យុទ្ធនាការ នៅថ្ងៃទី៩ ខែឧសភា ដែលក្រុមសង្គមស៊ីវិលអំពាវនាវឱ្យពលរដ្ឋស្លៀកពាក់ខ្មៅ ដើម្បីទាមទារឱ្យដោះលែងបុគ្គលិកសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប បាននាំឱ្យអាជ្ញាធរឃាត់ខ្លួនបុគ្គលិកអង្គការសង្គមស៊ីវិលចំនួន ៨នាក់។ ពលរដ្ឋមួយចំនួនមានមតិយល់ឃើញផ្សេងៗគ្នា ជុំវិញយុទ្ធនាការស្លៀកពាក់ខ្មៅ និងការចាប់ខ្លួននេះ។
ពលរដ្ឋដែលវិទ្យុអាស៊ីសេរី សួរស្រង់មតិភាគច្រើនឆ្លើយថា ពួកគាត់មិនបានដឹងអំពីយុទ្ធនាការ "ថ្ងៃច័ន្ទពណ៌ខ្មៅ" ឬយុទ្ធនាការស្លៀកពាក់ខ្មៅទេ ប៉ុន្តែពួកគាត់យល់ថា ការឃាត់ខ្លួនអ្នកតវ៉ាទាំងនោះ ជាការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យថយក្រោយបន្ថែមទៀត។
អ្នករត់រ៉ឺម៉កម៉ូតូមួយរូប ឈ្មោះ ហៀង ភ័ណ មានប្រសាសន៍ថា លោកមិនគិតដល់ថា ការតវ៉ាដោយស្លៀកពាក់ខ្មៅជាការធ្វើបដិវត្តន៍ពណ៌នោះទេ៖ «ស្រុកខ្មែរយើងជាសង្គមប្រជាធិបតេយ្យ។ អ៊ីចឹងការស្លៀកពាក់តវ៉ាដើម្បីទាមទារ។ អ៊ីចឹងការតវ៉ាស្លៀកពាក់ដើម្បីទាមទាររកយុត្តិធម៌ គឺគេមិនប្រកាន់ពណ៌ទេ។ បើតាមខ្ញុំ គឺគេអត់ប្រកាន់ពណ៌ទេ។ ខ្ញុំចង់ឱ្យរដ្ឋាភិបាលងាកមកមើលប្រជាពលរដ្ឋ ព្រោះគាត់តវ៉ា គាត់ចង់បានសិទ្ធិរបស់គាត់ ចង់បានសេរីភាព និងយុត្តិធម៌»។
ពលរដ្ឋមួយរូបឈ្មោះ សៀង ថា ថ្លែងថា ថ្វីបើលោកមិនបានដឹងរឿងអង្គការសង្គមស៊ីវិលអំពាវនាវឱ្យពលរដ្ឋចូលរួមយុទ្ធនាការស្លៀកពាក់ខ្មៅ ប៉ុន្តែលោកយល់ថា ការស្លៀកពាក់ខ្មៅតវ៉ាជាសិទ្ធិរបស់មនុស្ស៖ «ចំពោះខ្ញុំយល់ឃើញថា វាជារឿងមួយចម្លែក ព្រោះប្រទេសយើងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹងបើចាប់អ្នកគ្រាន់តែតវ៉ា ដើម្បីដោះលែងសកម្មជនសិទ្ធិមនុស្ស អ៊ីចឹងមានន័យថា បំបាត់លទ្ធិប្រជាធិបតេយ្យខ្លួនឯង។ ខ្ញុំគិតថា ប្រហែលនេះជាការយល់ឃើញរបស់គាត់។ ប៉ុន្តែបើយោលទៅតាមសិទ្ធិមនុស្ស អ្នកចង់ស្លៀកពាក់ពណ៌អីតវ៉ាក៏បាន។ អាហ្នឹងចំពោះចិត្តខ្ញុំគិតទេ មិនមែនគាំទ្រគាត់ទាំងស្រុងទេ ជួនកាលដូចពួកខ្ញុំអ្នកកង់បីអ៊ីចឹង ស្រាប់តែស្លៀកពាក់ពណ៌ខ្មៅមួយក្រុមទៅ អ៊ីចឹងគាត់មានអារម្មណ៍គិតយ៉ាងម៉េចមួយដែរហើយអ៊ីចឹង ថ្ងៃណាមួយ។ នេះឧទាហរណ៍ទេ»។
