សាលារាជធានីភ្នំពេញ បដិសេធមិនឲ្យក្រុមស្ត្រីជិះកង់អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា នៅថ្ងៃស្អែកទេ ដោយហេតុផលកកស្ទះចរាចរណ៍។ ការឆ្លើយតបនេះ បន្ទាប់ពីអង្គការសង្គមស៊ីវិល និងបណ្ដាសហគមន៍ដែលរងគ្រោះដោយសារការរំលោភសិទ្ធិស្ត្រី កាលពីសប្ដាហ៍មុនបានជូនដំណឹងពីគម្រោងប្រមូលផ្ដុំគ្នាជិះកង់ ទៅដាក់ញត្តិនៅរដ្ឋសភា និងផ្សព្វផ្សាយឲ្យសាធារណជន ចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រី។
ក្រុមស្ត្រីខកចិត្តមិនបានជួបជុំគ្នាជិះកង់ដង្ហែក្បួនអបអរទិវានារីអន្តរជាតិ ៨ មីនា។ ក្រុមស្ត្រីទាំងនេះមានដូចជា បណ្ដាញស្ត្រី សង្គមស៊ីវិល និងស្ត្រីមកពីសហគមន៍រងគ្រោះដីធ្លី ជាដើម។
អ្នកសម្របសម្រួលនៃគណៈកម្មការមិនមែនអង្គការរដ្ឋាភិបាល ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ អ្នកស្រី ជឹម ចាន់នាង ថ្លែងនៅល្ងាចថ្ងៃទីច័ន្ទ ទី៧ មីនា ថា អង្គការសង្គមស៊ីវិល និងបណ្ដាសហគមន៍ដែលរងគ្រោះដោយសារការរំលោភសិទ្ធិស្ត្រី គ្រោងប្រមូលផ្ដុំគ្នាប្រមាណ ៣០០នាក់ នៅខាងមុខក្រសួងកិច្ចការនារី ដោយជិះកង់ឆ្ពោះទៅរដ្ឋសភា ផ្សព្វផ្សាយឲ្យសាធារណជនចូលរួមបញ្ឈប់អំពើហិង្សាលើស្ត្រីគ្រប់ទម្រង់។ គម្រោងនេះ បានខកខាន ព្រោះតែសាលារាជធានីភ្នំពេញហាមឃាត់៖«បានទៅចរចាជាមួយសាលាក្រុងហើយ សាលាក្រុង បានបដិសេធ អត់ឲ្យធ្វើទេ ខ្លាចកកស្ទះចរាចរណ៍។ គាត់មិនឲ្យទេ។ គាត់សុំឲ្យយើងធ្វើនៅនឹងកន្លែង។ គ្រាន់តែជិះកង់ វាជារឿងធម្មតាមួយ។ សំខាន់យើងមានអ្នករៀបចំត្រឹមត្រូវ ។ វាមិនអាចបង្កឲ្យស្ទះអីទេ ។ យើងគ្រាន់តែ ជូនដំណឹង ទៅអាជ្ញាធរមូលដ្ឋានឲ្យដឹងមុន តែដល់តែគាត់ដឹង គាត់បដិសេធ»។
ឆ្លើយតបទៅនឹងការហាមឃាត់ក្រុមស្ត្រីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ដោយខ្លីថា គ្មានហេតុផលអ្វីផ្សេងក្រៅអំពីស្នើឲ្យមានការយោគយល់ ទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍ទេ៖«សូមមេត្តាយោគយល់ទាក់ទងទៅនឹងបញ្ហាចរាចរណ៍ ព្រោះថ្ងៃទី៨ ស្អែកនេះ ក៏មានខាងផ្សេងទៀតគាត់ ធ្វើការ ធាក់កង់ដូចគ្នាដែរ»។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានមតិថា គួរឲ្យសោកស្ដាយដែលអាជ្ញាធរតែងលើកហេតុផលដដែលៗ ដោយឈរលើហេតុផលកកស្ទះចរាចរណ៍ ដោយបានកំហិតទៅលើសេរីភាពប្រមូលផ្ដុំដោយសន្តិវិធី ដែលអាជ្ញាធរគួរតែពិចារណាឡើងវិញ។
សេចក្ដីថ្លែងការណ៍របស់ក្រុមស្ត្រីចេញផ្សាយនៅថ្ងៃទី៧ មីនា ឲ្យដឹងថា ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៦ លើកទី១០៥ ក្រោមប្រធានបទ "បញ្ឈប់ហិង្សាលើស្ត្រី"។ ពួកគេគ្រោងដាក់ញត្តិទៅរដ្ឋសភា ដោយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ អនុវត្តទិសដៅសមភាពយេនឌ័រ ផ្ដល់ភាពអង់អាចដល់គ្រប់ស្ត្រី និងក្មេងស្រី នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
