កុមារា​ពីរ​នាក់​ត្រូវ​បាន​ជីដូន​បង្ខំ​មិន​ឲ្យ​បួស​ជា​ព្រះសង្ឃ​បន្ទាប់​ពី​ម្ដាយ​ស្លាប់

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង ថ្កោលទោស​ចំពោះ​ជីដូន​របស់​កុមារា​ពីរ​នាក់ ដែល​រារាំង​មិន​ឲ្យ​ចៅ​បួស​រៀន​ធម៌​តាម​បែប​ព្រះពុទ្ធ​សាសនា ក្រោយ​ពេល​ម្ដាយ​ស្លាប់។ ម្ដាយ​មីង​របស់​កុមារ​ទាំង​ពីរ​នាក់ ចោទ​ជីដូន​នោះ​ថា​បាន​គំរាម​កំហែង និង​បង្ខំ​យក​ចៅ​ទៅ​នៅ​ជាមួយ ក្នុង​ចេតនា​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​ចៅ ផ្ទុយ​ពី​បណ្ដាំ​របស់​ម្ដាយ​មុន​ពេល​ស្លាប់។

កញ្ញា វន សៅរិន ដែល​បាន​ចិញ្ចឹម​បីបាច់​កុមារា ធុច វារិន អាយុ ១៤​ឆ្នាំ និង​កុមារា ធុច វារ៉ុង អាយុ ១៣​ឆ្នាំ ជាមួយ​ម្ដាយ​របស់​ពួក​គេ​ជិត ៤​ឆ្នាំ​កាល​នៅ​រស់ កំពុង​ស្វែងរក​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សិទ្ធិ​មនុស្ស ឲ្យ​ជួយ​ក្មួយ​បាន​បួស​ជា​សង្ឃ​ដូច​បំណង និង​មិន​អនុញ្ញាត​ឲ្យ​ជីដូន​គ្រប់គ្រង​ទ្រព្យ​សម្បតិ្ត។

ម្ដាយ​មីង​របស់​កុមារា​ទាំង​ពីរ​នាក់ គឺ​កញ្ញា វន សៅរិន ថ្លែង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ថា រូប​នាង​បាន​ចេញ​ពី​ផ្ទះ​នៅ​ភូមិ​ត្រពាំងធំ នៃ​ឃុំ​ពង្រ មក​រស់នៅ​ភូមិ​ថ្មី នៃ​ឃុំ​ពង្រ ជាមួយ​បង​ស្រី​ជីដូន​មួយ​ឈ្មោះ ស៊ន សារ៉ាត់ ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​លក់​នំ​បញ្ចុក​ចិញ្ចឹម​កូន​ប្រុស​ពីរ​នាក់។ កញ្ញា​ថា ក្រោយ​ពី​បង​ស្រី​ស្លាប់​មិន​ទាន់​ធ្វើ​បុណ្យ​ចប់​ស្រួល​បួល​ផង ស្រាប់​តែ​ជីដូន​មក​ដណ្ដើម​ចៅ និង​យក​ប្លង់​ដី​ទៅ​គ្រប់គ្រង៖ «ខ្ញុំ​មក​ដល់​វត្ត​ធម្មវ័ន្ដ សំពះ​សូម​អង្វរ​លោក​គ្រូ​ធំ (ព្រះចៅ​អធិការ) លោក​ថា​លោក​ព្រម​ទទួល​ហើយ តែ​លោក​ចៅ​អធិការ​វត្ត​ក៏​ពិបាក​ចិត្ដ​ដែរ ពេល​ឃើញ​ប្រទាញប្រទង់​ក្មួយ​អ៊ីចឹង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ ជីដូន​កុមារា​ទាំង​ពីរ​នាក់ គឺ​អ្នកស្រី ប៊ុត សារឿន មាន​ប្រសាសន៍​ថា រូប​គាត់​មិន​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​ចៅ​ទៅ​លក់​ដូរ​អ្វី​នោះ​ទេ គឺ​គ្រាន់​តែ​ចង់​បាន​ចៅ​ទៅ​រៀន​សូត្រ​នៅ​ភ្នំពេញ​ក្រោយ​អត់​ពី​ម្ដាយ។ អ្នកស្រី​ថា នឹង​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ឬ​ថ្នាក់​លើ​ទៀត ដើម្បី​បាន​ចៅ និង​ប្លង់​ដីធ្លី​មក​គ្រប់គ្រង​ទុក​ឲ្យ​ចៅ​ពេល​ធំ​ឡើង៖ «ខ្ញុំ​អត់​យក​ទៅ​លក់ គឺ​យក​ទុក​ឲ្យ​ចៅ​តែ​ម្ដង។ ខ្ញុំ​អត់​មាន​យក​ទុក​លក់​ចាយ​សម្រាប់​ខ្ញុំ​អត់​ទេ​ប្អូន។ ហើយ​ខ្ញុំ​អត់​ឲ្យ​អ្នក​ខាង​នេះ (ក្មួយ​ជីដូន​មួយ) យក​ទៅ​លក់ ឬ​ដាក់​ប្លង់​យក​លុយ​អី ខ្ញុំ​អត់​ទទួល​ស្គាល់ អត់​ទទួល​ដឹង​ឮ»

