"ប្រជាធិបតេយ្យ​កម្ពុជា​នឹង​ដើរ​ថយ​ក្រោយ​បើ​លោក​ខាង​លិច​ផ្ដាច់​ជំនួយ"

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ យល់​ឃើញ​ថា ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​មិន​អាច​រីកចម្រើន​បាន​ទេ បើសិនជា​សហគមន៍​អន្តរជាតិ​សម្រេច​កាត់ផ្ដាច់ ឬ​កាត់​បន្ថយ​ជំនួយ​មែន​នោះ។ ពួកគេ​បញ្ជាក់​ថា ជំនួយ​បរទេស ពិសេស​ជំនួយ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺ​ជា​ដើមទុន​ក្នុង​ការ​កសាង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹងមាំ​នៅ​កម្ពុជា។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ទទួល​ស្គាល់​បញ្ហា​នេះ ប៉ុន្តែ​ថា កម្ពុជា​មិន​អាច​រង​សម្ពាធ​ពី​ខាង​ក្រៅ​ជុំវិញ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​បាន​ឡើយ។

អង្គការ​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ដូចគ្នា​ថា បើសិនជា​រដ្ឋាភិបាល​នៅ​ព្រងើយកន្តើយ​ចំពោះ​ការ​គំរាម​កាត់ផ្ដាច់​ជំនួយ​ពី​ប្រទេស​លោក​ខាង​លិច​ទៀត​នោះ វា​នឹង​រុញច្រាន​កម្ពុជា ឱ្យ​ក្លាយ​ជា​ប្រទេស​កុម្មុយនិស្ត​សា​ជា​ថ្មី និង​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ។ ពួកគេ​ថ្លែង​បែប​នេះ បន្ទាប់​ពី​គណៈកម្មាធិការ​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​អនុម័ត​សេចក្ដី​ព្រាង​ថវិកា​មួយ​កាល​ពី​ចុង​ខែ​មិថុនា ដែល​មាន​ចែង​អំពី​លក្ខខណ្ឌ​រឹត​បន្តឹង​ជំនួយ ៧៧,៨​លាន​ដុល្លារ​មក​កម្ពុជា សម្រាប់​ឆ្នាំ​២០១៧ ខាង​មុខ ដរាបណា​រដ្ឋាភិបាល​នៅតែ​បន្ត​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង​ទៀត​នោះ។

​គណៈកម្មាធិការ​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ហើយ​ថា វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៧ ខាង​មុខ។

លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​ដឹកនាំ​រដ្ឋាភិបាល ប្រតិកម្ម​ថា អាមេរិក​មាន​សិទ្ធិ​ក្នុង​ការ​ផ្ដល់ ឬ​មិន​ផ្ដល់​ជំនួយ​មក​ឱ្យ​កម្ពុជា ពីព្រោះ​ខ្លួន​ជា​ម្ចាស់​ជំនួយ។ លោក​ឆ្លើយ​តប​ទៅ​នឹង​ក្ដី​បារម្ភ​របស់​គណៈកម្មាធិការ​ថវិកា​នៃ​ព្រឹទ្ធសភា​អាមេរិក​ថា កម្ពុជា​មិន​មាន​ការ​យាយី​សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង​នោះ​ទេ ហើយ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​កន្លង​មក គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់។

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ ទទួលស្គាល់​ថា បើ​មានការ​កាត់​ផ្ដាច់​ជំនួយ​មែន វា​នឹង​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​អនុវត្ត​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា កម្ពុជា​ត្រូវ​អនុវត្ត​ច្បាប់​របស់​ខ្លួន៖ «យើង​ទៅ​តាម​ដំណើរ​ហ្នឹង​ទៅ ប្រជាជន​កម្ពុជា ធ្លាប់​ឆ្លង​កាត់​ដំណាក់កាល​វេទនា មិន​មែន​ត្រឹម​ថ្ងៃ​នេះ​ស៊ី​បាយ​ទេ ធ្លាប់​ស៊ី​ពោត ស៊ី​ស្រូវ​សាលី​ដែរ​តើ! តាំង​ពី​ឆ្នាំ​១៩៧៩ មក។ យើង​ធ្វើ​ទៅ​តាម​កម្មវិធី​គោលការណ៍​របស់​យើង​ត្រឹមត្រូវ​ដែល​គាំទ្រ​ដោយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​លើសលប់។ ចង់​មិន​ចង់ វា​ប៉ះ​ខ្លះ​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​យល់​ថា វា​ប៉ះ​ខ្លាំង ប៉ះ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ធំ​ដែល​ទទួល​ជំនួយ។ ជាង ៧០​លាន​ដុល្លារ​ហ្នឹង ភាគ​ច្រើន​បាន​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទេ»

