Opens in new windowមន្ត្រីសង្គមស៊ីវិលប្រចាំខេត្តព្រះវិហារ កត់សម្គាល់ឃើញថា ជនជាតិដើមភាគតិចមានសន្ទុះកាន់តែខ្លាំងក្នុងការតស៊ូមតិក្នុងឆ្នាំ២០១៥ នេះ។
បញ្ហាដែលធ្វើឲ្យពួកគាត់ផ្លាស់ប្ដូរឥរិយាបថពីការរស់នៅដោយភាពស្ងៀមស្ងាត់តាមជ្រលងព្រៃភ្នំប្រកបរបរជាប្រពៃណីពីដូនតារបស់គាត់នោះ ភាគច្រើនគឺដោយសារមានការរំខានពីក្រុមហ៊ុនវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដែលប៉ះពាល់ដល់ផលប្រយោជន៍ ការរស់នៅសុខសាន្តតាមប្រពៃណីដូនតាគាត់។
ការវិវឌ្ឍន៍នៃសង្គម ការជ្រួតជ្រាបអំពីមេរៀនសិទ្ធិមនុស្ស ការឈឺចាប់ដោយរំលោភបំពានសិទ្ធិរបស់ជនជាតិដើមភាគតិចដោយពុំមានដំណោះស្រាយ ជាកត្តារួមផ្សំមួយយ៉ាងសំខាន់ធ្វើឲ្យជនជាតិដើមភាគតិចងើបឡើងតវ៉ាព្រមៗគ្នា។
ស្ត្រីជនជាតិដើមភាគតិចកួយម្នាក់ ក្នុងខេត្តព្រះវិហារ បានថ្លែងនៅក្នុងទិវាសិទ្ធិជនជាតិដើមភាគតិចកាលពីដើមខែសីហា នេះថា ពួកគាត់អត់ធ្មត់ ស៊ូទ្រាំឈឺចាប់ច្រើនឆ្នាំមកហើយក្នុងរឿងរំលោភដីធ្លី ផ្ទះសម្បែងក្នុងសហគមន៍គាត់ដែលធ្លាប់តែរស់នៅសុខសាន្តកាលពីមិនទាន់មានក្រុមហ៊ុនមកអភិវឌ្ឍន៍៖ «កាលពីមុនយើងអត់មានកម្មវិធីលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចទេ យើងដូចជាខ្លាចអំណាចរដ្ឋាភិបាល ភូមិ ឃុំ អី យើងអត់ហ៊ានតវ៉ា អត់ហ៊ានសំដែងមតិអីទេ ឥឡូវយើងមានសិទ្ធិតវ៉ានូវអ្វីដែលយើងចង់បាន»។
ក្រុមជនជាតិដើមភាគតិចកួយផ្សេងទៀតបានឲ្យដឹងដែរថា ការតវ៉ានេះបានផ្ដើមចេញពីរទ្រង់ទ្រាយតូចតាមភូមិដែលមានបញ្ហាជម្លោះដីធ្លី រហូតដល់ឃុំ ស្រុក ខេត្ត ហើយបន្តឡើងមកដល់ភ្នំពេញ ទាំងពួកគាត់ខ្លះមានអាយុជាងពាក់កណ្ដាលជីវិតហើយមិនដែលស្គាល់រាជធានីយ៉ាងដូចម្ដេចនោះផង។
ទីកន្លែងដែលពេញនិយមជាងគេដែលពួកគាត់ច្រើនមកពឹងអាស្រ័យនោះ គឺនៅមុខរដ្ឋសភា និងមុខផ្ទះនាយករដ្ឋមន្ត្រី។
ទិដ្ឋភាពទាំងនេះខាងមន្ត្រីរដ្ឋាភិបាលមើលឃើញថា ជាការរីកចម្រើននៃការយល់ដឹងអំពីសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាតិដើមភាគតិច និងការបើកទូលាយនូវសិទ្ធិបញ្ចេញមតិ។ ចំណែកមន្ត្រីសង្គមស៊ីវិលវិញក៏មើលឃើញដូចគ្នាដែរ ប៉ុន្តែលើសពីនេះទៀត ពួកគាត់កំពុងជួបបញ្ហាប្រឈមធ្ងន់ធ្ងរ គឺការបាត់បង់ដីស្រែ ចម្ការដែលជាអាយុជីវិតគ្រួសារ។
