រដ្ឋាភិបាលវៀតណាម កាលពីដើមឆ្នាំ២០១៣ បានចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយចំនួនព្រមទាំងបានធ្វើទារុណកម្ម និងចាប់ខ្លួនខ្មែរកម្ពុជាមួយចំនួនទៀតផង។
តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ យន់ ទោន កាលពីថ្ងៃច័ន្ទ ទី២២ កក្កដា ស្នើឲ្យ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងគណៈកម្មាធិការសេរីភាពអន្តរសាសនា គាបសង្កត់រដ្ឋាភិបាលវៀតណាម ឲ្យដោះលែងព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម និងផ្ដល់សិទ្ធិមនុស្សនិងសេរីផ្នែកព្រះពុទ្ធសាសនាដល់ខ្មែរកម្ពុជាក្រោម កំពុងរស់នៅវៀតណាម។
ព្រះតេជព្រះគុណ យន់ ទោន៖ «ឲ្យសហរដ្ឋអាមេរិកជួយអន្តរាគមន៍ ជួយធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលយួន គោរពសិទ្ធិមនុស្ស គោរពសាសនានិងបើកធំទូលាយខ្មែរក្រោមមានសិទ្ធិមានជំនឿសាសនា»។
ព្រះតេជព្រះគុណ យន់ ទោន បន្តថា ព្រះសង្ឃពីរអង្គនិងខ្មែរក្រោម ៣នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន បច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅខេត្តឃ្លាំង ដែលប្រទេសវៀតណាម បានប្រែឈ្មោះថា ខេត្តសុកត្រាំង ប៉ុន្តែអាជ្ញាធរវៀតណាម មិនបានផ្ដល់ព័ត៌មានលំអិតពីកន្លែងឃុំឃាំងឡើយ។ ចំណែកខ្មែរកម្ពុជាចំនួន ១៣នាក់កំពុងស្នាក់នៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទីបី។ ពួកគេព្រួយបារម្ភអាជ្ញាធរវៀតណាម នឹងចាប់ខ្លួនពួកគេប្រសិននៅបន្តរស់នៅប្រទេសវៀតណាម។
ព្រះអង្គបន្តទៀតថា អាជ្ញាធរវៀតណាម បានចាប់ឃាត់ខ្លួនព្រះសង្ឃ និងខ្មែរកម្ពុជាក្រោម ដើម្បីរារាំងមិនឲ្យព្រះសង្ឃបង្រៀនធម៌ និងអក្សរសាស្ត្រខ្មែរ។
ព្រះតេជព្រះគុណ យន់ ទោន បន្តថា គណៈកម្មាធិការសេរីភាពអន្តរសាសនា បានសន្យានឹងជួយខ្មែរកម្ពុជាក្រោម ឲ្យមានសិទ្ធិរស់នៅជាម្ចាស់ទឹកដីកំណើតនៅប្រទេសវៀតណាម៖ «ក្រសួងអន្តរសាសនាបានទទួលនូវព័ត៌មានបន្ថែមគេមានការមិនសុខចិត្តចំពោះការរំលោភលើសិទ្ធិមនុស្ស និងសាសនារបស់រដ្ឋាភិបាលវៀតណាម។ ក្រសួងអន្តរសាសនាអះអាងនឹងជួយ»។
ព្រះសង្ឃនិងខ្មែរកម្ពុជាក្រោមទូទាំងពិភពលោក បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការគាបសង្កត់ផ្នែកសាសនានៅប្រទេសវៀតណាម ប៉ុន្តែរដ្ឋាភិបាលវៀតណាម នៅមិនទាន់បានឆ្លើយតបជាវិជ្ជមាននៅឡើយទេ។
របាយការណ៍ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីពីសេរីភាពសាសនាសម្រាប់ឆ្នាំ២០១៣ រកឃើញថា ទោះបីជាវៀតណាមបានរីកចំរើនខ្លះក្នុងការទទួលស្គាល់នៃក្រុមសាសនាមួយចំនួន មានវត្តមាននៅប្រទេសកម្ពុជា។ រដ្ឋាភិបាលវៀតណាម នៅបន្តរឹតត្បិតសិទ្ធិសេរីភាពផ្នែកសាសនា។ ក្រុមសាសនាដែលមិនបានចុះបញ្ជីនឹងរដ្ឋាភិបាលនៅតែបន្តរងការគាបសង្កត់និងគំរាមកំហែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