មេ​ភូមិ​ថ្មី ឃុំ​ពង្រ ស្រុក​រលាប្អៀរ លោក ជុំ គង្គារ ដែល​ទទួល​ភារៈ​សម្រប​សម្រួល​រឿងរ៉ាវ​នេះ ថ្លែង​ថា អ្នកស្រី ស៊ន សារ៉ាត់ បាន​ហៅ​រូប​លោក និង​សាក្សី​ក្នុង​ភូមិ​មួយ​ចំនួន​ទៀត​ទៅ​ផ្ដាំ​ផ្ញើ​មុន​ពេល​ស្លាប់ គឺ​ឲ្យ​កូន​ឈ្មោះ វារិន និង វារ៉ុង ទៅ​បួស ឬ​រស់នៅ​ជាមួយ​ប្អូន​ជីដូន​មួយ​ឈ្មោះ វន សៅរិន ដែល​ធ្លាប់​ចិញ្ចឹម​បីបាច់​ដោយ​មិន​ឲ្យ​ទៅ​នៅ​ជាមួយ​ជីដូន​ឡើយ ហើយ​បុណ្យ​សព​គាត់​ក៏​មិន​ឲ្យ​ញាតិ​ក្នុង​ភូមិ​ខ្វល់​ដែរ៖ «ទ្រព្យ​សម្បត្តិ​ទាំងអស់​ដែល​គាត់​មាន គឺ​ប្រគល់​ទៅ​ឲ្យ​ឈ្មោះ វន សៅរិន ជា​អ្នក​ចាត់​ចែង​ដើម្បី​ចិញ្ចឹម​ក្មួយ​ដែល​ជា​កូន​របស់​សព​ហ្នឹង​បន្ត​ទៅ​ទៀត។ នេះ​គឺ​ជា​បណ្ដាំ​ដែល​ខ្ញុំ​បាន​ទៅ​ទទួល​ផ្ទាល់​មាត់​ពី​គាត់»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែង​ថា បើ​ជីដូន​រូប​នោះ​ពិត​ជា​បាន​គំរាម ឬ​សម្លុត​ទាមទារ​កាន់​កាប់​ប្លង់​ដី និង​មិន​ឲ្យ​ចៅ​ទៅ​បួស​ជា​សង្ឃ តាម​ការ​ចង់​បាន​របស់​ក្មេង​នោះ​ពិត​មែន គឺ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​ខុស​ពី​ព្រះពុទ្ធ​សាសនា៖ «សមាគម​អាដហុក នឹង​ពិនិត្យ​មើល​សិន បើ​សិន​ជា​ជីដូន​នោះ​ទៅ​រារាំង ឬ​អុកឡុក​ចៅ​អធិការ មិន​ឲ្យ​ទទួល​សាមណេរ​នោះ គឺ​យើង​នឹង​ធ្វើ​អន្តរាគមន៍​ទៅ​សមត្ថកិច្ច»

ឪពុក​ម្ដាយ​របស់​កុមារា​ទាំង​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​អេដស៍ ហើយ​ក្រុម​គ្រួសារ​នេះ​ធ្លាប់​មាន​ជម្លោះ​រហូត​ដល់​ផ្ដាច់​មនោសញ្ចេតនា​រវាង​ម្ដាយ​ឈ្មោះ ប៊ុត សារឿន និង​កូន​ឈ្មោះ ស៊ន សារ៉ាត់ ដែល​ស្លាប់។ ខណៈ​កុមារា​ទាំង​ពីរ​នាក់​ប្រកែក​មិន​នៅ​ជាមួយ​ជីដូន ក្រុម​សាច់ញាតិ​កុមារា​បាន​ស្ដី​បន្ទោស​ជីដូន ដែល​មើល​ឃើញ​តែ​ទ្រព្យ​សម្បត្តិ​របស់​ចៅ ព្រោះ​នៅ​ភ្នំពេញ​មិន​ដែល​នឹង​ឃើញ​កូន​ចៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។