ប្រធានកម្មវិធីតស៊ូមតិ និងសិទ្ធិជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ្ឌ។ លោកមានប្រសាសន៍ថា តំបន់មានជនជាតិដើមភាគតិចច្រើនជាងគេគឺនៅឃុំប្រមេរ ហើយតំបន់កំពុងមានបញ្ហាប្រឈមក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនដោយដីអាស្រ័យផល និងព្រៃប្រើប្រាស់របស់គាត់ត្រូវបានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឈូសឆាយរំលោភយកដោយមិនបានពិគ្រោះ ឬពិភាក្សាពីផលប៉ះពាល់ជាមុននោះឡើយ ជាងនេះទៅទៀតដីអាស្រ័យផលសាបស្រូវរួចហើយ ក្រុមហ៊ុនបានយកត្រាក់ទ័រទៅឈូសចោលធ្វើឲ្យពួកគាត់ជួបទុក្ខលំបាកគ្រប់គ្នា។ បញ្ហានេះហើយដែលធ្វើឲ្យពួកគាត់នាំគ្នាតវ៉ាប្រឆាំងនឹងសកម្មភាពទាំងនេះ។
លោក ប៉ឹក សោភ័ណ្ឌ៖ «នៅឆ្នាំ២០១៥ គឺមានសន្ទុះខ្លាំងក្លា ដោយសារជនជាតិដើមភាគតិចទូទាំងខេត្តចាប់ផ្ដើមយល់អំពីសិទ្ធិរបស់គាត់ ហើយនិងតួនាទីភារកិច្ចរបស់គាត់ដើម្បីចូលរួមការពារធនធានធម្មជាតិ ដោយបង្កើតជាបណ្ដាញក្នុងខេត្តដើម្បីជួយគ្នាទៅវិញទៅមក»។
បញ្ជាក់បន្ថែមលើករណីដដែលនេះ យុវជន លូត សាំង ជាជនជាតិកួយនៅខេត្តព្រះវិហារ ក៏បានរៀបរាប់អំពីស្ថានភាពលំបាកនៅក្នុងសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តនេះដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ប៉ុន្តែគ្មានដំណោះស្រាយ៖ «ការប្រឈមខ្លាំងមែនទែនទាក់ទងនឹងរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុននៅតំបន់ជនជាតិដើមភាគតិចដែលគាត់កំពុងប្រើប្រាស់អាស្រ័យផល ទាក់ទងការធ្វើស្រែ ចម្ការវិលជុំ កន្លែងប្រមូលផ្សិត ឱសថបុរាណ ជាពិសេសកន្លែងជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរ ដែលមាន ៣ភូមិ គឺទាក់ទងនឹងក្រុមហ៊ុនឡានហ្វេង រួយហ្វេង ដែលមកវិនិយោគដាំអំពៅ»។
យុវជនរូបនេះបន្តថា ការស្វែងរកដំណោះស្រាយស្ដីពីជម្លោះដីធ្លីនៅក្នុងតំបន់ជនជាតិដើមភាគតិចនោះ តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ថ្នាក់ជាតិ គឺមានការសន្យាតែមាត់ ឬជាការសន្យាខ្យល់ និងមានការរើសអើងពួកគាត់ថែមទៀតផង៖ «ហើយចំណុចដែលរដ្ឋាភិបាលកំពុងតែធ្វើខុសសព្វថ្ងៃនេះ គឺមុនធ្វើការវិនិយោគនៅតំបន់ជនជាតិដើមភាគតិច គឺអត់មានពិគ្រោះយោបល់ជាមួយពួកគាត់ជាមុននោះទេ ហើយក្រុមហ៊ុនមកឈូសឆាយស្ងាត់ៗ ហើយពេលជនជាតិដើមភាគតិចចេញមកតវ៉ាចោទថា ធ្វើការតវ៉ាខុសច្បាប់»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សេរី មានប្រសាសន៍ថា អាជ្ញាធរខេត្តតែងតែទទួលយកបញ្ហារបស់ពួកគាត់មកដោះស្រាយជានិច្ច ដូចជាពេលនេះអាជ្ញាធរកំពុងពន្លឿនដំណើរការចុះបញ្ជីដីធ្លីសមូហភាពសហគមន៍តាមសំណើរបស់ពួកគាត់ ប៉ុន្តែអ្វីដែលពិបាកក្នុងការដោះស្រាយ ឬដោះស្រាយទៅយឺតនោះដោយសារមានអ្នកនយោបាយ និងមន្ត្រីសង្គមស៊ីវិលមួយចំនួនព្យាយាមលូកដៃចូលក្នុងរឿងនេះរហូតញុះញង់ឲ្យមានការតវ៉ាផ្ទុះឡើងមិនចេះចប់។