ញត្តិនោះ ក៏ស្នើឲ្យកំណត់យន្តការជាក់លាក់ និងឲ្យមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ និងទប់ស្កាត់អំពើហិង្សាគ្រប់រូបភាព និងបញ្ចូលខ្ទង់ថវិកាជាក់លាក់ក្នុងថវិការបស់ជាតិ សម្រាប់គាំទ្រដល់ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធប្រកបដោយតម្លាភាព រួមទាំងស្នើឲ្យរដ្ឋាភិបាល ធានាថា មិនឲ្យមានរាល់ទម្រង់នៃការបង្កហិង្សារវាងអ្នកទាមទារសិទ្ធិ និងអាជ្ញាធរអនុវត្តន៍ច្បាប់។
សេចក្ដីថ្លែងការណ៍ដដែលឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលកំពុងស្ថិតក្នុងកាលៈទេសៈមួយប្រឈមទៅនឹងការរំលោភសិទ្ធិស្ត្រីយ៉ាងធ្ងន់ធ្ងរ ក្នុងវិស័យកាត់ដេរ វិស័យដីធ្លី វិស័យធនធានធម្មជាតិ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យស្ត្រីនៅក្នុងសេវាកម្មកម្សាន្ត វិស័យនយោបាយ ស្ត្រីបម្រើការតាមផ្ទះ ស្ត្រីធ្វើចំណាកស្រុកទៅក្រៅប្រទេស និងវិស័យផ្សេងៗទៀត។
ទោះបីជាយ៉ាងណា ទាក់ទងទៅនឹងការហាមឃាត់របស់សាលារាជធានីមិនឲ្យក្រុមស្ត្រីជិះកង់នេះ ពួកគេនៅមិនទាន់ប្រាកដទេថា តើពួកគេបន្តធ្វើ ឬយ៉ាងណា?
ទាក់ទងនឹងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នេះដែរ គណៈកម្មាធិការទទួលបន្ទុកការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា ស៊ីដ នៅថ្ងៃទី៧ មីនា នេះ ចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យរដ្ឋាភិបាលនៅលើពិភពលោក ផ្ដោតការយកចិត្តទុកដាក់លើស្ត្រី និងកុមារីជនបទ ដោយទទួលស្គាល់តួនាទីរបស់ពួកគេក្នុងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។
សេចក្តីថ្លែងការណ៍លើកឡើងថា ស្ត្រីជនបទមានមួយភាគបួននៃប្រជាជនសរុបលើពិភពលោក។ ពួកគេបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍជនបទ ស្បៀងអាហារ និងអាហារូបត្ថម្ភ ព្រមទាំងការកាត់បន្ថយភាពក្រីក្រ។ ទោះបីជាបែបនេះក្តី ពួកគេនៅបន្តជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងការអនុវត្តសិទ្ធិស្ត្រីឲ្យបានពេញលេញ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា តម្រូវការជាក់លាក់របស់ស្ត្រីមិនត្រូវបានដោះស្រាយត្រឹមត្រូវក្នុងច្បាប់ គោលនយោបាយថវិកាជាតិ និងថវិកាមូលដ្ឋានឡើយ។ ពួកគេនៅតែត្រូវបានផាត់ចេញពីភាពជាអ្នកដឹកនាំ និងមុខតំណែងធ្វើការសម្រេចចិត្តនៅគ្រប់កម្រិត ដោយសារតែផ្នត់គំនិតអវិជ្ជមាន អំពើហិង្សាដោយសារយេនឌ័រ និងការទទួលបានមិនគ្រប់គ្រាន់នូវធនធាន និងសេវាសង្គមជាមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។