ពលករខ្មែររាប់ពាន់នាក់សម្រុកចេញទៅស្វែងរកការងារធ្វើនៅប្រទេសថៃ តាមច្រករបៀងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កើតមានរៀងរាល់ថ្ងៃ គឺបន្ទាប់ពីពួកគេមកលេងស្រុកកំណើតក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ អង្គការសង្គមស៊ីវិល កំពុងព្រួយបារម្ភក្រែងពួកគេជួបគ្រោះថ្នាក់តាមផ្លូវដល់អាយុជីវិត ដោយសារពលករធ្វើចំណាកស្រុកដោយខុសច្បាប់។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធតាមព្រំដែនកម្ពុជា-ថៃ ទប់ស្កាត់កុំឲ្យពលករធ្វើចំណាកស្រុកទាំងប្រថុយប្រថានខុសច្បាប់បន្តទៅទៀត។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ចាប់តាំងពីក្រោយបុណ្យចូលឆ្នាំពីថ្ងៃទី១៧ មេសា រហូតមក ពលករខ្មែរនាំគ្នាសម្រុកឆ្លងដែនទៅប្រទេសថៃ តាមច្រករបៀងនានាក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ដោយគ្មានអាជ្ញាធរណាទប់ស្កាត់នោះទេ។ លោកអះអាងថា ពលករធ្វើចំណាកស្រុកភាគច្រើនតាមច្រកបឹងបេង ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយពួកគេឆ្លងដែនដោយខុសច្បាប់ តាមរយៈមេខ្យល់ម្នាក់ប្រមាណពី ៣០ម៉ឺនទៅ ៥០ម៉ឺនរៀល៖ « ប្រជាពលរដ្ឋចេញទៅប្រទេសថៃ ដូចស្រមោច។ អ៊ីចឹងខ្ញុំសូមឲ្យសមត្ថកិច្ចកុំបណ្ដោយឲ្យពួកគាត់ចេញទៅថៃ បែបនេះអី ពីព្រោះប្រថុយនឹងគ្រោះថ្នាក់ដល់ពួកគាត់ខ្លាំងណាស់ »។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅក្បែរច្រកអូរបីជាន់ ស្រុកអូរជ្រៅ គឺកញ្ញា នី សានិត ថ្លែងថាពលករខ្មែរមកពីតាមបណ្ដាខេត្តរាប់រយនាក់ នាំគ្នាដេកក្រោមដើមឈើតាមមាត់អូរព្រំដែនក្បែរច្រករបៀងអូរបីជាន់ ដើម្បីរង់ចាំមេខ្យល់នាំពួកគេឆ្លងដែនទៅប្រទេសថៃ។ កញ្ញាអះអាងថា ពលករខ្លះបានមកស្នាក់នៅប្រមាណមួយសប្ដាហ៍ហើយ មិនទាន់បានចេញទៅប្រទេសថៃ នៅឡើយ ហើយថា ពលករមួយចំនួនបានប្រាប់កញ្ញាថា ពួកគេធ្វើចំណាកស្រុកទាំងប្រថុយប្រថានដោយខុសច្បាប់៖ « ខ្ញុំសួរទៅពួកគាត់ថាមេខ្យល់មិនទាន់មកទទួល បានជានាំគ្នាដេកក្នុងព្រៃសិន។ ចំណែកអ្នកដែលមានលិខិតឆ្លងដែន គេបានចេញទៅមុនអស់ហើយ »។
ឆ្លើយតបនឹងបញ្ហានេះ នាយរងសេនាធិការទាហានភូមិ៥ ប្រចាំការនៅជាយដែនខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រោយពីបុណ្យចូលឆ្នាំខ្មែររួច គឺពុំមានពលករធ្វើចំណាកស្រុកទៅប្រទេសថៃ តាមច្រករបៀងខុសច្បាប់ ដូចការលើកឡើងរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងប្រជាពលរដ្ឋឡើយ។ លោកអះអាងថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសទាហានភូមិ៥ បានយកចិត្តទុកដាក់ការពារយ៉ាងតឹងតែងទាំងយប់ថ្ងៃ មិនឲ្យពលរដ្ឋខ្មែរឆ្លងដែនទៅប្រទេសថៃ ដោយគ្មានច្បាប់នោះឡើយ។ លោកទទួលស្គាល់ថា ពលរដ្ឋឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ហើយត្រូវសមត្ថកិច្ចថៃ ចាប់ដាក់គុកច្រវាក់ទៀតផង៖ « បាទ ! យើងចាប់ផ្ដើមចុះត្រួតពិនិត្យតាមព្រំដែនជាបន្តបន្ទាប់ ហើយបើឃើញមានពលករ យើងនឹងហាមឃាត់គាត់ភ្លាម »។
