ចាប់តាំងពីល្ងាចថ្ងៃទី២៤ រហូតមកដល់ថ្ងៃត្រង់ថ្ងៃទី២៥ ខែឧសភា ក្រុមបុគ្គលិកនៃហាងម៉ាស្សាជាច្រើននាក់ មិនចូលធ្វើការ ដើម្បីតវ៉ាប្រឆាំងនឹងអ្នកគ្រប់គ្រងដែលជាជនជាតិកូរ៉េ ម្នាក់។
បុគ្គលិកខ្មែរប្រមាណជិត ៥០នាក់ ដែលបម្រើការផ្នែកម៉ាស្សាឱ្យហាងកូរ៉េ ឈ្មោះ អាយស៍ស្ប៉ា (Ice Spa) នៅក្នុងទីរួមខេត្តសៀមរាប បានលើកគ្នាទៅកាន់ស្នងការនគរបាល ប្ដឹងអ្នកគ្រប់គ្រងជនជាតិកូរ៉េ ម្នាក់ ដោយទាមទារឱ្យសងជំងឺចិត្តជាទឹកប្រាក់ចំនួន ៤.០០០ដុល្លារអាមេរិក និងឱ្យអ្នកគ្រប់គ្រងជាជនបរទេសរូបនោះ សុំទោសពួកគេជាសាធារណៈ។
ការដាក់ពាក្យបណ្ដឹង និងទាមទារបែបនេះ បន្ទាប់ពីក្រុមបុគ្គលិកខ្មែរអះអាងថា អ្នកគ្រប់គ្រងជនជាតិកូរ៉េ នោះ តែងប្រើហិង្សាដោះស្បែកជើងគប់ និងវាយក្បាលពួកគេជាច្រើនលើកមកហើយ ក្នុងរយៈពេលប្រមាណកន្លះខែមកនេះ។
យុវជនឈ្មោះ ហ៊ិន ឆាយឡាយ អាយុ ១៩ឆ្នាំ ជាបុគ្គលិកម៉ាស្សាម្នាក់ក្នុងចំណោមជាច្រើនទៀតនៅក្នុងហាងកូរ៉េ នោះ។ គាត់បានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ថា បុរសជនជាតិកូរ៉េ ឈ្មោះ ស៊ុន ដែលជាអ្នកគ្រប់គ្រងហាងម៉ាស្សា អាយស៍ស្ប៉ា នោះ បានដោះស្បែកជើងគប់រូបគាត់ និងបុគ្គលិកចំនួន ១២នាក់ផ្សេងទៀត កាលពីពេលថ្មីៗ។ ឆាយឡាយ បានឱ្យដឹងថា រូបគាត់ និងបុគ្គលិក ១២នាក់ទៀត ត្រូវបានអ្នកគ្រប់គ្រងហៅទៅម៉ាស្សាឱ្យភ្ញៀវជនជាតិកូរ៉េ ហើយនៅពេលកំពុងម៉ាស្សា គឺអ្នកគ្រប់គ្រងបានដើរប្រាប់ថា បើភ្ញៀវមិនឱ្យលុយធីបទេ គឺចាំទៅយកលើតុ ពីព្រោះអីលុយធីប គឺភ្ញៀវបានឱ្យទៅអ្នកគ្រប់គ្រង។ លុះគាត់ម៉ាស្សារួចហើយ ភ្ញៀវក៏ឱ្យលុយគាត់ បន្ទាប់មកអ្នកគ្រប់គ្រងក៏បានហៅពួកគាត់ទៅទទួលលុយធីបម្ដងទៀត។ ក្រោយពីទទួលយកលុយធីបពីអ្នកគ្រប់គ្រងបានបន្តិច បុរសជនជាតិកូរ៉េ ក៏ហៅពួកគាត់ ១៣នាក់ទៅម្ដងទៀត ហើយក៏ដោះស្បែកជើងគប់តែម្ដង។
លោក ហ៊ិន ឆាយឡាយ៖ «ថៅកែ អាស៊ុន ចែកលុយឱ្យម្នាក់ ២ដុល្លារ។ ពួកខ្ញុំក៏ទទួល ហើយដើរទៅញ៉ាំបាយវិញ មិនទាន់ទៅដល់អង្គុយញ៉ាំបាយផង គេហៅឱ្យមកមុខវិញ។ គេហៅពួកខ្ញុំចូលបន្ទប់លេខ៣ កន្លែងដែលម៉ាស្សាអំបាញ់មិញ ទៅដល់គេគ្រាន់តែសួរថា ហេតុអ្វីបានលុយធីបហើយថាអត់បាន? ស្បែកជើងវាពាក់នឹងជើង គេគប់រះលើបុគ្គលិក ១៣នាក់»។
