ក្រុមសហជីពដែលធ្វើការលើវិស័យឧស្សាហកម្មរោងចក្រកាត់ដេរ សំដែងការព្រួយបារម្ភថា សេរីភាពរបស់សហជីពកំពុងដើរថយក្រោយ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្ពុជា អះអាងថា មានថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពជាច្រើននាក់ ត្រូវបានភាគីរោងចក្របញ្ឈប់ពីការងារដោយពុំបានអនុវត្តតាមនីតិវិធីច្បាប់ស្ដីពីការងារ ហើយអ្នកទាំងនោះ កំពុងជាប់បណ្ដឹងនៅតុលាការទៀតផង។
គិតត្រឹមចុងឆ្នាំ២០១៤ កន្លងទៅនេះ មានសកម្មជនសហជីព ចំនួន ២២នាក់ហើយដែលត្រូវថៅកែរោងចក្រប្ដឹង និងបញ្ឈប់ពីការងារ ហើយបញ្ហានេះ ត្រូវបានប្រធានសម្ព័ន្ធសហជីពចលនាកម្មករចាត់ទុកថា គឺកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងគំរាមកំហែងដល់សុវត្ថិភាពការងាររបស់ពួកគេ។
ការថ្លែងដូចនេះ របស់លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ធ្វើឡើងនៅក្នុងសន្និសីទកាសែតរបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៧ មករា នៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាយរាជធានីភ្នំពេញ។ លោក ប៉ាវ ស៊ីណា អះអាងថា មូលហេតុដែលឈានដល់ការបណ្ដឹងក្រុមសកម្មជន សហជីព តាមផ្លូវតុលាការនេះ គឺដោយសារតែតុលាការហាក់ស្ថិតក្រោមឥទ្ធិពលរបស់ភាគីរោងចក្រ។ លោកបន្តថា នៅពេលណាមានការស្នើសុំពីរោងចក្រ តុលាការតែងចេញដីកាបញ្ឈប់សកម្មជនសហជីព ដែលពុំបានអនុវត្តតាមនីតិវិធីច្បាប់ត្រឹមត្រូវនោះម្ដងណាទេ។
លោក ប៉ាវ ស៊ីណា អំពាវសូមឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យឡើងវិញ អំពីរឿងនេះ ដោយហេតុថា វាហាក់ផ្ទុយនឹងច្បាប់ការងារដែលកាតព្វកិច្ចក្នុងការបញ្ឈប់ពីការងារប្រឆាំងសកម្មជនសហជីព គឺជាសិទ្ធរបស់អធិការកិច្ចនៃក្រសួងការងារឯណោះទៅវិញទេ៖ «គាត់មុននឹងឯកភាពទៅតាមរោងចក្រ។ គាត់ត្រូវពិនិត្យឡើងវិញ ថាច្បាប់ការងារហ្នឹងគេចែងយ៉ាងម៉េច។ បើគាត់អាងថា គាត់ជាចៅក្រម ជាព្រះរាជអាជ្ញា ចេះតែចេញលិខិតតាមរោងចក្រចង់បាន»។
បន្ថែមពីលើនេះទៀត លោក ប៉ាវ ស៊ីណា ឲ្យដឹងថា បើពិនិត្យដោយសើៗ គឺហាក់ឃើញមានភាពវិជ្ជមានសម្រាប់វិស័យកាត់ដេរនៅកម្ពុជា ក្នុងដំណាក់កាលចុងក្រោយនេះ ដូចជាដំឡើងប្រាក់ខែគោល និងបញ្ចុះថ្លៃភ្លើងសម្រាប់កម្មករ។ ក៏ប៉ុន្តែលោកអះអាងថា ផ្ទុយទៅវិញថ្នាក់ដឹកនាំ និងសកម្មជនសហជីពចលនាកម្មករ ត្រូវបានអាជ្ញាធរ និងម្ចាស់រោងចក្រប្ដឹងទៅតុលាការជាហូរហែ ក្រោមបទចោទថា ញុះញង់កម្មករឲ្យប្រព្រឹត្តបទឧក្រិដ្ឋក្នុងការធ្វើបាតុកម្ម