ទោះបីជាយ៉ាងនេះក្ដី លោក ស៊ុំ ច័ន្ទគា ចាត់ទុកការឆ្លើយបដិសេធរបស់នាយរងសេនាធិការភូមិភាគ៥ ថាជាលេសមួយដើម្បីដោះសាពីការទទួលខុសត្រូវរបស់សមត្ថកិច្ចប៉ុណ្ណោះ៖ « បាទ ! ខ្ញុំមិនមែនឮគេថាទេ គឺខ្ញុំឃើញពលរដ្ឋនៅរង់ចាំគ្នានៅតាមដើមឈើនៅច្រកអូរបីជាន់ ច្រើនណាស់ ដើម្បីត្រៀមចេញទៅប្រទេសថៃ »។
ពលករធ្វើចំណាកស្រុកពុំមែនមានតែនៅច្រករបៀងខេត្តបន្ទាយមានជ័យ ប៉ុណ្ណោះទេនៅច្រកព្រំដែនខេត្តបាត់ដំបង ក៏មានពលករចេញទៅប្រទេសថៃ ដូចគ្នា។
អ្នករត់ម៉ូតូឌុបនៅច្រកអន្តរជាតិដូង ស្រុកកំរៀង គឺលោក ប្រាក់ ថន អះអាងថា ពលករធ្វើចំណាកស្រុកដោយខុសច្បាប់តាមច្រកទ្វារអន្តរជាតិដូង ក្នុងមួយថ្ងៃប្រមាណ ៣ពាន់នាក់។ លោកបន្ថែមថា ពលករចូលទៅប្រទេសថៃ ភាគច្រើនក្នុងរូបភាពទិញសំបុត្រឆ្លងដែនម្នាក់ប្រមាណ ១០០បាត ឬប្រមាណ ១ម៉ឺន ២ពាន់រៀល ហើយចេញទៅធ្វើការតាមរយៈមេខ្យល់នៅទីក្រុងបាងកក និងខេត្តជាប់ទីក្រុងបាងកក៖ « បាទ ! ពលករចេញទៅថៃ ដូចទឹកបាក់ទំនប់អ៊ីចឹង គឺដឹកតាមឡានតូចក៏មាន ឡានធំក៏មានដែរច្រើនណាស់ ហើយមកពីគ្រប់ទិសទីក្នុងប្រទេសតែម្ដង »។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានច្រកទ្វារអន្តរជាតិដូង ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៤ មេសា។
ទោះបីជាយ៉ាងណា ពលករភាគច្រើន ពួកគេមិនចង់ធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយខុសច្បាប់នោះទេ ប៉ុន្តែដោយសារគ្មានជម្រើស។ ម្យ៉ាងទៀត ពួកគេគ្មានប្រាក់សម្រាប់ធ្វើលិខិតឆ្លងដែនដែលមានតម្លៃខ្ពស់ និងពិបាកធ្វើទិដ្ឋាការសម្រាប់ធ្វើការងារស្របច្បាប់ជាដើម។ ប្រហែលជាដោយសារបញ្ហាទាំងនេះហើយ ដែលជាឧបសគ្គសំខាន់ជំរុញឲ្យពលរដ្ឋខ្មែរសម្រេចចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយខុសច្បាប់។
លោក ស៊ុំ ច័ន្ទគា ពន្យល់ថា កត្តាសំខាន់ដែលជំរុញឲ្យពលរដ្ឋខ្មែរធ្វើចំណាកស្រុក ដោយសារពួកគេគ្មានការងារធ្វើនៅក្នុងស្រុក ហើយបើទោះជាពួកគាត់ដឹងថា ការធ្វើចំណាកស្រុកប្រថុយនឹងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ក៏ប៉ុន្តែពលករខ្មែរក៏នៅតែបន្តចេញទៅប្រទេសថៃ រៀងរាល់ឆ្នាំ។ លោកបន្ថែមថា នៅច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ពលករចេញទៅប្រទេសថៃ យ៉ាងហោចណាស់ប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃ។
ប្រធានអង្គការខារ៉ាមកម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ មានប្រសាសន៍ថា ពលករខ្មែរធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់នៅឆ្នាំ២០១៥ មានប្រហែល ១លាននាក់។ លោកពន្យល់ថា ពលករធ្វើចំណាកស្រុកច្រើនបានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅកម្ពុជា ដោយសារខ្វះខាតកម្លាំងពលកម្មក្នុងស្រុក ជាពិសេស គឺផ្នែកកសិកម្ម និងឧស្សាហកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។