រដ្ឋាភិបាល​ត្រូវ​បាន​ស្នើ​ឲ្យ​បង្កើត​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​សម្រាប់​​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា

ដោយ យាង សុជាមេត្តា
2017.01.27
សិក្ខា​សាលា​សិទ្ធិ​ខ្មែរ​ក្រោម ៨៥៥ សិក្ខាសាលា​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Yeang Socheametta
RFA/Yeang Socheametta

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​កម្ពុជា បង្កើត​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​មួយ​សម្រាប់​ខ្មែរ​ក្រោម ដើម្បី​ធានា​ថា ខ្មែរ​ក្រោម​នៅ​កម្ពុជា អាច​ទទួល​បាន​សិទ្ធិ​ជា​ពលរដ្ឋ​ដូច​ខ្មែរ​នៅ​កម្ពុជា។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ដែល​រៀបចំ​ដោយ​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍។

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សង្គម​ស៊ីវិល មើល​ឃើញ​ថា បើ​ទោះ​ជា​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា ទទួល​ស្គាល់​ខ្មែរ​ក្រោម​គឺ​ជា​ពលរដ្ឋ​ខ្មែរ​ក៏ដោយ តែ​ការ​អនុវត្ត​ជាក់ស្ដែង ខ្មែរ​ក្រោម​មិន​ទាន់​អនុវត្ត​សិទ្ធិ​នេះ​បាន​ពេញលេញ​នៅ​ឡើយ។

ការ​សន្និដ្ឋាន​ដូច​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ស្ដីពី​សិទ្ធិ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា និង​វិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្នុង​តំបន់​ចំនួន​៨ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ក្រចេះ បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប។

លទ្ធផល​នៃ​ការស្រាវជ្រាវ​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា នៅ​ប្រឈម​នឹង​ការ​រើសអើង កង្វះ​លំនៅឋាន កង្វះ​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មួយ​ចំនួន និង​ខ្វះ​ឯកសារ​បញ្ជាក់​ពី​អត្តសញ្ញាណ។ របាយការណ៍​ស្រាវជ្រាវ​បញ្ជាក់​ថា មូលហេតុ​នៃ​កង្វះ​ការ​បញ្ជាក់​អត្តសញ្ញាណ​ដល់​ខ្មែរ​ក្រោម ដោយសារ​កង្វះ​ខាត​គោលការណ៍​ណែនាំ ឬ​នីតិវិធី​ច្បាស់លាស់​ដើម្បី​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​ចេញ​អត្តសញ្ញាណ​ដល់​ខ្មែរ​ក្រោម។ បន្ថែម​ពី​លើ​នេះ ខ្មែរ​ក្រោម​មួយ​ចំនួន​មិន​ត្រូវ​បាន​អាជ្ញាធរ​ទទួល​ស្គាល់​ដោយ​ចាត់​ទុក​ថា ពួកគាត់​ជា​ជនជាតិ​វៀតណាម។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន មាន​ប្រសាសន៍​ថា ការ​ប្រឈម​របស់​ខ្មែរ​ក្រោម​នឹង​ត្រូវ​កាត់​បន្ថយ បើ​រដ្ឋាភិបាល​ចេញ​លិខិត​គតិយុត្តិ​ជាក់លាក់​សម្រាប់​ខ្មែរ​ក្រោម​បន្ថែម​ទៅ​លើ​ច្បាប់​នានា​ដែល​មាន​ស្រាប់៖ ៖ «ច្បាប់​យើង​មាន​ហើយ ប៉ុន្តែ​គួរ​មាន​សារាចរ ឬ​សេចក្ដី​ណែនាំ​ដាច់​ដោយ​ឡែក​មួយ​ទៀត ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​យល់​បន្ថែម​ទៅ​លើ​បញ្ហា​នេះ»

ចំណែក​នាយិកា​ប្រតិបត្តិ​អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ថា អេ.ស៊ី.ធី (ACT) កញ្ញា ស្រី សុធាវី យល់​ថា ការ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​គតិយុត្តិ​ច្បាស់លាស់​មួយ​សម្រាប់​ឋានៈ​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា មិន​មែន​ជា​ការ​លំបាក​នោះ​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​មាន​ឆន្ទៈ៖ «ខ្ញុំ​គិត​ថា បើ​សិន​ជា​រដ្ឋាភិបាល​មាន​ឆន្ទៈ ខ្ញុំ​មិន​គិត​ថា វា​ជា​ការ​លំបាក​ទេ។ កន្លង​ទៅ​នៅ​ក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ផ្នែក​អត្តសញ្ញាណកម្ម យើង​ឃើញ​ថា ច្បាប់​មួយ​ចំនួន​នៅ​ក្នុង​កម្រិត​គាត់ៗ​យល់​ដឹង​ច្រើន ប៉ុន្តែ​ទាក់ទង​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​អត់​ទាន់​មាន​ការ​អនុវត្ត​ត្រឹមត្រូវ​នៅ​ឡើយ​ទេ»

