ពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោមប្រមាណជាង ២០០នាក់ បាននាំគ្នាធ្វើបាតុកម្មខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃខ្មែរក្រោមពីរអង្គ និងពលរដ្ឋខ្មែរក្រោមម្នាក់ដែលកំពុងជាប់ឃុំឃាំង។
ចាប់ផ្ដើមពីម៉ោង ១១ព្រឹក នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ក្រុមបាតុករបានស្រែកទាមទារឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ហើយត្រូវដោះលែងសកម្មជនខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមពីរអង្គដែលកំពុងស្ថិតក្នុងការឃុំខ្លួន។
លោក ត្រឹង ម៉ាណារិន នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក មានប្រសាសន៍ថា រដ្ឋាភិបាលវៀតណាម គ្មានសិទ្ធិចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោមនោះឡើយ ហើយថា ជាងនេះទៅទៀត អាជ្ញាធរវៀតណាម បានប្រើអំពើហិង្សាវាយកម្ទេចទ្រព្យសម្បត្តិរបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងវត្តអារាមផងដែរ។
កាលពីថ្ងៃទី១៦ ខែឧសភា អាជ្ញាធរវៀតណាម បានចាប់ខ្លួនព្រះសង្ឃខ្មែរក្រោមចំនួនបីអង្គ និងពលរដ្ឋខ្មែរក្រោមម្នាក់ ដោយចោទប្រកាន់ថា ព្រះសង្ឃទាំងនោះមានទំនាក់ទំនងជាមួយសហព័ន្ធខ្មែរក្រោមនៅក្រៅប្រទេស ហើយបានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី។
ព្រះសង្ឃទាំងបីអង្គនោះមានព្រះនាម លី ចិន្តា គង់នៅវត្តទេពពារាម ហើយសង្ឃពីរអង្គទៀតព្រះនាម ថាច់ ធឿន និង លីវ នី ដែលគង់នៅវត្តសេរីតាសេក ក្នុងស្រុកព្រៃជាប់ ក្នុងខេត្តឃ្លាំង។ រហូតមកទល់ពេលនេះអាជ្ញាធរវៀតណាម បានដោះលែងព្រះតេជព្រះគុណ លី ចិន្តា មកវិញហើយ ក្រោយពីបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ។
សកម្មជនខ្មែរក្រោម លោក ថាច់ ធៀ ដែលបានចូលរួមធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្លែងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ព្រះសង្ឃពីរអង្គដែលកំពុងស្ថិតក្នុងការឃុំឃាំង។
ទោះបីជាយ៉ាងណាក៏ដោយ រហូតដល់ម៉ោង ២ និង ៣០នាទីរសៀល គេនៅមិនឃើញមានមន្ត្រីស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ចេញមកទទួលញត្តិរបស់ក្រុមបាតុករខ្មែរក្រោមនោះឡើយ។
ព្រះតេជព្រះគុណ ថាច់ ច័ន្ទសុភី ដែលជាចៅអធិការវត្តខ្មែរកម្ពុជាក្រោម ក្នុងទីក្រុងម៉ាណាសាស មានថេរដីកាថា រដ្ឋាភិបាលវៀតណាម កាន់តែប្រើនយោបាយអាក្រក់ទៅៗ ក្នុងការបំបាត់ទាំងពូជសាសន៍ និងជំនឿសាសនារបស់ពលរដ្ឋខ្មែរក្រោម។

នៅថ្ងៃអង្គារ ទី៤ មិថុនា ដដែល ពលរដ្ឋខ្មែរក្រោមក៏បានបន្តធ្វើបាតុកម្មនៅមុខសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ហើយតំណាងរបស់ពួកគេមួយរូបបានឡើងបំភ្លឺក្នុងសភារបស់អាមេរិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អន្តរាគមន៍ឲ្យមានការដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមមួយចំនួនដែលកំពុងស្ថិតក្នុងពន្ធនាគារនៃប្រទេសវៀតណាម។
ជាមួយគ្នានេះដែរ ពលរដ្ឋខ្មែរក្រោមនិងខ្មែរកណ្ដាលប្រមាណជិត ៣០០នាក់ រួមទាំងព្រះសង្ឃជាច្រើនអង្គបាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវនៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីខេនបើរ៉ា (Canberra) ប្រទេសអូស្ត្រាលី ក្នុងបញ្ហាដូចគ្នានេះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំសេចក្ដីអត្ថាធិប្បាយបានទេពីក្រុមមន្ត្រីរដ្ឋាភិបាលវៀតណាម។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃអង្គារ ទាមទារឲ្យអង្គការសហប្រជាជាតិស្វែងរកវិធីថ្មីដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលទីក្រុងហាណូយ ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សជាបន្ទាន់។
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិមួយនេះ បានហៅស្ថានភាពរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ថាកាន់តែមានរូបភាពអាក្រក់ទៅៗ។
បាតុកម្មមុខស្ថានទូតវៀតណាមនៅអូស្ត្រាលី
ចំណែកនៅឯប្រទេសអូស្ត្រាលី ឯណោះវិញ ពលរដ្ឋខ្មែរក្រោម និងខ្មែរកណ្ដាលប្រមាណជិត ៣០០នាក់ រួមទាំងព្រះសង្ឃជាច្រើនអង្គ បាននាំគ្នាធ្វើបាតុកម្មតាមដងផ្លូវនៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីខេនបើរ៉ា (Canberra) ប្រទេសអូស្ត្រាលី។
ក្រុមបាតុករបានស្រែកទាមទារឲ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់ការការរំលោភសិទ្ធិមនុស្សក្នុងប្រទេសវៀតណាម ហើយត្រូវដោះលែងសកម្មជនខ្មែរក្រោម និងព្រះសង្ឃខ្មែរក្រោមពីរអង្គដែលកំពុងស្ថិតក្នុងការឃុំខ្លួន។
លោក រាជ ស៊ីវ ដែលជាអ្នកដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណម ក្នុងប្រទេសអូស្ត្រាលី ថ្លែងថា អាជ្ញាធរវៀតណាម បានមិនត្រឹមតែរំលោភសិទ្ធិ និងជំនឿសាសនារបស់ពលរដ្ឋខ្មែរក្រោមក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរក្រោមជាច្រើនទៀត។
វិទ្យុអាស៊ីសេរី មិនអាចសុំសេចក្ដីអត្ថាធិប្បាយពីអាជ្ញាធរវៀតណាម បានទេនៅថ្ងៃអង្គារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។