មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បានចេញផ្សាយកម្រងសិក្សាមួយ នៅថ្ងៃទី៨ ខែកុម្ភៈ ស្ដីពីការបង្ក្រាបទៅលើអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) មានការកើនឡើង។
នៅក្នុងសលាកបត្រព័ត៌មាននេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាត់ទុកហ្វេសប៊ុក គឺជាសមរភូមិថ្មីសម្រាប់សេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា បន្ទាប់ពីមានមនុស្ស ៧នាក់ ត្រូវបានចាប់ខ្លួន និង ២៤នាក់ផ្សេងទៀត រងការគំរាមកំហែងជាសាធារណៈ គិតចាប់ពីខែសីហា ឆ្នាំ២០១៥ ដល់ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសារបង្ហោះសារ ឬបញ្ចេញមតិយោបល់តាមបណ្ដាញអ៊ីនធឺណិត (Internet)។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា ការកើនឡើងនូវការចាប់ខ្លួនរបស់ប្រជាពលរដ្ឋ ដោយសារការរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុគ្គលសាធារណៈល្បីៗ បានគំរាមកំហែងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងបរិយាកាសសេរី និងបើកចំហនៅកម្ពុជា។ ការប្រើប្រាស់បទបរិហារកេរ្តិ៍ និងការញុះញង់ ដើម្បីរារាំងការរិះគន់លើបុគ្គលសាធារណៈ គឺជាការរំលោភបំពានដល់សិទ្ធិសេរីភាពមូលដ្ឋានខាងការបញ្ចេញមតិ ដូចដែលបានប្រកាសក្នុងលិខិតុបករណ៍អន្តរជាតិ និងស្ថាប័នអន្តរជាតិជាច្រើន។ ការរិះគន់ទៅលើមន្ត្រីសាធារណៈ គឺមានសារសំខាន់ ដើម្បីឲ្យពួកគេមានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។