សង្គម​ស៊ីវិល​លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ខ្មែរ និង​ច្បាប់ សញ្ជាតិ។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ប្រឈម​នឹង​បញ្ហា​អត្តសញ្ញាណ​ដដែល។ ពលរដ្ឋ​ខ្មែរ​ក្រោម​ឈ្មោះ រើន សុខា ឲ្យ​ដឹង​ថា បើ​ទោះ​ជា​លោក​ឡើង​មក​កម្ពុជា តាំង​ពី​ឆ្នាំ​២០០០ ក្តី ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ក្រុម​គ្រួសារ​លោក​មិន​ទាន់​មាន​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ឡើយ។ លោក​បារម្ភ​ខ្លាច​ថ្ងៃ​ណា​មួយ​អាជ្ញាធរ​ខ្មែរ​ចាប់​បញ្ជូន​លោក​ទៅ​ប្រគល់​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ ដោយសារ​លោក​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ៖ «អ្នក​ជិត​ខាង​គេ​ប្រាប់​ខ្លះៗ​ទៅ ដល់​ពេល​ខ្ញុំ​ទៅ​និយាយ​រាង​អត់​ច្បាស់ គេ​សួរ​រក​សំបុត្រ​កំណើត ប័ណ្ណ​គ្រួសារ ខ្ញុំ​អត់​មាន អ៊ីចឹង​ទៅ​គេ​ផ្អាក​ត្រឹម​ហ្នឹង​ទៅ ថា​ចាំ​ក្រោយ​ទៀត»

អនុ​ប្រធាន​ការិយាល័យ​អត្រានុកូលដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ លោក កាំ ផនសត្យា ដែល​ចូលរួម​ក្នុង​សិក្ខាសាលា​ដែរ​នោះ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​អាច​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​ស្នើ​របស់​ខ្មែរ​ក្រោម និង​សង្គម​ស៊ីវិល​បាន​ឡើយ ប៉ុន្តែ​លោក​ថា នឹង​លើក​យក​សំណើ​នេះ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ។

ទោះ​ជា​យ៉ាង​ណា លោក កាំ ផនសត្យា បញ្ជាក់​ថា ជា​គោលការណ៍​ឲ្យ​តែ​ជា​ពលរដ្ឋ​ខ្មែរ មិន​ថា​ខ្មែរ​លើ ខ្មែរ​កណ្ដាល ឬ​ខ្មែរ​ក្រោម​នោះ​ឡើយ ឲ្យ​តែ​ពួកគាត់​មាន​ឯកសារ​បញ្ជាក់​ថា ពួកគាត់​គឺ​ជា​ខ្មែរ អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​ដល់​ពលរដ្ឋ​ទាំង​អស់​នោះ៖ «ដោយ​យោង​លើ​ឯកសារ​អត្តសញ្ញាណ​របស់​គាត់​មក​ពី​ប្រទេស​វៀតណាម ដែល​គេ​បញ្ជាក់​ថា គាត់​មក​ពី​កម្ពុជា​ក្រោម ឬ​គាត់​ជា​ខ្មែរ​ហ្នឹង គឺ​គាត់​អាច​កាន់​ឯកសារ​ហ្នឹង​មក​ដើម្បី​បង្ហាញ​អាជ្ញាធរ​របស់​យើង អាជ្ញាធរ​របស់​យើង​អាច​បញ្ជាក់​លិខិត​អត្តសញ្ញាណ​បាន​ហើយ»

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា មាន​ប្រមាណ ១​លាន​នាក់។ អង្គការ​ខ្មែរ​ក្រោម និង​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ពួកគេ​នឹង​រក​ឱកាស​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​ឆាប់ៗ ដើម្បី​ពន្យល់​ពី​ការ​ស្នើ​បង្កើត​ឲ្យ​មាន​បទដ្ឋាន​គតិយុត្តិ​ជាក់លាក់​សម្រាប់​ឋានៈ​ជា​ពលរដ្ឋ​របស់​ខ្មែរ​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សិទ្ធិ​មនុស្ស
តើ​លោក កើត សារ៉ាយ ជា​អ្នកណា?
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។