លោក កឹម សុខា ជួប​ពិភាក្សា​ជាមួយ​អ្នករាយការណ៍​សិទ្ធិមនុស្ស​របស់​អ.ស.ប

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា បាន​ជួបពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)។

​លោក កឹម សុខា សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ក្នុង​ជំនួប​នោះ លោក​និង​អ្នកស្រី រ៉ូណា ស្មីត បាន​ពិភាក្សា​ស្ថានភាព​សិទ្ធិមនុស្ស ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​នយោបាយ​នៅ​មុន​ពេល​បោះ​ឆ្នោត។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង ២​រូប គឺ​លោក គង់ គាំ និង​លោក អេង ឆៃអ៊ាង ក្នុង​ក្របខ័ណ្ឌ​លោក​ទាំង​២ ជា​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្ដឹង និង​អង្កេត នៃ​ព្រឹទ្ធសភា និង​រដ្ឋសភា។

ទំព័រ​ហ្វេសប៊ុក របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ដដែល​នោះ អ្នកស្រី រ៉ូណា ស្មីត ក៏​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​មន្ត្រី​នៃ​ក្រសួង​កិច្ចការ​នារី​ផង​ដែរ។

ក្នុង​ជំនួប​ជាមួយ​លោក ស ខេង អ្នកស្រី រ៉ូណា ស្មីត បាន​សម្ដែង​ការ​បារម្ភ​ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន រួមមាន​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ចំនួន​អ្នក​ទោស​ច្រើន​លើស​ចំណុះ​ក្នុង​ពន្ធនាគារ ការ​ចេញ​អត្តសញ្ញាណប័ណ្ណ​ពី​ការ​បោះ​ពុម្ពផ្សាយ ចែកចាយ និង​ការ​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិគ្រោះ​យោបល់​ពេញលេញ​ពី​សេចក្ដី​ព្រាង​ច្បាប់ ព្រម​ទាំង​ពី​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ជីវភាព​នយោបាយ ទាំង​នៅ​កម្រិត​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។ ដោយ​ឡែក​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​កិច្ចការ​នារី បញ្ហា​អំពើ​ហិង្សា​លើ​ស្ត្រី ចំណាកស្រុក​របស់​ស្ត្រី និង​ការ​ជួញដូរ​ស្ត្រី សុទ្ធតែ​ជា​ប្រធានបទ​ដែល​ត្រូវ​បាន​អ្នកស្រី​លើក​ឡើង​ពិភាក្សា។

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​២ មក​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត មិន​មាន​គម្រោង​ជួបពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។

​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច អ្នកស្រី រ៉ូណា ស្មីត នឹង​ធ្វើ​សន្និសីទ​កាសែត​បូក​សរុប​លទ្ធផល​ការងារ មុន​ពេល​អ្នកស្រី​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។