និងកូដកម្មខុសច្បាប់ និងបិទផ្លូវសាធារណៈជាដើម។ ជាងនេះទៀត ក្រុមសហជីព ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាពិសេសនោះ គឺហាមមិនឲ្យដឹកនាំកម្មករតវ៉ាថែមទៀតផង។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ស្ថាប័នតុលាការហាក់ដូចមិនចាំបាច់កែទម្រង់អ្វីទៀតនោះទេ។ លោកអះអាងថា តាមពិតនេះជាវិវាទការងារ រវាងសហជីព និងភាគីរោងចក្រ ហើយជម្លោះនេះ បង្កឲ្យខូចខាតទ្រព្យសម្បត្តិដែលជាបទល្មើសព្រហ្មទណ្ឌជំរុញឲ្យតុលាការចាត់វិធានការតាមនីតិវិធីច្បាប់៖ «ជាវិវាទខាងកម្មករនិយោជិក និងនិយោជក ដែលវាឈានទៅការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ។ វាមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព ឬក៏សេរីភាពនៃការបញ្ចេញមតិអីទេ។ អានេះវាចូលទៅដល់ការប្រព្រឹត្តបទល្មើស»។
តំណាងសម្ព័ន្ធសហជីពចលនាកម្មករប្រចាំតំបន់សេដ្ឋកិច្ចពិសេស សេវិន អិនជី(7NG) លោកស្រី សយ ស្រស់ និយាយថា ការប្រឈមរបស់សកម្មជនសហជីពក្នុងដំណាក់កាលចុងក្រោយនេះ មិនត្រឹមប្រឈមមុខផ្លូវច្បាប់ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងត្រូវប្រឈមជាងនេះទៀត គឺអាយុជីវិតទៀតផង។ លោកស្រីបន្តថា នៅតំបន់សេដ្ឋកិច្ចពិសេសនោះ មានអ្នកកាងឲ្យថៅកែរោងចក្រសម្រាប់គំរាមកំហែងសកម្មជន សហជីពណាដែលហ៊ានតវ៉ា។ បន្ថែមពីលើនេះទៀតនោះ ផ្ទះជួលរបស់តំណាងសហជីពត្រូវអ្នកស៊ីឈ្នួលដែលកាងឲ្យថៅកែរោងចក្រ ចុះរុះរើសម្ភារៈ និងបណ្ដេញចេញពីផ្ទះជួលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទៀតផង៖ «ធាតុពិតទៅ សូម្បីតែផ្ទះជួលក៏គេឥតឲ្យពួកខ្ញុំនៅដែរ។ ទៅទិញម្ហូបអត់បានផង ជើងកាង ក្មេងស្ទាវ បួនប្រាំម៉ូតូតាម»។
វិទ្យុអាស៊ីសេរី ពុំអាចសុំការបំភ្លឺបានភ្លាមៗទេ ពីលោកស្រី ស្រី សុទ្ធា ដែលរងការចោទថា ជាអ្នកស៊ីឈ្នួលកាងឲ្យថៅកែរោងចក្រប្រចាំតំបន់សេដ្ឋកិច្ចពិសេស សេវិន អិន.ជី នៅថ្ងៃទី២៧ មករា។
យ៉ាងណាលោក ប៉ាវ ស៊ីណា ទម្លាក់ការទទួលខុសត្រូវក្នុងរឿងនេះថា ក្រុមអ្នកបញ្ជាទិញដែលមានម៉ាកល្បីៗ ដែលទទួលបញ្ជាទិញពីកម្ពុជា ដូចជា លីវ៉ាយ (Levi) និង វ៉ល់ម៉ាត (Walmart) ជាដើម ក៏ជាអ្នករួមចំណែកក្នុងការទទួលខុសត្រូវដែរ។ លោកព្រមានថា បើក្រុមអ្នកបញ្ជាទិញទាំងនេះ នៅតែបន្តទទួលបញ្ជាទិញដោយពុំបានពិនិត្យនូវលក្ខខណ្ឌរបស់ក្រុមហ៊ុនអ្នកផលិតទៀតទេ ក្រុមសហជីពនឹងផ្ទុះការតវ៉ាក្នុងខែ កុម្ភៈនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។