លោក ស៊ូ សេរី៖ «បើសិនមានអ្នកនយោបាយ ឬសង្គមស៊ីវិលទាញងាកចូលនយោបាយបន្តិច វាអាចពិបាកដោះ បើដោះតែបញ្ហាដីធ្លីតែម្ដងមិនពិបាកទេ ពីព្រោះយើងមានអ្នកជំនាញ មានផែនទី ផែនដីស្រាប់ ប៉ុន្តែចេះតែមានអង្គការសង្គមស៊ីវិលមួយចំនួនចេះតែញុះញង់គាត់ឲ្យធ្វើអញ្ចេះធ្វើអញ្ចុះទៅនាំឲ្យពិបាក»។
ប្រធានកម្មវិធីតស៊ូមតិ និងសិទ្ធិជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ លោក ប៉ឹក សោភ័ណ្ឌ បានច្រានចោលការលើកឡើងរបស់អាជ្ញាធរខេត្តដោយបញ្ជាក់ថា ក្រុមអង្គការសង្គមស៊ីវិលមានតែជួយសម្រួលដល់ការងាររបស់អាជ្ញាធរក្នុងការដោះស្រាយជម្លោះនោះទៅវិញទេ៖ «ការពិតគឺដោយសារតែពួកគាត់ហ្នឹងមានការឈឺចាប់ពីការរំលោភប៉ះពាល់ដល់បេះដូង អ៊ីចឹងមិនបាច់ស្ថាប័នណាទៅជំរុញ ទៅបង្ខំគាត់ទេ គឺពួកពុំកញ្ជ្រោល ឈឺចាប់ដោយខ្លួនឯង ពួកគាត់ចេញមកតវ៉ាជាមួយជាអាជ្ញាធរ ដូចបានធ្វើកន្លងទៅនៅថ្នាក់ក្រោមជាតិ នៅមុខរដ្ឋសភាជាដើម»។
ទោះយ៉ាងណា មន្ត្រីអង្គការសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ការតស៊ូមតិរបស់ក្រុមជនជាតិដើមភាគតិច កំពុងគំរាមកំហែងដោយប្រព័ន្ធតុលាការ។
លោកបង្ហាញថា ចាប់ពីដើមខែមករា រហូតដល់ដើមខែសីហា ឆ្នាំ២០១៥ មានជនជាតិដើមភាគតិចជាប់ពន្ធនាគារព្រោះតែរឿងតវ៉ាក្នុងជម្លោះដីធ្លី ២ករណី គឺតុលាការបានចាប់ឃុំប្ដីប្រពន្ធដែលសកម្មក្នុងការតវ៉ាជាងគេ ហើយរហូតមកដល់ពេលនេះ ប្រពន្ធត្រូវដោះលែងមកវិញហើយ ចំណែកប្ដីនៅជាប់ឃុំនៅឡើយ៖ «ខាងក្រុមហ៊ុនគាត់ចេះតែបន្តការប្ដឹងផ្ដល់ ប្រជាពលរដ្ឋឡើងទៅតុលាការ ឥឡូវក្រុមហ៊ុនតែងតែយកប្រព័ន្ធតុលាការមកធ្វើជាគំនាបគំរាមកំហែងបំបាក់ស្មារតីដល់អ្នកតវ៉ាជាជនជាតិដើមភាគតិច និងប្រជាពលរដ្ឋខ្មែរទូទៅ»។
លោកបន្តថា ក្រៅពីករណីចាប់ខ្លួន នៅមានប្រជាពលរដ្ឋជាង ១០នាក់ផ្សេងទៀតកំពុងជាប់បណ្ដឹងនៅតុលាការនៅឡើយ។
បញ្ហានេះបានជំរុញឲ្យស្ថានភាពជម្លោះដីធ្លីក្នុងតំបន់ជនជាតិខេត្តព្រះវិហារ មានសភាពធ្ងន់ធ្ងរទៅៗ ហើយសន្ទុះនៃការតវ៉ារបស់ពួកគាត់កាន់តែរីករាលដាលពីសហគមន៍មួយទៅសហគមន៍មួយទៀតនៅក្នុងខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
