ជិត​រោងចក្រ​ហ្នឹង ក៏​ជា​កំហុស​ដែរ ហើយ​កំហុស​ហ្នឹង​អាច​ព្យួរ​បញ្ជី​ការ​រហូត​ដល់ ៣​ខែ ឬ​ក៏​អាច​លុប​បញ្ជី​ការ​ចោល​តែ​ម្តង ហើយ​និង​មាន​ការ​ផាក​ពិន័យ​ដល់ ៦​លាន​រៀល​ឯណោះ»

ចំពោះ​បញ្ហា​នេះ ដូច​គ្នា​ទៅ​នឹង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អាត់ ធន់ ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល តំណាង​សហជីព និង​ភាគី​ពាក់ព័ន្ធ​នានា ចូល​រួម​ពិគ្រោះ​យោបល់​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ចេញ​ជា​រូបរាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។