អ្នកគ្រប់គ្រង និងម្ចាស់ស្ថានីយវិទ្យុ អេហ្វ.អឹម មួយចំនួន ដែលផ្សាយបន្តពីវិទ្យុអាស៊ីសេរី អះអាងខុសៗគ្នាអំពីសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលបញ្ជាឲ្យវិទ្យុ អេហ្វ.អឹម ក្នុងស្រុក ត្រូវផ្អាកផ្សាយបន្តកម្មវិធីរបស់វិទ្យុបរទេសរយៈពេល ២ថ្ងៃមុនការបោះឆ្នោតមួយថ្ងៃ និងនៅថ្ងៃបោះឆ្នោតមួយថ្ងៃ។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ អេហ្វ.អឹម ១០៥ មេហ្គាហឺតស៍ និយាយថា ស្ថានីយរបស់លោកទំនងជានឹងមិនអាចចាក់ផ្សាយកម្មវិធីរបស់វិទ្យុអាស៊ីសេរី បាននោះទេ ក្នុងអំឡុងពេលនេះ។ លោកបញ្ជាក់ថា អ្វីដែលលោកពុំអាចបន្តផ្សាយក្នុងរយៈពេលមុន១ថ្ងៃនៃការបោះឆ្នោត និងថ្ងៃបោះឆ្នោតនេះ គឺដើម្បីបញ្ចៀសការប្រឈមជាមួយនឹងក្រសួងព័ត៌មាន៖ «ក្រសួងព័ត៌មាន ហ្នឹង លាក់មុខជានិច្ច ហើយឥតចង់ឲ្យដឹងថាការពិតយ៉ាងម៉េចទេ។ ហើយ បើគេចង់សុំជួបនិយាយភរភូតៗថាសុំជួបហ្នឹង ក៏ភរភូតដែរ។ ហើយដូច្នេះ ដើម្បីចៀសវាងជំងឺឈឺក្បាលជាមួយក្រសួងព័ត៌មាន ហ្នឹង គឺពូប្ដេជ្ញាថាមិនបាច់ផ្សាយទេអា ២៧-២៨ ហ្នឹង»។
លោក ម៉ម សូណង់ដូ ដែលធ្លាប់ឆ្លងកាត់ជីវិតក្នុងពន្ធនាគារអស់រយៈពេល ៣ដងមកហើយនោះ បញ្ជាក់ថា លោកត្រូវរង់ចាំមើលវិទ្យុ អេហ្វ.អឹម មួយចំនួនទៀត រួមមានវិទ្យុ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ ជាដើម។ លោកថា បើម្ចាស់ស្ថានីយទាំងនេះហ៊ានផ្សាយ លោកនឹងមិនញញើតនោះដែរ។
ចំណែកអ្នកស្រី ជា ស៊ុនដាណែត អគ្គនាយិកានៃវិទ្យុ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អះអាងថា វិទ្យុមួយនេះនឹងមិនចាក់បន្តកម្មវិធីផ្សាយរបស់វិទ្យុបរទេស ដែលផ្សាយជាខេមរភាសានោះទេ។ អ្នកស្រីចាត់ទុកថា ដើម្បីកុំឲ្យប្រឈមមុខ ដែលអាចឈានដល់បិទវិទ្យុ ឬកើតបញ្ហានានាក្នុងអំឡុងពេលបោះឆ្នោតនេះ បើទោះជាដឹងថាត្រូវខាតបង់ថវិកាជាច្រើនក្ដី៖ «ដល់ពេលវាទើរនឹង វី.អូ.អេ (VOA) មួយផង បូកនឹង វី.អូ.ឌី (VOD) អត់ផ្សាយផង ខ្ញុំក៏សម្រេចថាអត់ផ្សាយតែម្ដង ពីព្រោះអាញ៉េអាញ៉ៃ វី.អូ.អេ។ វី.អូ.អេ យើងដាក់អត់បានទេ ព្រោះគាត់បានសារភាពថាគាត់អត់ដូរជំហរទេ។ អ៊ីចឹង គាត់នៅតែធ្វើព័ត៌មានហ្នឹងដដែល។ គាត់ផ្សាយតាមស័តវេវ (Shortwave = រលកធាតុអាកាសខ្លី) របស់គាត់អ៊ីចឹង»។
ក៏ប៉ុន្តែ លោក កែវ ច័ន្ទរដ្ឋា ប្រធានវិទ្យុអង្គររដ្ឋា នៅខេត្តសៀមរាប និងលោក ស្រី ចាន់នី អ្នកគ្រប់គ្រងវិទ្យុ អេហ្វ.អឹម ៩០ មេហ្គាហឺតស៍ វិញ អះអាងប្រហាក់ប្រហែលគ្នាថា ស្ថានីយទាំងពីរនេះនឹងមិនបោះបង់ជំហររបស់ខ្លួនចំពោះការផ្សាយកម្មវិធីបន្តរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក វី.អូ.អេ ដូចសព្វមួយដងនោះឡើយ។ ទោះជាបែបណា ម្ចាស់ស្ថាប័នទាំងពីរនេះ ឲ្យដឹងថា តែបើកម្មវិធីផ្សាយនោះពាក់ព័ន្ធនឹងការបោះឆ្នោត នឹងពុំអាចដំណើរការផ្សាយបានឡើយ ព្រោះផ្ទុយនឹងបម្រាបរបស់ គ.ជ.ប និងសេចក្ដីប្រកាសរបស់ក្រសួងព័ត៌មាន៖ «ខ្ញុំមានជំហរថាចាក់ផ្សាយ។ ប៉ុន្តែខ្ញុំបានវិភាគទៅលើការផ្សាយរបស់កម្មវិធីទាំងអស់នេះ បើសិនជាកម្មវិធីផ្សាយមិនប៉ះពាល់ដល់ប្រជាជន សតិអារម្មណ៍ប្រជាជន។ ហើយមិនប៉ះពាល់ដល់គណបក្សក្នុងរយៈពេល ២ថ្ងៃនេះ គឺខ្ញុំសប្បាយនឹងចាក់ផ្សាយ»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីក្រសួងព័ត៌មាន បានទេ នៅថ្ងៃទី២៦ កក្កដា។ ក៏ប៉ុន្តែ មន្ត្រីជំនាញរបស់ក្រសួងមួយនេះធ្លាប់បានអះអាងដោយផ្អែកទៅលើសេចក្ដីជូនដំណឹងរបស់ខ្លួនរួចហើយ និងទម្លាក់ការទទួលខុសត្រូវទៅលើ គ.ជ.ប។
យ៉ាងនេះក្ដី លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្លាប់បានបញ្ជាក់ថា គ.ជ.ប ពុំដែលចេញសេចក្ដីប្រកាសឲ្យបិទការផ្សាយវិទ្យុម្ដងណានោះឡើយ។ ក៏ប៉ុន្តែ លោកឲ្យដឹងថា អ្វីដែល គ.ជ.ប ហាមឃាត់នោះ គឺហាមការផ្សាយការស្ទង់មតិ លទ្ធផលស្ទង់មតិ និងសកម្មភាពឃោសនារបស់គណបក្សនយោបាយ នៅថ្ងៃទី២៧ និងថ្ងៃបោះឆ្នោតប៉ុណ្ណោះ។
ក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងវិស័យព័ត៌មាននៅកម្ពុជា ចាត់ទុកថា កម្ពុជា នៅតែមានភាពចង្អៀត និងរួមតូចនៅឡើយអំពីសិទ្ធិទទួលបានព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
