រដ្ឋាភិបាល​ចាត់​ទុក​របាយការណ៍​លោក ស៊ូប៊ែឌី ថា​មិន​ច្បាស់លាស់

នៅ​ថ្ងៃ​ទី៣ នៃ​ដំណើរ​បេសកកម្ម​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​លោក ឱម យ៉ិនទៀង ជុំវិញ​ភាព​រីក​ចម្រើន​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​មាន​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​លោក​កាល​ពី​ឆ្នាំ​មុន។

0:00 / 0:00

លោក ឱម យ៉ិនទៀង ថ្លែង​ថា របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​លោក សុរិយា ស៊ូប៊ែឌី ជា​របាយការណ៍​ឯកតោ​ភាគី និង​មិន​មាន​ភាព​ច្បាស់​លាស់។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី២៣ ខែ​ឧសភា ឆ្នាំ​២០១៣ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា ជំនួប​រវាង​លោក និង​លោក សុរិយា ស៊ូប៊េឌី ជា​ជំនួប​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​រីករាយ។ ក៏ប៉ុន្តែ ទោះ​ជា​ដូច្នេះ​ក្ដី លោក​ចាត់​ទុក​ថា របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ជា​គ្រាប់​ព្រួញ​សម្រាប់​កម្ពុជា៖ «របាយការណ៍​ហ្នឹង​ដូច​ព្រួញ​បាញ់​មក​តែ​ម្ខាង​អ៊ីចឹង។ ឱ្យ​ហូរ​ឈាម​រឹមៗ»

លោក​បន្ត​ថា នៅ​ក្នុង​ជំនួប​នេះ លោក សុរិយា ស៊ូប៊ែឌី មាន​គោល​បំណង​សុំ​ស្ដាប់​របាយការណ៍​រីក​ចម្រើន​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​អនុសាសន៍ ៤​ចំណុច​របស់​លោក ដែល​បាន​ផ្ដល់​ចំពោះ​រដ្ឋាភិបាល​តាម​រយៈ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស បន្ទាប់​ពី​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា លើក​ទី៨ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ កន្លង​ទៅ។ ក្នុង​អនុសាសន៍​ទាំង​នោះ គឺ​ពាក់ព័ន្ធ​នឹង​សភា កំណែ​ប្រព័ន្ធ​បោះឆ្នោត សម្បទាន​ដី​សេដ្ឋកិច្ច និង​ប្រព័ន្ធ​តុលាការ ដែល​លោក​បាន​ធ្វើ​បន្ទាប់​ពី​បេសកកម្ម​មក​កម្ពុជា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។

លោក​មាន​ប្រសាសន៍​ថា ចំណុច​ដែល​លោក សុរិយា ស៊ូប៊ែឌី សុំ​ស្ដាប់​របាយការណ៍​រីក​ចម្រើន​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្ត​អនុសាសន៍​ចំណុច​ទាំង​នេះ ដូច្នេះ លោក​ចាត់​ទុក​ថា លោក សុរិយា ស៊ូប៊ែឌី មិន​បាន​ពិនិត្យ​របាយការណ៍​របស់​រដ្ឋាភិបាល​ដែល​ជូន​លោក​ទេ។

លោក ឱម យ៉ិនទៀង៖ «យើង​បាន​ជូន​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ភ្នំពេញ ឱ្យ​បក​ប្រែ​ជា​ភាសា​អង់គ្លេស ឱ្យ​យើង​ទៀត។ អ៊ីចឹង យើង​បាន​បញ្ជូន​ទៅ​ឱ្យ​គាត់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ សូម​តែ​មួយ​បន្ទាត់​ក៏​គាត់​អត់​មើល​ដែរ។ គាត់​អត់​មើល​តែ​ម្ដង ព្រោះ​ក្នុង​អនុសាសន៍ ក្នុង​ចំណុច​តាំង​ពី​បញ្ហា​ដី​បឹងកក់ រឿង​បញ្ហា​ដី​សម្បទាន រឿង​បញ្ហា​ប្រព័ន្ធ​តុលាការ រឿង​ការ​បោះឆ្នោត ដែល​គាត់​លើក​ប៉ុន្មាន យើង​បាន​ធ្វើ​អត្ថាធិប្បាយ​ទៅ​គាត់ ចំណុច​ណា​យ៉ាង​ម៉េចៗ​លើ​បញ្ហា​នេះ។ ផ្ទុយ​ទៅ​វិញ គាត់​មក​សួរ​ដដែល បាន​ន័យ​ថា គាត់​អត់​បាន​អាន កុំ​ថា​មួយ​ទំព័រ មួយ​បន្ទាត់​ក៏​អត់​ដែរ»

