
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង មកពីស្រុក និងក្រុងចំនួន៥ ក្នុងខេត្តមណ្ឌលគិរី ទាមទារឲ្យស្ថាប័នកំពូលៗថ្នាក់ជាតិ ដកហូតតំណែងអភិបាលខេត្ត ដោយសារតែអ្នកភូមិអះអាងថា មន្ត្រីដឹកនាំខេត្តរូបនេះ ប្រើអំណាចដឹកនាំមន្ត្រីមូលដ្ឋានឲ្យរំលោភសិទ្ធិជនជាតិដើមភាគតិច។
តំណាងសហគមន៍ព្នង ចំនួន ៥នាក់មកពីខេត្តមណ្ឌលគិរី បាននាំយកញត្តិមានស្នាមមេដៃប្រជាពលរដ្ឋជនជាតិដើមភាគតិចជិត ៩០០នាក់ ជូនស្ថាប័នសំខាន់ៗមួយចំនួន ដើម្បីទាមទារដកអភិបាលខេត្តមណ្ឌលគិរី ពីតំណែង។
ស្ថាប័នទាំងនោះរួមមាន រដ្ឋសភា ព្រឹទ្ធសភា ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា សុំឲ្យស្ថាប័នទាំងអស់នោះ ជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ដល់ជនជាតិដើមភាគតិច ដែលកំពុងរងការរំលោភសិទ្ធិមនុស្ស និងមានការរើសអើងពួកគាត់។
ការដាក់ញត្តិនេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា បន្ទាប់ពីអាជ្ញាធរខេត្តបានដាក់កងកម្លាំងរារាំង មិនឲ្យសហគមន៍សង់វេទិកាប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក សម្រាប់ឆ្នាំ២០១៥ នៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី៨ ខែសីហា ក្រោមហេតុផលថា ការរៀបចំពិធីនេះគ្មានច្បាប់អនុញ្ញាត ខណៈសហគមន៍បានធ្វើលិខិតជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមន្ទីរពាក់ព័ន្ធ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំវេទិកាបញ្ចេញមតិ និងការប្រារព្ធមេទីញរំឭកខួបផ្សេងៗ។
តំណាងមួយរូប គឺលោក គ្រើង តុលា បញ្ជាក់ឲ្យដឹងថា ការរើសអើង មើលងាយជនជាតិដើមភាគតិច ការបំបិទសេរីភាពសហគមន៍មិនឲ្យជួបប្រាស្រ័យទទួលការផ្សព្វផ្សាយអប់រំពីច្បាប់ និងសិទ្ធិមនុស្សពីអង្គការសង្គមស៊ីវិល រួមទាំងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ មិនបានល្អ គឺជាកត្តាសំខាន់ដែលត្រូវបានរំលោភបំពានជាញឹកញាប់ពីអាជ្ញាធរខេត្ត។ លើសពីនេះទៀត លោកកត់សម្គាល់ថា បទល្មើសព្រៃឈើ ដីធ្លី ការទន្ទ្រានកាន់កាប់ដីសហគមន៍ជនជាតិដើម ការផ្តល់ដីសម្បទានសង្គមកិច្ច និងវិវាទដីធ្លីរវាងសហគមន៍ និងក្រុមហ៊ុនសម្បទាន កើនច្រើន ហើយអាជ្ញាធរមិនអាចដោះស្រាយបាន៖ «អ្វីជាខ្លឹមសាររបស់ប្រជាពលរដ្ឋមានតែពីរទេ សុំឲ្យទាមទារសិទ្ធិឡើងវិញ និងសុំទម្លាក់អភិបាលខេត្ត ចៀសវាងលទ្ធិប្រជាធិបតេយ្យ។ ពួកគាត់ស្រឡាញ់លទ្ធិប្រជាធិបតេយ្យយូរហើយ។ គាត់សង្ឃឹមថា ត្រីមួយកន្ត្រកស្អុយតែមួយហ្នឹង សម្ដេចនឹងបោះចោល ហើយសម្ដេចនឹងលាងឲ្យស្អាត ហើយគាត់នឹងយកត្រីដែលនៅល្អ»។
