បុគ្គលិក​កាស៊ីណូ​ណាហ្គា​ជាង​១០០​នាក់​ធ្វើ​បាតុកម្ម

បុគ្គលិក​នៃ​កាស៊ីណូ ណាហ្គា វឺល (Naga World) ប្រមាណ​ជាង ១០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ថៅកែ​កាស៊ីណូ ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក និង​គោរព​ច្បាប់​ការងារ​នៃ​ប្រទេស​កម្ពុជា។

0:00 / 0:00

ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ី.ធី.អេស.ដាប់បែលយូ.អេស (C.T.S.W.S.) លោក សុខ ណារិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ មិថុនា ថា បើ​សិន​ជា​ថៅកែ​កាស៊ីណូ ណាហ្គា វឺល មិន​ដោះស្រាយ​តាម​ការ​ទាមទារ​របស់​កម្មករ បុគ្គលិក ទេ ពួកគេ​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​ឲ្យ​ធំ​ជាង​មុន​ទៅ​ទៀត ដោយ​មាន​មនុស្ស​ចូល​រួម ៤.០០០​នាក់។

លោក សុខ ណារិទ្ធ ឲ្យ​ដឹង​ទៀត​ថា បុគ្គលិក​ទាំង​អស់​បាន​ប្ដេជ្ញា​ថា បើ​ភាគី​ថៅកែ និង​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍​សេវា​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៣ ចរចា​មិន​ចុះ​សម្រុង​ទេ​នោះ បុគ្គលិក​នឹង​បន្ត​ធ្វើ​បាតុកម្ម​នេះ លុះ​ត្រា​តែ​ថៅកែ​កាស៊ីណូ យល់​ព្រម​អនុវត្ត​តាម​អ្វី​ដែល​ខ្លួន​បាន​សន្យា។

លោក សុខ ណារិទ្ធ សង្កត់​ធ្ងន់​ថា ការ​គេចវេះ​នៃ​ភាគី​កាស៊ីណូ ក្នុង​ការ​អនុវត្ត​ច្បាប់​ការងារ ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ថៅកែ​ក្នុង​ការ​បណ្ដេញ​បុគ្គលិក​ចេញ​ពី​កាស៊ីណូ ដូច្នេះ​បុគ្គលិក​ទាំង​អស់​ហាក់​ប្រឈម​នឹង​ឱកាស​បាត់បង់​ការងារ​ច្រើន។

អ្នក​មើល​ការ​ខុស​ត្រូវ ឬ​ហៅ​ថា ស៊ុបភើវ៉ាយស៊ឺ (Supervisor) លោក គង់ សារុន ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ នេះ​អស់​រយៈពេល ១៧​ឆ្នាំ មាន​ប្រសាសន៍​ថា រឿង​រ៉ាវ​ឈាន​ដល់​ដំណាក់កាល​បុគ្គលិក​នាំ​គ្នា​ធ្វើ​ដូច្នេះ ផល​វិបាក​ការងារ​របស់​បុគ្គលិក​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ពិបាក​ថ្លែង​ហើយ។ លោក​បញ្ជាក់​បន្ថែម​ថា ថ្នាក់​ដឹកនាំ​ដែល​មិន​ស្វែង​យល់​ពី​វប្បធម៌​នៃ​ជាតិ​សាសន៍​ដទៃ ហើយ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​នោះ វា​ប៉ះពាល់​ដល់​បុគ្គលិក​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​របស់​ខ្លួន។

ទោះ​យ៉ាង​ណា លោក សុខ ណារិទ្ធ អះអាង​ថា ការ​ជួប​ចរចា​គ្នា​មិន​ទទួល​ផ្លែផ្កា​ទេ នៅ​ថ្ងៃ​១៣ មិថុនា នេះ ដោយ​ភាគី​កាស៊ីណូ សុំ​ឲ្យ​បុគ្គលិក​ផ្អាក​ការ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ភាគី​បុគ្គលិក​មិន​យល់​ព្រម ព្រោះ​កន្លង​មក ភាគី​កាស៊ីណូ ធ្លាប់​ក្បត់​ការ​សន្យា​របស់​ខ្លួន​ម្ដង​ហើយ​ជាមួយ​បុគ្គលិក ដូច្នេះ​លើក​នេះ ពួកគាត់​មិន​យល់​ព្រម​ធ្វើ​តាម​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេធាវី​ការពារ​ក្ដី​ជូន​កាស៊ីណូ ណាហ្គា វឺល អ្នកស្រី ម៉ៅ វុទ្ធារី ឲ្យ​ដឹង​ដោយ​សង្ខេប​ថា ភាគី​កាស៊ីណូ យល់​ព្រម​តាម​ការ​ទាមទារ​របស់​បុគ្គលិក​គ្រប់​ចំណុច ប៉ុន្តែ​ភាគី​បុគ្គលិក​ទៅ​វិញ​ទេ​ដែល​មិន​ព្រម​ទទួល។

ភាគី​បុគ្គលិក និង​ភាគី​កាស៊ីណូ ធ្លាប់​ជួប​គ្នា​ចរចា​ម្ដង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ នៅ​ក្រសួង​ការងារ។ កាល​នោះ​ភាគី​កាស៊ីណូ យល់​ព្រម​ដំឡើង​ប្រាក់​ឈ្នួល​ទាប​បំផុត ១៥០​ដុល្លារ​ដល់​បុគ្គលិក​គ្រប់​ផ្នែក។ រី​ឯ​បុគ្គលិក​ដែល​ទទួល​បាន​ប្រាក់ខែ​លើស​ពី​នេះ​នឹង​ត្រូវ​ថែម ២០​ភាគរយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។