អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសង្គមស៊ីវិល ស្នើរដ្ឋាភិបាលកម្ពុជា បង្កើតលិខិតបទដ្ឋានគតិយុត្តិជាក់លាក់មួយសម្រាប់ខ្មែរក្រោម ដើម្បីធានាថា ខ្មែរក្រោមនៅកម្ពុជា អាចទទួលបានសិទ្ធិជាពលរដ្ឋដូចខ្មែរនៅកម្ពុជា។ ការស្នើនេះធ្វើឡើងនៅក្នុងសិក្ខាសាលាបង្ហាញលទ្ធផលស្រាវជ្រាវស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា នៅថ្ងៃទី២៧ ខែមករា ដែលរៀបចំដោយអង្គការក្រុមការងារដោះស្រាយទំនាស់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍។
អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសង្គមស៊ីវិល មើលឃើញថា បើទោះជាបច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ខ្មែរក្រោមគឺជាពលរដ្ឋខ្មែរក៏ដោយ តែការអនុវត្តជាក់ស្ដែង ខ្មែរក្រោមមិនទាន់អនុវត្តសិទ្ធិនេះបានពេញលេញនៅឡើយ។
ការសន្និដ្ឋានដូចនេះ ធ្វើឡើងក្រោយពីអង្គការក្រុមការងារដោះស្រាយទំនាស់ និងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានធ្វើការសិក្សាស្រាវជ្រាវស្ដីពីសិទ្ធិជាពលរដ្ឋរបស់ខ្មែរក្រោមនៅកម្ពុជា ដែលធ្វើឡើងកាលពីខែតុលា និងវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងតំបន់ចំនួន៨ គឺនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ក្រចេះ បន្ទាយមានជ័យ និងខេត្តសៀមរាប។
លទ្ធផលនៃការស្រាវជ្រាវបង្ហាញថា ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា នៅប្រឈមនឹងការរើសអើង កង្វះលំនៅឋាន កង្វះការទទួលស្គាល់ពីអាជ្ញាធរមួយចំនួន និងខ្វះឯកសារបញ្ជាក់ពីអត្តសញ្ញាណ។ របាយការណ៍ស្រាវជ្រាវបញ្ជាក់ថា មូលហេតុនៃកង្វះការបញ្ជាក់អត្តសញ្ញាណដល់ខ្មែរក្រោម ដោយសារកង្វះខាតគោលការណ៍ណែនាំ ឬនីតិវិធីច្បាស់លាស់ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានអាចចេញអត្តសញ្ញាណដល់ខ្មែរក្រោម។ បន្ថែមពីលើនេះ ខ្មែរក្រោមមួយចំនួនមិនត្រូវបានអាជ្ញាធរទទួលស្គាល់ដោយចាត់ទុកថា ពួកគាត់ជាជនជាតិវៀតណាម។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មានប្រសាសន៍ថា ការប្រឈមរបស់ខ្មែរក្រោមនឹងត្រូវកាត់បន្ថយ បើរដ្ឋាភិបាលចេញលិខិតគតិយុត្តិជាក់លាក់សម្រាប់ខ្មែរក្រោមបន្ថែមទៅលើច្បាប់នានាដែលមានស្រាប់៖ ៖ «ច្បាប់យើងមានហើយ ប៉ុន្តែគួរមានសារាចរ ឬសេចក្ដីណែនាំដាច់ដោយឡែកមួយទៀត ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានយល់បន្ថែមទៅលើបញ្ហានេះ»។
