អង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ថ្កោលទោសប្រឆាំងចំពោះសកម្មភាពរដ្ឋាភិបាលវៀតណាម ដែលបង្ខំឲ្យព្រះសង្ឃទទួលយកត្រាទៅប្រើប្រាស់ ហើយត្រានោះពុំមានឆ្លាក់អក្សរខ្មែរ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមខ្មែរកម្ពុជាក្រោម អះអាងថា នៅថ្ងៃច័ន្ទ ទី១១ ឧសភា នឹងដាក់ញត្តិតវ៉ាទៅក្រសួងការបរទេសកម្ពុជា ដើម្បីសុំឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការជិះជាន់ ប្រឆាំងពលរដ្ឋខ្មែរដែលរស់នៅកម្ពុជាក្រោម រួមទាំងព្រះសង្ឃផង។
មន្ត្រីជាន់ខ្ពស់នៃអង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ហៅសកម្មភាពរបស់អាជ្ញាធរនេះថា គឺជាការប៉ុនប៉ងដើម្បីលុបបំបាត់អត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ខ្មែរដ៏រុងរឿងដែលស្ថិតនៅក្រោមការត្រួតត្រា ដោយរដ្ឋាភិបាលវៀតណាម នៅពេលនេះ។
ប្រតិកម្មនេះធ្វើឡើងក្នុងរយៈពេល ១ខែក្រោយ បន្ទាប់ពីរដ្ឋាភិបាលវៀតណាម បង្ខំឲ្យព្រះសង្ឃចំនួន ៣៧វត្ត នៅស្រុកស្វាយទង នៃខេត្តអានយ៉ាង (An Giang) ទទួលយកត្រាទៅប្រើប្រាស់ដែលពុំមានឆ្លាក់អក្សរខ្មែរនៅជាប់នឹងត្រានោះទេ។ បើទោះជាបែបណា មានវត្តចំនួន ២៧ ព្រមទទួលយកទាំងបង្ខំ ខណៈវត្តចំនួន ១០ទៀត នៅមិនទាន់ទទួលយកត្រានៅឡើយទេ គិតមកដល់ពេលនេះ។
មានថេរដីកានៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី១០ ឧសភា ព្រះគ្រូចៅអធិការវត្តសាមគ្គីរង្សី ព្រះនាម ថាច់ ហាសំអាង បញ្ជាក់ថា ព្រះអង្គនឹងដាក់កំណត់ទូតទៅក្រសួងការបរទេសកម្ពុជា នៅដើមសប្ដាហ៍នេះ តវ៉ាឲ្យអាជ្ញាធរវៀតណាម ត្រូវគោរពសិទ្ធិជាមូលដ្ឋានរបស់ជនជាតិដើមភាគតិច។
ព្រះអង្គចាត់ទុកថា អ្វីដែលរដ្ឋាភិបាលវៀតណាម បង្ខំឲ្យព្រះសង្ឃទទួលយកត្រាដោយពុំមានការឯកភាពនេះ គឺជាចេតនាព្យាយាមលុបបំបាត់គ្រប់សកម្មភាព និងរាល់ទម្រង់ផ្សេងទៀត ដ៏រុងរឿងរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅទីនោះ៖ «ជនជាតិវៀតណាម នៅខេត្តហ្នឹងគឺបានធ្វើត្រាដោយខ្លួនឯង ហើយដើរចែកតែម្ដង។ បើចែកយើងឃើញហើយថា អានេះជាការខុសឆ្គង ពេលដែលប្រជុំអនុម័តនៅក្នុងអង្គប្រជុំ គឺព្រះសង្ឃមិនទទួលយកទេ។ លោកបដិសេធ ប៉ុន្តែពេលដែលចេញពីអង្គប្រជុំ គឺធ្វើចលនាដើរចែកជារូបភាពគំរាមកំហែង»។