លោក​ថ្លែង​ថា លោក សុរិយា ស៊ូប៊ែឌី ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កម្ពុជា មាន​មាគ៌ា និង​យុត្តិសាស្ត្រ​ល្អ ហើយ​លោក​គាំទ្រ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា បាន​ផ្ដល់​ផល​ដល់​ប្រជាជន​ម្នាក់ៗ​ដែរ។

ទាក់ទង​នឹង​ការ​បោះឆ្នោត​ដែល​មាន​អត្រា​អ្នក​បោះឆ្នោត​ថយ​ចុះ​ពីរ​ភាគរយ គឺ​ពី ៦៧% មក ៦៥% ត្រូវ​បាន​លោក ឱម យ៉ិនទៀង ពន្យល់​ថា បណ្ដាល​មក​ពី​កត្តា ២​សំខាន់ គឺ​ទី១ មក​ពី​បញ្ជី​ឈ្មោះ​ប៉ោង ដែល​លុប​មិន​បាន​អស់ ដូច​ជា​អ្នក​ស្លាប់ និង​អ្នក​ផ្លាស់​ប្ដូរ​ទី​កន្លែង។ ទី២ គឺ​ច្បាប់​បោះឆ្នោត​កម្ពុជា មិន​បាន​បង្គាប់​ឱ្យ​ចាប់​បង្ខំ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​ទេ។

លោក​បន្ថែម​ថា របាយការណ៍​របស់​លោក សុរិយា ស៊ូប៊ែឌី គឺ​ជា​របាយការណ៍​ដែល​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​តែ​ម្ខាង ហើយ​ត្រូវ​បាន​គណបក្ស​ប្រឆាំង​យក​ទៅ​ប្រើ​ដើម្បី​ចំណេញ​នយោបាយ។

ក្រោយ​ជំនួប​នៅ​ថ្ងៃ​ទី២២ ឧសភា នេះ លោក សុរិយា ស៊ូប៊ែឌី មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ក្បោះក្បាយ​ទេ អំពី​ខ្លឹមសារ​នៃ​កិច្ច​ប្រជុំ​នោះ៖ «ខ្ញុំ​នឹង​ចែក​រំលែក​ទស្សនៈ​របស់​ខ្ញុំ​ដល់​លោក​អ្នក នៅ​ថ្ងៃ​សៅរ៍។ ខ្ញុំ​មាន​កិច្ច​ប្រជុំ​ប្រកប​ដោយ​ភាព​ស្ថាបនា​ល្អ​ជា​មួយ​លោក ឱម យ៉ិនទៀង។ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ជា​ច្រើន ហើយ​ខ្ញុំ​នឹង​ចាត់​ការ​ដាក់​បញ្ចូល​ក្នុង​របាយការណ៍​របស់​ខ្ញុំ ហើយ​នឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​រក​ឃើញ ខ្ញុំ​នឹង​ចែក​រំលែក​នៅ​ថ្ងៃ​សៅរ៍»

ដំណើរ​ទស្សនកិច្ច​លើក​ទី៩ រយៈពេល​មួយ​សប្ដាហ៍​របស់​លោក សុរិយា ស៊ូប៊ែឌី នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី២៥ ឧសភា សប្ដាហ៍​នេះ ហើយ​លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​មួយ ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។