អនុ​ប្រធាន​ភូមិ​នៅ​ព្រៃវែង​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ

ប្រជាពលរដ្ឋ​បាន​អះអាង​ថា អាជ្ញាធរ​ភូមិ​នៅ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ដំ​ទៅ​លើ​រូប​លោក​នៅ​ពេល​ដែល​ខ្លួន​ទៅ​ប្ដឹង​រក​ខុស​ត្រូវ​ពី​អាជ្ញាធរ ឲ្យ​ដោះស្រាយ​ជម្លោះ​ពាក្យ​សម្ដី​រវាង​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ក្បែរ​គ្នា។ ប៉ុន្តែ អាជ្ញាធរ​ភូមិ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។

0:00 / 0:00

វិវាទ​មួយ​នេះ កើត​ឡើង​បន្ទាប់​ប្រជាពលរដ្ឋ​ម្នាក់​បាន​ទៅ​ប្ដឹង​ឲ្យ​លោក​អនុ​ប្រធាន​ភូមិ​ព្រៃព្រហ្ម ឃុំ​ពោទី ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង ដើម្បី​ឲ្យ​លោក​ជួយ​រក​ខុស​ត្រូវ​ដោះស្រាយ​ទំនាស់​របស់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ទី៣ កញ្ញា។

ប្រជាពលរដ្ឋ​ឈ្មោះ លោក អឿន ស្រឿ រស់នៅ​ភូមិ​ព្រៃព្រហ្ម ឃុំ​ពោទី ថ្លែង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ដល់​ផ្ទះ​អនុ​ប្រធាន​ភូមិ លោក​ថា ពេល​នោះ​ស្រាប់​តែ​គូ​ទំនាស់​របស់​លោក​ក៏​បាន​ទៅ​ដល់​ផ្ទះ​របស់​អនុ​ប្រធាន​ភូមិ​ដែរ។ លោក​ថា មួយ​រំពេច​នោះ ស្រាប់​តែ​បាន​ផ្ទុះ​វិវាទ​ពាក្យ​សម្ដី​ឌឺដង​គ្នា​កើត​ឡើង។ លោក​ថា ពេល​នោះ​អាជ្ញាធរ​ភូមិ​ខឹង​សម្បារ ហើយ​បាន​វាយ​ចំ​មុខ​របស់​ខ្លួន​ចំនួន ២​ដៃ៖ «វាយ​ហ្នឹង​វា​នេះ​ដែរ ហ្នឹង​មា​វិល​ហ្នឹង វាយ​ដៃ​ទេ​បង ដាល់​ហ្មង។ បាន​ឈ្លោះ​ប្រកែក​តិចតួច​ជាមួយ​ប្អូន​គេ ផុន រុំ ហ្នឹង នៅ​កន្លែង​ផ្ទះ​ហ្នឹង។ ដល់​អ៊ីចឹង រួច​នេះ​ទៅ​ហ្នឹង ក៏​ទៅ​ប្ដឹង ហុង ម៉ាប់ ហ្នឹង។ ខ្ញុំ​ក៏​ចូល​ទៅ គេ​ប្ដឹងៗ​ថា​អ៊ី​ឯង​វាយ​អញ ហើយ​ទៅ​ប្ដឹង​ទៀត។ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​ក៏​ចេញ​មក គេ​ថា​កុំ​ទុក​កាប់​កាំបិត​ដាច់​ក។ ខ្ញុំ​ស្ទុះ​ទៅ​រង។ ស្ទុះ​ទៅ ហុង ម៉ាប់ ហ្នឹង​បាន​នេះ​មក​ចាប់​ខ្ញុំ​ដាល់ ២​ដៃ​ឡើង​វិល​បង​អើយ! ហ្នឹង​អនុ​ភូមិ​ណា​ហ្នឹង ខ្ញុំ​ថា​អនុ​ភូមិ​អី​ធ្វើ​អ៊ីចឹង ខ្ញុំ​ថា​អ៊ីចឹង»

