តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការទាមទារទឹកដីខ្មែរកម្ពុជាក្រោមនៅវៀតណាម ភូមិភាគខាងត្បូងនោះ ជាតួនាទីរបស់រដ្ឋាភិបាលកម្ពុជា មិនមែនជាតួនាទីរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជានោះទេ។
ប្រធានសមាគមខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា អ្វីដែលតំណាងអង្គការសមាគមខ្មែរក្រោមទាមទារពីរដ្ឋាភិបាលវៀតណាម នោះ គឺសិទ្ធិសេរីភាព មិនមែនទាមទារទឹកដីនោះទេ។ លោកបញ្ជាក់ថា ការទាមទារទឹកដីណាមួយនោះ គឺជាភារកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។
ការថ្លែងដូច្នេះនៅក្នុងទិវាកាន់ទុក្ខគម្រប់ខួប ៦៤ឆ្នាំ ថ្ងៃអាណានិគមបារាំង កាត់ទឹកដីខ្មែរឲ្យវៀតណាម នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដែលធ្វើឡើងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងព្រះសង្ឃជិត ១ពាន់នាក់ ចូលរួមនៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៣។
ឯកសារប្រវត្តិសាស្ត្របានសរសេរថា ប្រធានាធិបតីបារាំង វ៉ាំងសង់ អូរីយ៉ូល (Vincent Auriol) បានអនុម័តច្បាប់ភ្ជាប់កម្ពុជាក្រោមទៅនឹងវៀតណាម ឬកាត់ដីកម្ពុជាក្រោមឲ្យវៀតណាម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ក្រោយមក វៀតណាម បានផ្លាស់ប្ដូរឈ្មោះខេត្តខ្មែរមួយចំនួនដាក់ឈ្មោះវៀតណាម បន្តរហូតដល់បច្ចុប្បន្ន ដូចជា ខេត្តឃ្លាំង វៀតណាម ហៅថា ត្រាវិញ ខេត្តមាត់ជ្រូក វៀតណាម ហៅថា ចៅឌុក ជាដើម។
លោក ថាច់ សេដ្ឋា បានអះអាងថា អាជ្ញាធរវៀតណាម តែងធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃ ដែលវៀតណាម បំបិទសិទ្ធិជំនឿសាសនា។ លោក ថាច់ សេដ្ឋា បានសង្កត់ធ្ងន់ថា មូលហេតុដែលធ្វើឲ្យខ្មែរក្រោមរងគ្រោះដល់សព្វថ្ងៃនេះ មូលហេតុតែមួយគត់ គឺអតីតរដ្ឋាភិបាលបារាំង បាត់កាត់ទឹកដីខ្មែរក្រោមឲ្យវៀតណាម នៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ នោះ។
តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ មានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដូច្នេះលោកបញ្ជាក់ថា រដ្ឋាភិបាលខ្មែរត្រូវតែនិយាយ និងទាមទារឲ្យរដ្ឋាភិបាលវៀតណាម ផ្ដល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋខ្មែរក្រោម។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលខ្មែរ ដើម្បីសុំការបំភ្លឺពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៤ មិថុនា នេះ។
នៅថ្ងៃរំលឹកខួបលើកទី៦៤ នៃថ្ងៃបារាំង កាត់ទឹកដីខ្មែរក្រោមឲ្យវៀតណាម នេះដែរ លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលជាសម្ព័ន្ធនៃអង្គការសមាគមខ្មែរក្រោមចំនួន១២ បានយកញត្តិស្ដីពីការរំលោភសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោមនៅទឹកដីខ្មែរក្រោមដាក់ទៅស្ថានទូតវៀតណាម នៅរសៀលថ្ងៃដដែលនេះ ប៉ុន្តែត្រូវបានស្ថានទូតវៀតណាម បដិសេធញត្តិនោះ។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន បានឲ្យដឹងថា ស្ថានទូតវៀតណាម មិនបានទទួលយកញត្តិរបស់ពួកគាត់ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុអ្វីដែរ។ លោក សឺន ជុំជួន បានអះអាងថា ក្រៅពីស្ថានទូតវៀតណាម ញត្តិនោះ តំណាងអង្គការសមាគមខ្មែរក្រោមបានយកទៅដាក់នៅស្ថានទូតអាមេរិក ស្ថានទូតអូស្ត្រាលី អាល្លឺម៉ង់ ស៊ុយអែត ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងក្រសួងការបរទេសកម្ពុជា។
ខ្លឹមសារនៅក្នុងញត្តិដែលអង្គការសមាគមខ្មែរក្រោមដាក់ទៅស្ថានទូតទាំងនេះ បានសរសេរលម្អិតអំពីស្ថានភាពរំលោភសិទ្ធិមនុស្សនៅប្រទេសវៀតណាម ដែលអាជ្ញាធរវៀតណាម បានចាប់ខ្លួនប្រជាពលរដ្ឋ និងចាប់ផ្សឹកព្រះសង្ឃជាច្រើនអង្គទៀតនៅក្នុងខែឧសភា។ តែរហូតមកទល់ពេលនេះ នៅព្រះសង្ឃចំនួន ៤អង្គទៀត អាជ្ញាធរវៀតណាម មិនទាន់ដោះលែងវិញនៅឡើយ រួមមាន ព្រះតេជព្រះគុណ លីវ នី ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះតេជព្រះគុណ លៀស និងព្រះតេជព្រះគុណ គុយ។ នៅក្នុងញត្តិនោះ បានអំពាវនាវឲ្យអង្គទូតនានា ជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម និងសុំឲ្យដោះលែងព្រះសង្ឃទាំងនោះជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ។
ដោយឡែកនៅប្រទេសអូស្ត្រាលី វិញ នៅថ្ងៃទី៤ មិថុនា នេះ មានព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោមរាប់រយនាក់ បាននាំគ្នាដង្ហែយកញត្តិទៅដាក់នៅស្ថានទូតបារាំង ដើម្បីឲ្យរដ្ឋាភិបាលបារាំង ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ជួយដោះស្រាយនូវបញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសវៀតណាម ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។