ការ​ឆ្លើយ​តប​របស់​លោក សុខ ឥសាន គឺ​ដូចគ្នា​ទៅ​នឹង​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា កន្លង​ទៅ​ដែល​ថា លោក​មិន​បារម្ភ​នឹង​ការ​កាត់​ផ្ដាច់​ជំនួយ​របស់​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​សំដៅ​សហភាព​អឺរ៉ុប ដែល​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ព្រមាន​បង្កក​ជំនួយ​អភិវឌ្ឍន៍ ប្រសិនបើ​មិន​មាន​ការ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ទេ​នោះ៖ «អាង​អី​អាង​កាត់ (ជំនួយ) ពេល​ខ្លះ​ខ្ញុំ​ថា កាត់ៗ​ទៅ! អ្នក​ដែល​ងាប់​មុន​គេ គឺ​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ណា​ដែល​ធ្វើ​ការ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ស៊ី​ប្រាក់ខែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អ្នក​ហ្នឹង​ងាប់​មុន​គេ ព្រោះ​គេ​មាន​ផ្ដល់​មក​ឱ្យ​រដ្ឋាភិបាល​ពី​អង្កាល់»

​បើ​ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​កាន់​អំណាច​ព្យាយាម​អះអាង​បែប​នេះ​ក្តី ក៏​ការសិក្សា​បង្ហាញ​យ៉ាង​ច្បាស់​ថា ទឹកប្រាក់​ទាំង​នោះ​គឺ​ត្រូវ​ផ្ដល់​មក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។ ជា​ឧទាហរណ៍ ទឹក​ប្រាក់​ជំនួយ​ជាង ៤០០​លាន​អឺរ៉ូ ឬ​ស្មើ​នឹង​ជិត ៥០០​លាន​ដុល្លារ​អាមេរិក ដែល​សហភាព​អឺរ៉ុប​សន្យា​ផ្ដល់​មក​ឱ្យ​កម្ពុជា ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០ គឺ​ជា​ជំនួយ​គាំទ្រ​ដល់​ការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ ជាពិសេស​គឺ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ជំនួយ​ទាំង​នោះ​ទ្រទ្រង់​សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​ក្នុង​វិស័យ ៣​សំខាន់ គឺ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​គ្រប់គ្រង​ធនធានធម្មជាតិ ការ​ផ្ដល់​នូវ​ការ​អប់រំ​ដែល​មាន​គុណភាព​ល្អ​ប្រសើរ និង​ការ​អនុវត្ត​កំណែ​ទម្រង់​រដ្ឋបាល និង​អភិបាលកិច្ច ដូចជា​កំណែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ និង​កំណែទម្រង់​ការ​បោះឆ្នោត​ជាដើម។

ចំពោះ​ជំនួយ​ដែល​សហភាព​អឺរ៉ុប ផ្ដល់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​វិញ គឺ​ជា​ជំនួយ​ផ្ដោត​លើ​កម្មវិធី​ជាក់លាក់​ដែល​គ្របដណ្ដប់​លើ​វិស័យ​មួយ​ចំនួន ដូចជា សិទ្ធិមនុស្ស អភិបាលកិច្ច​មូលដ្ឋាន ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ការពារ​បរិស្ថាន ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​សមភាព​យេនឌ័រ ជាដើម។ ជំនួយ​ទាំង​នោះ​ត្រូវ​បាន​ផ្ដល់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​តាម​រយៈ​សំណើ​សុំ​ដែល​ត្រូវ​ឆ្លងកាត់​ការ​ប្រកួតប្រជែង។ បច្ចុប្បន្ន សហភាព​អឺរ៉ុប​ផ្ដល់​ជំនួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​ជាង ៧០ នៅ​ទូទាំង​ប្រទេស ដែល​មាន​ទឹកប្រាក់​សរុប​ជាង ៦០​លាន​អឺរ៉ូ។

​ចំណែក​ឯ​ជំនួយ​ជិត ៨០​លាន​ដុល្លារ​របស់​សហរដ្ឋអាមេរិក នៅ​ពេល​នេះ​វិញ គឺ​ជា​ជំនួយ​ផ្តោត​លើ​កម្មវិធី​សុខភាព ការ​អភិវឌ្ឍ ជំនួយ​សម្រាប់​ការ​អប់រំ និង​ហ្វឹកហ្វឺន​យោធា ការ​ប្រឆាំង​ភេរវកម្ម ការ​ដោះ​មីន និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេង​ទៀត។

អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា ជំនួយ​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច គឺ​ជា​ជំនួយ​ដែល​កម្ពុជា ត្រូវការ​ជា​ចាំបាច់​ដើម្បី​កសាង​សង្គម​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ពិតប្រាកដ។ លោក​ថា ការ​កាត់​ផ្ដាច់​ជំនួយ​ណា​មួយ​ពី​ក្រុម​ប្រទេស​ទាំង​នោះ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា ធ្លាក់​ចុះ​ការ​អភិវឌ្ឍ ហើយ​ពេល​នោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នឹង​មិន​អាច​ឈរ​ជើង​នឹង​បាន​ឡើយ៖ «កុំ​ភ្លេច​ថា កម្ពុជា ជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​កម្ពុជា ជា​សមាជិក​នៃ​អង្គការ។ កម្ពុជា​បាន​ផ្តល់​ហត្ថលេខី និង​បត្យាប័ន​ទៅ​លើ​កតិកាសញ្ញា និង​សន្ធិសញ្ញា​ទាំង​ឡាយ​ស្តី​អំពី​សិទ្ធិមនុស្ស ធានា​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ៊ីចឹង​បើសិនជា​ម្ចាស់​ជំនួយ​ច្រើន​ត្រូវ​បាន​កាត់ផ្ដាច់ នោះ​កម្ពុជា យើង​នឹង​អាច​ជួប​វិបត្តិ ហើយ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា យើង​នឹង​ធ្លាក់​ចុះ​ជា​បន្ត​ទៀត»