លោក​ថា ដើម​ឡើយ លោក​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​ជាមួយ​គូ​ភាគី​ឈ្មោះ លោក ផុន រុំ ដែល​ជា​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា។ លោក​ថា បុរស​ឈ្មោះ ផុន រុំ ត្រូវ​ជា​ក្មួយ​បង្កើត​របស់​លោក​អនុ​ប្រធាន​ភូមិ។ លោក​ថា អាជ្ញាធរ​ភូមិ​មិន​ត្រឹម​តែ​វាយ​ដំ​មក​លើ​រូប​រាង​កាយ​របស់​លោក​ប៉ុណ្ណោះ​ទេ ហើយ​លោក​អនុ​ប្រធាន​ភូមិ​ថែម​ទាំង​បាន​ប្ដឹង​ប៉ូលិស​ឲ្យ​ចាប់​រូប​លោក​ទៀត​ផង។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ អនុ​ប្រធាន​ភូមិ​ព្រៃព្រហ្ម លោក ហុង ម៉ាប់ បញ្ជាក់​ឲ្យ​ដឹង​ថា លោក​ពុំ​បាន​វាយ​ដំ​ទៅ​លើ​រូប​រាង​កាយ​របស់​ប្រជាពលរដ្ឋ​ដូច​ការ​លើក​ឡើង​ឡើយ៖ «ខ្ញុំ​ការ​ដែល​វាយ​ដែល​ដំ​ហ្នឹង ខ្ញុំ​អត់​បាន​ដឹង​ដែរ​បង ព្រោះ​មនុស្ស​ហ្នឹង​ស្រវឹង​មិន​ដឹង​មក​ពី​ណា​អី​ពី​ណា ខ្ញុំ​បាន​ដឹង​ទេ​បង។ ខ្ញុំ​គ្រាន់​តែ​សុំ​ផ្ដល់​ព័ត៌មាន​បង​ឲ្យ​បាន​ដឹង​ថា មនុស្ស​ហ្នឹង​ចូល​មក​អុក​ឡុក​ផ្ទះ​ខ្ញុំ​តែ​ប៉ុណ្ណឹង។ គ្រាន់​តែ​ខ្ញុំ​បាន​ចាប់​ប្រតាយប្រតប់​គ្នា​ចេញ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​រឿង​កើត​នៅ​ក្នុង​ផ្ទះ​ខ្ញុំ​តែ​ប៉ុណ្ណឹង​បង»

លោក​ថា ជន​បង្ក​បាន​ចូល​ធ្វើ​ការ​អុកឡុក និង​បង្ក​ភាព​អានាធិបតេយ្យ​ក្នុង​ផ្ទះ​របស់​លោក ហើយ​បញ្ហា​នេះ លោក​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ​របស់​គ្រួសារ​លោក។

មន្ត្រី​សម្រប​សម្រួល​អង្គការ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អៀង គិមលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ទាំង​ឡាយ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​បក្ខពួក ឬ​ជា​សាច់ញាតិ​របស់​ខ្លួន​ឡើយ។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ក៏​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​លើ​រូប​រាង​កាយ​របស់​ប្រជាពលរដ្ឋ​ដែរ៖ «ទោះ​បី​ជា​មាន​បញ្ហា​យ៉ាង​ម៉េច​ក៏ដោយ ព្រោះ​ខ្លួន​គាត់​ក្នុង​នាម​ជា​អាជ្ញាធរ គាត់​កំពុង​បំពេញ​កាតព្វកិច្ច​ឲ្យ​គេ នៅ​ពេល​ដែល​គេ​ទៅ​ពឹង​គាត់​ឲ្យ​គាត់​ជួយ​ដោះស្រាយ​នៅ​លើ​ករណី​ហ្នឹង ទោះ​បី​យ៉ាង​ណា គាត់​មិន​ត្រូវ​ប្រើ​ហិង្សា​ដែរ។ ពាក្យ​ថា​ប្រើ​ហិង្សា គឺ​ខុស​ហើយ ព្រោះ​យើង​ត្រូវ​ដោះស្រាយ​រឿង​អ្វី​ក៏ដោយ ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី»

អ្នកស្រី​ថា អាជ្ញាធរ​ប៉ូលិស គួរ​ពិនិត្យ​តាម​ដាន​រក​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​ចៀសវាង​ការ​ចោទ​ប្រកាន់​មនុស្ស​ច្រឡំ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រជាពលរដ្ឋ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។