អ្នកស្រី ធិន ធារ៉ា ជាបុគ្គលិកម៉ាស្សានៅហាងកូរ៉េ នោះម្នាក់ទៀត បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងកន្លះខែមកនេះ នៅពេលដែលថៅកែរបស់គាត់ជាជនជាតិកូរ៉េ មិននៅ គឺបានប្រគល់តួនាទីឱ្យជនជាតិកូរ៉េ ម្នាក់ទៀតឈ្មោះ ស៊ុន ជាអ្នកគ្រប់គ្រងជំនួស។ ក៏ប៉ុន្តែ ចាប់តាំងពីឈ្មោះ ស៊ុន ចូលមកគ្រប់គ្រង គឺបានប្រើអំពើហិង្សា និងមើលងាយកម្មករខ្មែរជាច្រើនលើកបន្តបន្ទាប់៖ «តាំងពីលោក ស៊ុន ចូលមក គឺមានរឿងរហូត ខឹងអីគប់នឹងទ្រនាប់ជើង វាយក្បាលនឹងទ្រនាប់ជើងអីចឹងទៅ។ ពូឯងគិតមើល យើងខ្មែរដូចគ្នា ហើយអយុត្តិធម៌ ឬអត់ ដែលវាធ្វើបាបខ្មែររបៀបនោះ? វាធ្វើខុសហើយ ឱ្យយើងទៅសុំទោសវា។ វាមើលងាយខ្មែរយើងពេកហើយ»។

ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីបុរសជនជាតិកូរ៉េ ឈ្មោះ ស៊ុន ជុំវិញការចោទប្រកាន់ពីក្រុមកម្មករខ្មែរបានទេ ដោយសារតែរូបលោកត្រូវប៉ូលិសកំពុងសាកសួរ។
ក្រុមបុគ្គលិកខ្មែរ បានលើកគ្នាទៅកាន់ស្នងការនគរបាលខេត្តសៀមរាប ហើយទាមទារឱ្យបុរសជនជាតិកូរ៉េ នោះ បានសុំទោសពួកគេជាសាធារណៈ បើពុំនោះទេ ពួកគេនឹងនាំគ្នាធ្វើកូដកម្មតវ៉ាប្រឆាំង។
ទោះយ៉ាងណា អនុប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក យិន សូ បានឱ្យដឹងថា ប៉ូលិសបានព្យាយាមសម្របសម្រួលបញ្ហានោះជាច្រើនម៉ោង ទម្រាំតែបុគ្គលិកខ្មែរយល់ព្រមបញ្ចប់ការតវ៉ា៖ «ដោយសារមានការព្រមព្រៀងរវាងភាគីទាំងពីរ ជនជាតិកូរ៉េ សុំទោសបុគ្គលិកខ្មែរយើង ទៅគេព្រមព្រៀងគ្នាចប់សព្វគ្រប់ ឥឡូវទៅធ្វើការវិញ»។
ក្នុងការបញ្ចប់ជម្លោះនោះ អ្នកគ្រប់គ្រងជនជាតិកូរ៉េ បានសុខចិត្តបង់ប្រាក់ជំងឺចិត្តទៅឱ្យបុគ្គលិកខ្មែរ ៤នាក់ ចំនួន ១.៥០០ដុល្លារអាមេរិក។
មន្ត្រីប៉ូលិសមួយរូបដែលសម្របសម្រួលជម្លោះនោះ បានបញ្ចេញមតិថា ការដែលជនជាតិកូរ៉េ យកស្បែកជើងគប់ ឬវាយក្បាលបុគ្គលិកខ្មែរ បើនិយាយពីច្បាប់ គឺវាជាទោសតិចតួច ក៏ប៉ុន្តែ បើនិយាយពីសីលធម៌ និងសេចក្តីថ្លៃថ្នូររបស់មនុស្សវិញ គឺជាការប្រមាថធ្ងន់ធ្ងរដែលគួរឱ្យឈឺចាប់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
