"ជន​ពិការ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ពេល​បោះឆ្នោត"

0:00 / 0:00

អង្គការ​ជន​ពិការ​កម្ពុជា រក​ឃើញ​ថា ជន​ពិការ​នៅ​តែ​ជួប​ការ​លំបាក​ក្នុង​ពេល​បោះឆ្នោត។ ចំណែក​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថា គ.ជ.ប នឹង​យក​បញ្ហា​របស់​ជន​ពិការ​យក​ទៅ​ដោះស្រាយ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​ជន​ពិការ​ពេល​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

ក្រោយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ អង្គការ​ជន​ពិការ​កម្ពុជា សម្រេច​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ការ​លំបាក​របស់​ជន​ពិការ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ដើម្បី​ផ្សព្វផ្សាយ​ទៅ គ.ជ.ប និង​អ្នក​ពាក់ព័ន្ធ​បាន​ដឹង​រឿង​នេះ។

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន ឲ្យ​ដឹង​ថា បញ្ហា​ដែល​ជន​ពិការ​ជួបប្រទះ គឺ​ ការ​មិន​ផ្ដល់​តម្លៃ​ជន​ពិការ​ក្នុង​ពេល​ឈរ​រង់ចាំ​ហិប​ឆ្នោត​ខ្ពស់ បន្ទប់​សម្ងាត់​តូច​ចង្អៀត និង​ជន​ពិការ​គ​ថ្លង់​មិន​ទាន់​ទទួល​ព័ត៌មាន​ត្រឹមត្រូវ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជាដើម។ លោក​បន្ត​ថា នៅ​សប្ដាហ៍​ក្រោយ​អង្គការ​ជន​ពិការ​នឹង​រៀបចំ​របាយការណ៍​ស្ដីពី​បញ្ហា​របស់​ជន​ពិការ ដាក់​ទៅ​ក្រសួង​សង្គមកិច្ច និង​អតីត​យុទ្ធជន គ.ជ.ប ម្ចាស់​ជំនួយ និង​អង្គការ​ពាក់ព័ន្ធ​ដើម្បី​ជួយ​ដល់​ជន​ពិការ៖ «អ៊ីចឹង​ការ​ជួយ​របស់​គាត់​នេះ (គ.ជ.ប) យើង​អាច​ទទួល​យក​បាន​ពី ៥០ ទៅ ៦០​ភាគរយ ប៉ុន្តែ​យើង​ទាមទារ​ឲ្យ គ.ជ.ប យក​ចិត្ត​ទុក​ដាក់​ជាង​នេះ​ថែម​ទៀត»

​ក្នុង​ច្បាប់​ស្ដីពី​កិច្ច​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ចែង​ថា ជន​ពិការ​ទាំង​អស់​ត្រូវ​បាន​ធានា​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ ជន​ពិការ​ជើង​ម្នាក់ លោក មាន វិបុលរតន ប្រាប់​ថា កាល​ពី​បោះឆ្នោត ការ​ធ្វើ​ដំណើរ​ចុះ​ឡើង​មិន​មែន​ជា​បញ្ហា​ទេ ប៉ុន្តែ​លោក​ជួប​បញ្ហា​ហិប​ឆ្នោត​ខ្ពស់​ពេក​ដែល​មិន​អាច​ឲ្យ​លោក​អាច​យក​សន្លឹក​របស់​ខ្លួន​ទៅ​ក្នុង​ហិប​ឆ្នោត​ដោយ​ខ្លួន​ឯង។ លោក​ថា ទោះ​លោក​ជន​ពិការ ប៉ុន្តែ​លោក​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ឆាក​នយោបាយ ឬ​សិទ្ធិ​បោះឆ្នោត ដូច្នេះ​បញ្ហា​ហិប​ឆ្នោត​ខ្ពស់ គឺ​ជា​ឧបសគ្គ​ក្នុង​បោះឆ្នោត​របស់​លោក៖ «ជន​ពិការ​ម្នាក់​សន្លឹក​ឆ្នោត​មួយ​សន្លឹក ដូច្នេះ​ខ្ញុំ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​សង្គម ហើយ​ការ​បោះឆ្នោត​ហ្នឹង​សង្ឃឹម​ថា ខ្ញុំ​នឹង​អាច​ចូល​រួម​បាន​យ៉ាង​ពេញលេញ»

ក្នុង​ចំណោម​អ្នក​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត ៨​លាន​នាក់ គ.ជ.ប បង្ហាញ​ថា ពលរដ្ឋ​ជាង ៨៩​ភាគរយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត។ ទាំង គ.ជ.ប និង​អង្គការ​ជន​ពិការ មិន​ទាន់​បង្ហាញ​តួលេខ​នៃ​ចំនួន​ជន​ពិការ​ដែល​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ទទួល​ស្គាល់​បញ្ហា​ប្រឈម​របស់​ជន​ពិការ​ដែល​ជួប​ការ​លំបាក​ក្នុង​ពេល​បោះឆ្នោត ប៉ុន្តែ​លោក​ថា បញ្ហា​កើត​ឡើង​តិចតួច​ប៉ុណ្ណោះ។ ទោះ​យ៉ាង​នេះ​ក្តី លោក​ថា គ.ជ.ប នឹង​លើក​បញ្ហា​របស់​ជន​ពិការ​លើក​ដាក់​លើ​តុ​ដើម្បី​ដោះស្រាយ​ថែម​ទៀត៖ «នេះ​ជា​សារ​ដើម្បី​ឲ្យ គ.ជ.ប ធ្វើ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​ពិការ​បន្ថែម​ទៀត»

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា លោក ងិន សៅរ័ត្ន យល់​ថា បើ​បញ្ហា​របស់​ជន​ពិការ​ដែល​ជួប​ប្រទះ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ នេះ ត្រូវ​បាន​អ្នក​ពាក់ព័ន្ធ​យក​មក​គិតគូរ​ដើម្បី​ដោះស្រាយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ការ​ប្រឈម​របស់​ជន​ពិការ​នឹង​ត្រូវ​កាត់​បន្ថយ ឬ​សង្គម​ទាំងមូល​នឹង​ផ្ដល់​អាទិភាព​ដល់​ជន​ពិការ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។