កាលពីខែមីនា អាជ្ញាធរស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានព្រមានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សអាដហុក (ADHOC) ខណៈមន្ត្រីសមាគមនេះបើកវគ្គអប់រំច្បាប់ និងសិទ្ធិមនុស្ស ជូនប្រជាពលរដ្ឋនៅភូមិក្មូម ឃុំស្រែឈូក។ ភ្លាមៗនោះដែរ ស្នាក់ការកណ្ដាលសមាគមអាដហុក នៅទីក្រុងភ្នំពេញ ចេញប្រកាសព័ត៌មានថ្កោលទោសអភិបាលស្រុកកែវសីមា និងអំពាវនាវសុំឲ្យថ្នាក់ដឹកនាំកំពូលទាំងបីនៃប្រទេសកម្ពុជា អន្តរាគមន៍បញ្ឈប់ការគំរាមកំហែងនេះ។
ទាក់ទិនករណីនេះ តំណាងសហគមន៍ម្នាក់ទៀត គឺលោក ក្រើត ឡាក់ ចាត់ទុកសកម្មភាពរឹតបន្តឹងរបស់មន្ត្រីអាជ្ញាធរខេត្តទៅលើមន្ត្រីសង្គមស៊ីវិល ថាជាការបិទសេរីភាពសហគមន៍មិនឲ្យជួបប្រាស្រ័យទទួលយកចំណេះដឹងពីមន្ត្រីអង្គការសង្គមស៊ីវិល រំលោភទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសអាជ្ញាធរមិនបានលើកកម្ពស់សិទ្ធិជនជាតិដើម ស្របតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ឡើយ។ លោកគិតថា បញ្ហាដែលកើតឡើងនេះ កើតមកពីការដឹកនាំរបស់អភិបាលខេត្តដែលមិនបានគោរពសិទ្ធិមនុស្ស និងច្បាប់ជាមូលដ្ឋាន៖ «អភិបាលខេត្តរំខានទិវាបុណ្យជាតិពិភពលោក ឲ្យសម្ដេចតេជោ និងឯកឧត្តម ស ខេង គាត់ជួយដោះស្រាយ ពីព្រោះជនជាតិអត់មានសិទ្ធិសេរីភាព ហើយនិងប្រពៃណីជនជាតិដើមភាគតិចដូចគេឯង»។
សេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីជនជាតិដើមភាគតិចមាត្រា១ ចែងថា ជនជាតិដើមភាគតិចជាសមូហភាព ជាបុគ្គលមានសិទ្ធិទទួលបានយ៉ាងពេញលេញនូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ទទួលស្គាល់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ។ មាត្រា២ វិញបញ្ជាក់ថា ជនជាតិដើមភាគតិច និងបុគ្គលជនជាតិដើមភាគតិច មានសេរីភាព និងសមភាពដូចប្រជាពលរដ្ឋ និងបុគ្គលដទៃទៀត ព្រមទាំងមានសិទ្ធិរួចផុតពីការរើសអើងគ្រប់រូបភាពក្នុងការអនុវត្តសិទ្ធិ ជាពិសេសដោយផ្អែកលើមូលហេតុនៃដើមកំណើត ឬអត្តសញ្ញាណរបស់ខ្លួនជាជនជាតិដើមភាគតិច។
វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការឆ្លើយតបពីអភិបាលខេត្តមណ្ឌលគិរី លោក អេង ប៊ុនហ៊ាង ជុំវិញញត្តិទាមទារសុំដកតំណែងលោកបានទេ នៅថ្ងៃទី៦ ខែតុលា ក៏ប៉ុន្តែក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីខែសីហា លោកធ្លាប់បានបដិសេធថា អាជ្ញាធរមិនបានហាមឃាត់ការប្រារព្ធទិវានេះទេ ក៏ប៉ុន្តែសហគមន៍ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនប្រារព្ធពិធីនេះ។ លើសពីនេះទៀត លោកទទួលស្គាល់ថា ការចាប់ខ្លួនអ្នកដឹកនាំសហគមន៍ នឹងត្រូវធ្វើឡើង ប្រសិនសហគមន៍រឹងរូសមិនធ្វើតាមការណែនាំពីអាជ្ញាធរមូលដ្ឋាន៖ «ខ្ញុំប្រាប់ថា ឲ្យធ្វើច្បាប់មក ពីឃុំពីស្រុកមក។ អាហ្នឹងអ៊ីចឹង មិនមែនថាមិនឲ្យគាត់ធ្វើទេ ឲ្យគាត់សុំច្បាប់ ឲ្យតែមានច្បាប់ អ្នកណាហាមឃាត់! ទេ ធ្វើត្រូវធ្វើ បើអត់ច្បាប់អត់ធ្វើអាហ្នឹង»។