កាលពីថ្ងៃទី១ ខែមេសា កន្លងទៅ ព្រះសង្ឃចំនួន ៣៧វត្តនៃស្រុកស្វាយទង ខេត្តអានយ៉ាង ត្រូវបានរដ្ឋអាជ្ញាវៀតណាម កោះប្រជុំពាក់ព័ន្ធត្រា ដើម្បីទុកឲ្យប្រើប្រាស់ជាប្រយោជន៍នៅក្នុងវត្ត។ ក៏ប៉ុន្តែភ្លាមៗនោះ ព្រះសង្ឃគ្រប់វត្តដែលត្រូវបាននិមន្តចូលរួមប្រជុំជំទាស់មិនព្រមទទួលយកទេ ដោយហេតុថា ត្រានោះគឺពុំមានឆ្លាក់អក្សរខ្មែរគឺមានតែអក្សរវៀតណាម ប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានទេ នៅថ្ងៃទី១០ ឧសភា។
បើទោះជាបែបណា ប្រធានក្រុមប្រឹក្សាភិបាលនៃមិត្តសមាគមខ្មែរកម្ពុជា លោក តាំង សារៈ ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ឧសភា ថា ការព្យាយាមប្រើប្រាស់ត្រាដែលមានតែអក្សរវៀតណាម ហើយពុំមានអក្សរខ្មែរដូចនេះ។ លោកចាត់ទុកថា នោះគឺជាចេតនាចង់លុបបំបាត់នូវអ្វីដែលខ្មែរកម្ពុជាក្រោមមាន។ លើសពីនេះទៀត លោក តាំង សារៈ អះអាងថា ឈ្មោះវត្ត និងទីតាំងមួយចំនួនរបស់ខ្មែរដែលមាននៅទីនោះសម្រាប់ភាសាវៀតណាម គឺពុំមានសំឡេងអានឡើយ។ ហេតុនេះ នៅពេលណាដែលប្រវត្តិសាស្ត្រចេះតែវិវត្តទៅមុខ ឈ្មោះពិតប្រាកដដែលជារបស់ខ្មែរខំរក្សាទុកអស់រាប់ពាន់ឆ្នាំមកហើយនេះ នឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ៖ «អក្សរវៀតណាម មានតួអក្សរខ្លះគឺមិនសរសេរជាអក្សរខ្មែរបានទេ។ ឧទាហរណ៍ អក្សរ "ឆ" ហើយនិង អក្សរ "ឈ" ពីរហ្នឹងគឺអក្សរវៀតណាម អត់មានទេ។ ហេតុដូច្នេះហើយបានជាវត្តខ្លះនឹងបានក្លាយ ឧទាហរណ៍វត្ត ឈូងធំ ដោយអក្សរវៀតណាម អត់មានអក្សរ "ឈ" ដល់អានបានត្រឹមតែ សូងធំ។ នេះវាខុសគ្នា។ អ៊ីចឹងបើត្រាហ្នឹងវាមានតែអក្សរវៀតណាម អ៊ីចឹងដល់ពេលគេយកទៅអាន សូម្បីតែខ្មែរអាន...។ ចុះបើឃើញរអក្សរថា សូងធំ យើងមិនអានថា សូងធំ។ ដល់យូរៗទៅវាឃ្លាតបាត់អំពីឈ្មោះដើម»។
ជាមួយគ្នានេះ មានអង្គការ និងសមាគមចំនួន ១១ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ដោយទាមទារឲ្យអាជ្ញាធរវៀតណាម បញ្ឈប់ជាបន្ទាន់នូវការបង្ខិតបង្ខំគ្រប់វត្តនៃស្រុកស្វាយទង ប្រើប្រាស់ត្រាដែលអាជ្ញាធរប្រគល់ឲ្យហើយមានតែអក្សរវៀតណាម។
បន្ថែមពីលើនេះទៀត ក្នុងត្រានីមួយៗ ត្រូវមាននាមបញ្ញត្តិរបស់វត្តនៅខាងដើម ឬខាងចុងតាមការយល់ឃើញរបស់គ្រូចៅអធិការវត្ត និងគណៈកម្មាធិការវត្តដោយផ្ទាល់ ជាពិសេសនោះ ទាមទារដាច់ខាតឲ្យគណៈពុទ្ធសាសនាខ្មែរកម្ពុជាក្រោម និងគណៈពុទ្ធសាសនាវៀតណាម មានរចនាសម្ព័ន្ធដាច់ដោយឡែកពីគ្នា និងភាពឯករាជ្យរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។