សហគមន៍ជនជាតិភាគតិចកួយ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ ព្រមទាំងសហគមន៍ទំនាស់ដីធ្លីមកពីស្រុកឆែប និងស្រុកជ័យសែន ប្រមាណជាង ២០០នាក់ បានប្រមូលផ្ដុំគ្នាបម្រុងធ្វើទិវាកសិករ ដើម្បីបង្ហាញពីការបាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរំលោភយក ជាមួយនឹងការលំបាកផ្នែកជីវភាព បន្ទាប់ពីការបាត់បង់ដីស្រែចម្ការផង។
ក៏ប៉ុន្តែ ទិវាកសិករដែលពួកគេគ្រោងរៀបចំកាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមេសា នោះ មិនអាចប្រព្រឹត្តទៅបានដោយរលូនទេ ពីព្រោះសមត្ថកិច្ចបានរាយបណ្ដាក់កម្លាំងរារាំង ព្រមទាំងហាមឃាត់មិនឲ្យសង់រោងវេទិកា និងដាក់ឧបករណ៍បំពងសំឡេង ជាដើម។
សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ដែលកំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន បានចោទប្រកាន់អាជ្ញាធរស្រុកត្បែងមានជ័យ និងខេត្តព្រះវិហារ ថាបានរំលោភបំពានលើសិទ្ធិជនជាតិដើមភាគតិច និងសេរីភាពនៃការជួបប្រជុំរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
ការចោទប្រកាន់នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណជាង ២០០នាក់មកពីសហគមន៍ចំនួន៧ ក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន បានប្រមូលផ្ដុំគ្នាជាមួយជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ដើម្បីប្រារព្ធធ្វើទិវាកសិករបាត់បង់ដីធ្លី នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមេសា ក៏ប៉ុន្តែត្រូវអាជ្ញាធរបញ្ជូនកម្លាំងប៉ូលិសប្រមាណ ៥០នាក់ ទៅរារាំង និងហាមឃាត់មិនឲ្យសង់វេទិកា ព្រមទាំងដាក់ឧបករណ៍បំពងសំឡេងក្នុងពេលប្រជុំ។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ម្នាក់ក្នុងចំណោមជាច្រើនទៀត គឺលោកស្រី រឿង ខាន់។ លោកស្រីអះអាងកាលពីព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមេសា ថា ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ព្រមទាំងអ្នកបាត់បង់ដីធ្លីមកពីឃុំចំនួន៧ នៃស្រុក៣ របស់ខេត្តព្រះវិហារ បានមកជួបជុំគ្នា បំណងធ្វើទិវាកសិករ ដែលនឹងរៀបរាប់អំពីការបាត់បង់ដីធ្លី ដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរំលោភយក។ នៅក្នុងនោះ ពួកគេគ្រោងនឹងថ្លែងប្រាប់គ្នាអំពីស្ថានភាពគ្រួសារ ដែលប្រឈមមុខនឹងបញ្ហាជីវភាពខ្វះខាតជាច្រើន បន្ទាប់ពីបាត់បង់ដីស្រែចម្ការ ក៏ប៉ុន្តែអាជ្ញាធរស្រុកត្បែងមានជ័យ និងអាជ្ញាធរខេត្តព្រះវិហារ បានបញ្ជូនកម្លាំងប៉ូលិសប្រមាណ ៥០នាក់ ទៅកាន់ឃុំប្រមេរ ហើយរារាំងមិនឲ្យអ្នកភូមិជួបប្រជុំ និងប្រារព្ធពិធីដោយងាយស្រួលទេ។ សមត្ថកិច្ចមិនអនុញ្ញាតឲ្យសង់រោងវេទិកា និងប្រើឧបករណ៍បំពងសំឡេង ជាដើម។
លោកស្រី រឿង ខាន់ បញ្ជាក់ថា បើទោះបីជាអាជ្ញាធរបញ្ជូនសមត្ថកិច្ចជាច្រើនទៅរារាំងមិនឲ្យពួកគេជួបប្រជុំក៏ដោយ ក៏សហគមន៍នៅតែជម្នះ ដោយនាំគ្នាអង្គុយប្រជុំនៅកណ្ដាលវាល៖ « គេចង់ឲ្យពួកខ្ញុំធ្វើថ្ងៃទី២០ ក៏ប៉ុន្តែដល់ថ្ងៃទី២០ នោះ ពួកខ្ញុំចុះទប់ស្កាត់ក្រុមហ៊ុនរាល់ថ្ងៃ។ ដូច្នេះថ្ងៃនេះក៏នាំគ្នាអង្គុយប្រជុំនៅក្នុងវត្តកណ្ដាលថ្ងៃចំនួន ៣ម៉ោង »។
អាជ្ញាធរស្រុកត្បែងមានជ័យ បានបដិសេធចោល ហើយថាអាជ្ញាធរមិនបានរំលោភសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិចដូចការចោទប្រកាន់នោះទេ។
អភិបាលស្រុកត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី មានប្រសាសន៍ថា អាជ្ញាធរមិនមែនរារាំងមិនឲ្យសហគមន៍ទំនាស់ដីធ្លីទាំងនោះ ធ្វើទិវាកសិករនោះទេ ប៉ុន្តែអាជ្ញាធរខេត្តព្រះវិហារ បានចេញលិខិតមួយសុំឲ្យសហគមន៍ប្ដូរពេលនៃការប្រារព្ធទិវាកសិករនោះ ទៅថ្ងៃទី២០ ខែមេសា វិញ។ លោកអភិបាលស្រុកត្បែងមានជ័យ បញ្ជាក់ថា ដោយសារតែថ្ងៃទី១៨-១៩ ខែមេសា មានថ្នាក់ដឹកនាំរដ្ឋាភិបាល ទៅសម្ពោធរោងចក្រស្ករអំពៅក្រុមហ៊ុនរបស់ចិន នៅជិតឃុំប្រមេរ នោះ ទើបសមត្ថកិច្ចត្រូវការរៀបចំសន្តិសុខ ហើយអាជ្ញាធរស្នើសុំឲ្យសហគមន៍ប្រមេរ ប្ដូរថ្ងៃនៃការប្រារព្ធទិវាកសិករនោះ៖ « រឿងបងប្អូនចេះតែថាទៅ គ្រាន់តែអាជ្ញាធរបានជូនដំណឹងឲ្យគាត់លើកពេល ម៉េចក៏គាត់មិនស្ដាប់អាជ្ញាធរផង ?»។
ទោះបីជាយ៉ាងណា មន្ត្រីសម្របសម្រួលផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ យល់ថា ករណីដែលអាជ្ញាធរស្រុកត្បែងមានជ័យ និងខេត្តព្រះវិហារ បញ្ជូនកម្លាំងប៉ូលិសជាច្រើននាក់ទៅហាមឃាត់មិនឲ្យសហគមន៍ធ្វើរោងវេទិកា និងជួបប្រជុំគ្នាបាននោះ គឺជាការបំបិទសិទ្ធិសេរីភាពនៃការជួបប្រជុំ ព្រមទាំងសេរីភាពបញ្ចេញមតិដែលបានធានានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា។
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក៏ធ្លាប់ព្រួយបារម្ភអំពីការរំលោភសិទ្ធិជនជាតិដើមភាគតិចនៅឃុំប្រមេរ នោះដែរនៅក្នុងពេលដែលអ្នកស្រី បានធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែមីនា កន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។