ទោះជាយ៉ាងនេះក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ដែលធ្លាប់បានឃ្លាំមើលករណីនេះ ថ្លែងកត់សម្គាល់ថា ការបំពេញការងាររបស់អភិបាលខេត្ត បានធ្វើឲ្យប៉ះពាល់សិទ្ធិជនជាតិដើមភាគតិចធ្ងន់ធ្ងរ ជាពិសេសសិទ្ធិប្រារព្ធទិវាសិទ្ធិជនជាតិដើមពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលនានាទាក់ទិនការប្រារព្ធទិវានេះ។ ម្យ៉ាងវិញទៀត អាជ្ញាធរខេត្តក៏ឋិតក្នុងការដកសេចក្តីទុកចិត្ត ចំពោះការខកខានបង្ក្រាបសកម្មភាពការពារធនធានធម្មជាតិ ដីធ្លី ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច ជាម្ចាស់ឆ្នោត៖ «អភិបាលខេត្តរូបហ្នឹងប្រហែលជាមិនចាត់ទុកជនជាតិដើមភាគតិច ជាប្រជាពលរដ្ឋរបស់ខ្លួនទេ។ ចំណុចហ្នឹងបានជាគាត់លែងចង់ឲ្យគាត់បម្រើប្រជាពលរដ្ឋទៀតហើយ។ ប្រជាពលរដ្ឋគាត់ធ្វើអ៊ីចឹង ដើម្បីរកអ្នកណាដែលបម្រើគាត់បានត្រឹមត្រូវ ហើយគោរពគោលការណ៍ច្បាប់។ ជនជាតិដើមភាគតិច គាត់មានសិទ្ធិមួយដែលមានចែងក្នុងសេចក្តីប្រកាសជាសកល ស្ដីពីសិទ្ធិជនជាតិដើមភាគតិច។ អ៊ីចឹងសិទ្ធិនេះត្រូវបានប្រើជាសកល មិនមែនប្រើតែក្នុងខេត្តមណ្ឌលគិរី មួយទេ ប៉ុន្តែឆ្នាំនេះមិនដឹងអភិបាលខេត្តលោកគិតឃើញយ៉ាងណាទេ? គាត់បានទៅរារាំងគំរាមកំហែងមិនឲ្យពួកគាត់ ធ្វើពិធីនេះបានងាយស្រួល។ អ៊ីចឹង ទង្វើទាំងអស់នេះហើយ ដែលគាត់មើលឃើញថា អភិបាលខេត្តកំពុងរំលោភសិទ្ធិពួកគាត់»។
ខួបទិវាជនជាតិដើមពិភពលោក ត្រូវបានបណ្ដាសហគមន៍ជនជាតិដើមភាគតិចក្នុងពិភពលោក ប្រារព្ធធ្វើរៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ស្របតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋជនជាតិដើមភាគតិច។ ឆ្នាំនេះ គឺជាខួបលើកទី២១ នៃការប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក និងជាខួបលើកទី១១ ប្រារព្ធនៅប្រទេសកម្ពុជា។
យ៉ាងណាមិញ នៅខេត្តមណ្ឌលគិរី ជនជាតិដើមភាគតិចព្នង រាប់រយនាក់ បានប្រារព្ធពិធីនេះជាលើកទី៥ ក្រោមកម្ដៅថ្ងៃ ខណៈកងកម្លាំងព្យាយាមហាមឃាត់ និងគំរាមកំហែងចាប់ខ្លួនមេដឹកនាំសហគមន៍ ដែលប្រារព្ធពិធីដោយមិនសុំការអនុញ្ញាតពីអាជ្ញាធរស្រុក កាលពីថ្ងៃទី៩ ខែសីហា។ តាមការគ្រោងទុក តំណាងសហគមន៍ទាំង ៥នាក់ នឹងដាក់ញត្តិដូចគ្នានេះជូនតំណាងរាស្ត្រ និងមន្ត្រីអង្គការសង្គមស៊ីវិលក្នុងខេត្តមណ្ឌលគិរី នៅចុងសប្ដាហ៍ ដើម្បីជួយអន្តរាគមន៍ទៅស្ថាប័នកំពូលថ្នាក់ជាតិ ដោះស្រាយសំណូមពរសហគមន៍បន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។