Opens in new windowនៅថ្ងៃទី១៣ ខែកញ្ញា ដែលជាខួបទី៨ នៃសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីសិទ្ធិជនជាតិដើម លេខាធិការដ្ឋាននៃអង្គការ-សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា នឹងប្រារព្ធពិធីអបអរសាទរទិវានេះនៅវត្តសាមគ្គីរង្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ថា គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីស្វែងយល់ពីសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម ជាពិសេសសិទ្ធិរបស់ខ្មែរក្រោមដែលជាជនជាតិដើមនៅដែនដីកម្ពុជាក្រោម។
លោក សឺន ជុំជូន៖ «ជំរុញឲ្យមានការលើកកម្ពស់ និងការគោរពសិទ្ធិរបស់ខ្មែរក្រោមក្នុងនាមជាជនជាតិដើម ហើយគោលបំណងទី២ គឺយើងបង្កើនចំណេះដឹងទៅដល់បងប្អូនពលរដ្ឋខ្មែរ ពិសេសខ្មែរក្រោមឲ្យស្គាល់ពីសិទ្ធិរបស់ពួកគាត់ ហើយទី៣ គឺជំរុញឲ្យមានការលើកទឹកចិត្ត និងកាត់បន្ថយ ការរើសអើងមកលើខ្មែរក្រោម ជំរុញឲ្យរដ្ឋាភិបាលផ្ដល់ឲ្យខ្មែរក្រោមទទួលបាននូវសិទ្ធិប្រតិបត្តិក្នុងនាមជាពលរដ្ឋខ្មែរនៅកម្ពុជាផងដែរ»។
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ឲ្យដឹងថា កម្មវិធីនេះមានព្រះសង្ឃ និងពលរដ្ឋប្រមាណ ១៥០ អង្គ/នាក់ ចូលរួម ក្នុងនោះក៏មានតំណាងពីអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ព្រមទាំងតំណាងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