ចំណែកនាយិកាប្រតិបត្តិអង្គការក្រុមការងារដោះស្រាយទំនាស់ ហៅកាត់ថា អេ.ស៊ី.ធី (ACT) កញ្ញា ស្រី សុធាវី យល់ថា ការបង្កើតឲ្យមានបទដ្ឋានគតិយុត្តិច្បាស់លាស់មួយសម្រាប់ឋានៈរបស់ខ្មែរក្រោមនៅកម្ពុជា មិនមែនជាការលំបាកនោះឡើយ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈ៖ «ខ្ញុំគិតថា បើសិនជារដ្ឋាភិបាលមានឆន្ទៈ ខ្ញុំមិនគិតថា វាជាការលំបាកទេ។ កន្លងទៅនៅក្នុងទំនាក់ទំនងរបស់យើងជាមួយផ្នែកអត្តសញ្ញាណកម្ម យើងឃើញថា ច្បាប់មួយចំនួននៅក្នុងកម្រិតគាត់ៗយល់ដឹងច្រើន ប៉ុន្តែទាក់ទងការអនុវត្តជាក់ស្ដែងនៅអត់ទាន់មានការអនុវត្តត្រឹមត្រូវនៅឡើយទេ»។
សង្គមស៊ីវិលលើកឡើងថា ពលរដ្ឋខ្មែរក្រោមត្រូវបានការពារដោយរដ្ឋធម្មនុញ្ញខ្មែរ និងច្បាប់ សញ្ជាតិ។ ទោះជាយ៉ាងណា ពលរដ្ឋខ្មែរក្រោមនៅប្រឈមនឹងបញ្ហាអត្តសញ្ញាណដដែល។ ពលរដ្ឋខ្មែរក្រោមឈ្មោះ រើន សុខា ឲ្យដឹងថា បើទោះជាលោកឡើងមកកម្ពុជា តាំងពីឆ្នាំ២០០០ ក្តី ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមគ្រួសារលោកមិនទាន់មានលិខិតបញ្ជាក់អត្តសញ្ញាណឡើយ។ លោកបារម្ភខ្លាចថ្ងៃណាមួយអាជ្ញាធរខ្មែរចាប់បញ្ជូនលោកទៅប្រគល់ឲ្យអាជ្ញាធរវៀតណាម វិញ ដោយសារលោកគ្មានលិខិតស្នាមត្រឹមត្រូវ៖ «អ្នកជិតខាងគេប្រាប់ខ្លះៗទៅ ដល់ពេលខ្ញុំទៅនិយាយរាងអត់ច្បាស់ គេសួររកសំបុត្រកំណើត ប័ណ្ណគ្រួសារ ខ្ញុំអត់មាន អ៊ីចឹងទៅគេផ្អាកត្រឹមហ្នឹងទៅ ថាចាំក្រោយទៀត»។
អនុប្រធានការិយាល័យអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ លោក កាំ ផនសត្យា ដែលចូលរួមក្នុងសិក្ខាសាលាដែរនោះ មានប្រសាសន៍ថា លោកមិនទាន់អាចឆ្លើយតបភ្លាមៗចំពោះការស្នើរបស់ខ្មែរក្រោម និងសង្គមស៊ីវិលបានឡើយ ប៉ុន្តែលោកថា នឹងលើកយកសំណើនេះទៅកាន់ក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណា លោក កាំ ផនសត្យា បញ្ជាក់ថា ជាគោលការណ៍ឲ្យតែជាពលរដ្ឋខ្មែរ មិនថាខ្មែរលើ ខ្មែរកណ្ដាល ឬខ្មែរក្រោមនោះឡើយ ឲ្យតែពួកគាត់មានឯកសារបញ្ជាក់ថា ពួកគាត់គឺជាខ្មែរ អាជ្ញាធរមូលដ្ឋានត្រូវតែចេញលិខិតបញ្ជាក់អត្តសញ្ញាណដល់ពលរដ្ឋទាំងអស់នោះ៖ «ដោយយោងលើឯកសារអត្តសញ្ញាណរបស់គាត់មកពីប្រទេសវៀតណាម ដែលគេបញ្ជាក់ថា គាត់មកពីកម្ពុជាក្រោម ឬគាត់ជាខ្មែរហ្នឹង គឺគាត់អាចកាន់ឯកសារហ្នឹងមកដើម្បីបង្ហាញអាជ្ញាធររបស់យើង អាជ្ញាធររបស់យើងអាចបញ្ជាក់លិខិតអត្តសញ្ញាណបានហើយ»។
អង្គការសមាគមខ្មែរកម្ពុជាក្រោមប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅលើទឹកដីកម្ពុជា មានប្រមាណ ១លាននាក់។ អង្គការខ្មែរក្រោម និងសង្គមស៊ីវិលឲ្យដឹងថា ពួកគេនឹងរកឱកាសជួបពិភាក្សាជាមួយមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗ ដើម្បីពន្យល់ពីការស្នើបង្កើតឲ្យមានបទដ្ឋានគតិយុត្តិជាក់លាក់សម្រាប់ឋានៈជាពលរដ្ឋរបស់ខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។