​ស្រដៀង​គ្នា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​អភិបាលកិច្ច បណ្ឌិត ចាន់ វិបុល មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​យក​ចិត្តទុកដាក់​នឹង​ជំនួយ​របស់​បស្ចិម​ប្រទេស ត្បិត​ជំនួយ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា អភិវឌ្ឍ​មក​ទល់​នឹង​សព្វថ្ងៃ និង​បន្តិច​ម្តងៗ ពង្រឹង​នូវ​ប្រជាធិបតេយ្យ និង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​ប្រទេស។

លោក​ថា ការ​មិន​បារម្ភ​នឹង​ជំនួយ​បរទេស​នេះ មិន​មែន​ជា​ជម្រើស​ល្អ​នោះ​ទេ ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ផលវិបាក​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ នៅ​ពេល​ប្រទេស​ទាំង​នោះ​សម្រេច​កាត់​ផ្ដាច់​ជំនួយ​មែន៖ «ប្រតិបត្តិការ​របស់​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ទៅ​លើ​វិស័យ​សុខាភិបាល កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នឹង​ត្រូវ​បាន​កាត់​បន្ថយ។ បើ​យើង​មើល​ក្នុង​វិស័យ​សេដ្ឋកិច្ច ប្រសិនបើ​មាន​ការ​កាត់​ជំនួយ​នេះ ក៏​ឈាន​ដល់​ការ​កាត់​បន្ថយ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​ធុរកិច្ច។ បើ​កាល​ណា​កាត់​បន្ថយ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ពី​ប្រទេស​មហា​អំណាច យើង​ឃើញ​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​អំពី​ប្រតិបត្តិការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ខ្លះ​ដែរ»

​បន្ថែម​ពី​លើ​នេះ បណ្ឌិត ចាន់ វិបុល ថ្លែង​ទៀត​ថា ជំហរ​តឹងតែង​របស់​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ជំនួយ​បស្ចិម​ប្រទេស​នេះ នឹង​ធ្វើ​ឱ្យ​ខាតបង់​ផ្នែក​នយោបាយ​ការបរទេស ពីព្រោះ​វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​កៀរគរ​គ្នា​ក្នុង​ចំណោម​ប្រទេស​មហាអំណាច និង​ម្ចាស់​ជំនួយ​ធំៗ ផ្អាក​ការ​ផ្ដល់​ជំនួយ​មក​កម្ពុជា ថែម​ទៀត។

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​អ្វី​ដែល​ម្ចាស់​ជំនួយ​ស្នើ​ឡើង និង​ដោះស្រាយ​វិបត្តិ​ទាំង​នោះ​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​កម្ពុជា៖ «តាមរយៈ​អង្គការ​សង្គម​ស៊ីវិល​ក្ដី រដ្ឋាភិបាល​ក្ដី ក្នុង​ការ​ពង្រឹង​ការ​យល់​ដឹង​របស់​ប្រជាជន​កម្ពុជា អំពី​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ខ្ញុំ​ឃើញ​ទាំង​អស់​នេះ​ហើយ​គឺ​ជា​លទ្ធផល​ចេញ​ពី​ថវិកា​ដ៏​ក្រាស់ក្រែល​ដែល​កម្ពុជា បាន​ទទួល​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​នេះ។ ក៏ប៉ុន្តែ​បើសិនជា​យើង​អត់​បាន​ធនធាន​ទាំង​អស់​នេះ​ទេ ការ​យល់​ដឹង​អំពី​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា និង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​នេះ ខ្ញុំ​ឃើញ​ថា នៅ​ជា​ដំណើរ​វែងឆ្ងាយ​ណាស់។ អ៊ីចឹង​នេះ​គឺ​ជា​ឥទ្ធិពល​ដ៏​វិជ្ជមាន​មួយ ដោយ​ការ​ប្រើប្រាស់​ធនធាន​ពី​បរទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប»

មក​ទល់​ពេល​នេះ ការ​ព្រួយ​បារម្ភ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ការ​អំពាវនាវ​ទាំង​ឡាយ​របស់​ប្រទេស​ម្ចាស់​ជំនួយ មិន​ទាន់​ត្រូវ​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា នៅ​ឡើយ។ បញ្ហា​ទាំង​នោះ​មាន​ជា​អាទិ៍ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិមនុស្ស និង​គណបក្ស​ប្រឆាំង ធានា​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ពេញលេញ ដែល​រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូលផ្ដុំ ជាពិសេស​ការ​បន្ត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។