CCHR ចេញ​ផ្សាយ​របាយការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​វិស័យ​កាត់​ដេរ

0:00 / 0:00

អង្គការ​ធ្វើ​ការ​តាមដាន​លើ​ការវិវត្តន៍​របស់​សង្គម ថ្នាក់​ជាតិ​និង​អន្តរជាតិ បាន​ចាត់​ទុក​ថា ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ និង​ជា​ក្ដី​កង្វល់ ជា​ពិសេស ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ បញ្ហា​ការ​បំពារ​បំពាន ផ្នែក​សិទ្ធិមនុស្ស ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​របស់​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា បាន​កើត​ឡើង​ញឹកញាប់​ទៅ​លើ​កម្មករ​នៅ​តាម​រោងចក្រ​សហគ្រាស។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ឲ្យ​ដឹង​ថា កម្ពុជា​នៅ​តែ​ខកខាន​ការ​សន្យា​របស់​ខ្លួន​ចំពោះ​ការ​ផ្ដល់​តម្លៃ​លើ​ផ្នែក​សិទ្ធិមនុស្ស។ ជាពិសេស​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​នេះ ត្រូវ​មើល​ឃើញ​កាន់​តែ​ច្បាស់​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ គឺ​នៅ​ពេល​ដែល​អាជ្ញាធរ​ប្រើ​កម្លាំង​ប្រឆាំង​ក្រុម​បាតុករ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ ដែល​តវ៉ា​ទាមទារ​ប្រាក់​ខែ​សមរម្យ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ មករា ចេញ​ផ្សាយ​អំពី​គោលនយោបាយ​សង្ខេប​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា របស់​ខ្លួន បាន​បរិយាយ​ថា ថ្វី​បើ​មាន​កិច្ច​ការពារ​ផ្នែក​ច្បាប់ និង​ក្របខ័ណ្ឌ​គោលនយោបាយ ព្រមទាំង​គោលនយោបាយ​ថ្នាក់​ជាតិ​មួយ​ចំនួន ក្នុង​កម្រិត​មួយ​យ៉ាង​ក្ដី ក៏​សិទ្ធិ​ការងារ​នៅ​តែ​ត្រូវ​បាន​រំលោភ​បំពាន​ក្នុង​អត្រា​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​ដែរ។

របាយការណ៍​កម្រាស់ ៤៣​ទំព័រ ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​ផ្សាយ​បន្ត​ថា បច្ចុប្បន្ន​នេះ វិស័យ​កាត់ដេរ​កម្ពុជា ត្រូវ​ញាំញី​ដោយ​បញ្ហា​សិទ្ធិ​មនុស្ស ជាពិសេស ដើម​ឆ្នាំ​២០១៤ នេះ ការ​តវ៉ា​ជា​ច្រើន​របស់​កម្មករ​រោងចក្រ ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​សមរម្យ ត្រូវ​បាន​ជំនួស​មក​វិញ​ដោយ​ការ​ប្រើ​ហិង្សា​ហួសហេតុ​ពី​សំណាក់​មន្ត្រី​នគរបាល ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។

បន្ថែម​លើ​សេចក្ដី​ថ្លែងការណ៍​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ ឲ្យ​ដឹង​ថា ហិង្សា​ទំនង​អាច​នឹង​មិន​ថមថយ​ឡើយ បើ​ការ​ដោះស្រាយ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ទ្រទ្រង់​ជីវភាព​រស់​នៅ នៅ​តែ​យឺតយ៉ាវ ហើយ​ពុំ​មាន​ភាព​​ស៊ី​គ្នា​ទៅ​នឹង​ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​នោះ។

លោក ឌុច ពិសិដ្ឋ៖ «បើ​សិន​យើង​ពិនិត្យ​មើល​ទៅ​ស្ថានភាព​បច្ចុប្បន្ន​នេះ យើង​គិត​ថា ដោយ​ថា​កាល​ពី​ដើម​ឆ្នាំ​២០១៤ នេះ យើង​ឃើញ​ថា មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា រហូត​មាន​អ្នក​ស្លាប់ ទៅ​លើ​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់ដេរ។ អ៊ីចឹង​យើង​គិត​ថា យើង​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ខាង​មុខ​ទៀត អាច​នឹង​មាន​ហិង្សា​កើត​ឡើង បើ​សិន​ខាង​ក្រុម​កម្មករ​រាប់​រយ​រាប់​ពាន់​ហ្នឹង​គាត់​ចេញ​មិន​តវ៉ា​ម្ដង​ទៀត ពាក់ព័ន្ធ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​គាត់»

ទោះ​យ៉ាង​ណា លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អ្នក​ពាក់ព័ន្ធ​លើ​វិស័យ​កាត់ដេរ ក្រោយ​ពី​កើត​ហិង្សា​កាល​ពី​ដើម​ឆ្នាំ​២០១៤ បាន​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ នឹង​មិន​អាច​ដំឡើង​ឲ្យ​លើស​ពី ១០០​ដុល្លារ​បាន​ឡើយ បើ​ផ្អែក​តាម​ស្ថានភាព​បច្ចុប្បន្ន។

ក៏​ប៉ុន្តែ​សហភាព​ការងារ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១២ មករា បាន​ចេញ​ផ្សាយ​​នូវ​​របាយការណ៍​តាម​រយៈ​​ក្រសួង​ផែនការ​ក្នុង​ឆ្នាំ​២០១៤ ដែល​រក​ឃើញ​ថា កម្មករ​ម្នាក់​គួរ​ទទួល​បាន​ចំណូល​យ៉ាង​ហោច​ណាស់ ១៦៤​ដុល្លារ​ក្នុង​មួយ​ខែ។

កាល​ពី​ថ្ងៃ​ទី​១៨ មករា នៅ​ក្នុង​ពិធី​បើក​សម្ពោធ​អាគារ​ភូមិ​កុមារ អេស.អូ.អេស (SOS) ក្នុង​ខេត្ត​ក្រចេះ សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ហៅ​ការ​ប្រមូល​ផ្ដុំ​របស់​កម្មករ​ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល​កន្លង​មក​នេះ​ថា គឺ​ជា​ក្រុម​អនាធិបតេយ្យ និង​មិន​អាច​លើកលែង​ឲ្យ​បាន។

លោក ហ៊ុន សែន៖ «អា​ហ្នឹង​ដែល​រដ្ឋាភិបាល រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​នេះ គឺ​នៅ​កន្លែង​ហ្នឹង។ មិន​ដឹង​មនុស្ស​ពី​កន្លែង​ណា​កន្លែង​ណី។ ឆក់​ប្លន់ ហើយ​កន្លែង​ខ្លះ​ទៅ​រូ​ចូល​ក្នុង​រោងចក្រ​គេ។ រូបភាព​បញ្ចាំង​បាន​មក​តើ! ឥឡូវ​ដំណើរ​ធម្មតា​អ៊ីចឹង​ទៅ គ្រូ​បង្រៀន​បង្រៀន​សិស្ស សិស្ស​ចូល​រៀន អ្នក​លក់ដូរ លក់ដូរ​ទៅ។ ហើយ​អ្នក​ណា​ដែល​គេ​មាន​ពេល​វេលា​ធ្វើ​បាតុកម្ម អា​ហ្នឹង​ឲ្យ​គេ​ទៅ​ធ្វើ​បាតុកម្ម​ធ្វើ​ទៅ។ តែ​ធ្វើ​ឲ្យ​ត្រូវ​តាម​ច្បាប់ ធ្វើ​ខុស​ច្បាប់​មាន​បញ្ហា»

កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ មករា កន្លង​ទៅ អាជ្ញាធរ​បាន​បង្ក្រាប​ទៅ​លើ​កម្មករ បាន​កើត​ឡើង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤​នាក់​ត្រូវ​បាន​បាញ់​សម្លាប់ ៣​នាក់ បាត់​ខ្លួន និង​ជិត ៤០​នាក់​ផ្សេង​ទៀត​របួស​ធ្ងន់​និង​ស្រាល ព្រម​ទាំង ២៣​នាក់ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន ដោយ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។