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម គឺព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា ការចាប់អ្នកតវ៉ាដែលស្លៀកពាក់ខ្មៅនេះ ជាការបង្ហាញថា ការរឹតត្បិតលើសេរីភាពពលរដ្ឋមានកម្រិតខ្ពស់។
ព្រះអង្គចាត់ទុកថា ការតស៊ូគ្មានអាវុធ មិនគួរឱ្យរដ្ឋាភិបាលភ័យទេ ហើយការស្លៀកពាក់បែបនេះ ទាមទារអ្វីក៏ដោយ ក៏រដ្ឋាភិបាលគួរតែអនុគ្រោះ៖ «ប្រសិនបើការពាក់របស់អ្នកស្រុកពេលនេះ អាជ្ញាធរភ័យ ចាប់ មានន័យថា អាជ្ញាធរប្រហែលជាគាត់មានកំហុសខុសឆ្គងទង្វើនៃការដឹកនាំរបស់គាត់ហើយបានគាត់ភ័យ ដំណាក់កាលទីមួយ។ ដំណាក់កាលទីពីរ ប្រហែលជាបូសនៃការភ័យខ្លាចរបស់រដ្ឋាភិបាលភ័យខ្លាចខ្លាំង ហើយគាត់ចាប់ផ្ដើមជួសបូសនៃការភ័យខ្លាចហ្នឹងទម្លាយចោល មិនចាំបាច់អ្នកដទៃទម្លាយ។ អាត្មាគិតថា បើសិនជារដ្ឋាភិបាលបច្ចុប្បន្ននេះ គាត់មិនចាប់សង្គមស៊ីវិល គាត់មិនចាប់អ្នកវិភាគឯករាជ្យ មានន័យថា លទ្ធភាពនៃការបន្តដំណើរដឹកនាំប្រទេស គាត់នៅតែមានបន្ត គាត់អាចធ្វើបានតទៅមុខទៀត។ បើគាត់ចាប់ផ្ដើមវិលមករកគំរាមកំហែង ចាប់សង្គមស៊ីវិល ចាប់អ្នកវិភាគឯករាជ្យ មានន័យថា គាត់អស់ឱកាសហើយ។ គាត់ប្រាប់ថា គាត់អស់ឱកាសហើយ គាត់លែងចង់ធ្វើការដឹកនាំបន្តហើយ»។
ដូចគ្នានេះដែរ ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ព្រឹត្តិការណ៍ចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សសកម្មជនបុរីកីឡា និងបឹងកក់ នៅថ្ងៃទី៩ ខែឧសភា គឺធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ ហើយក៏ជាការបង្ហាញថា រាជរដ្ឋាភិបាលខ្លាចស្រមោលខ្លួនឯង៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលគាត់ភ័យនឹងស្រមោលខ្លួនឯង ហើយចាត់វិធានការបែបនេះ ធ្វើឱ្យទីមួយ ស្ថានភាពនយោបាយកាន់តែតានតឹង ទីពីរ ស្ថានភាពសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ។ អ៊ីចឹងវាធ្វើឱ្យសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ។ អ៊ីចឹង វាធ្វើឱ្យប្រទេសដែលជាម្ចាស់ជំនួយមកកម្ពុជា យើងហ្នឹងគេនឹងពិចារណា ហើយគេច្បាស់ជានឹងមានការស្នើសុំ ហើយមានការរិះគន់ជាបន្តបន្ទាប់មកលើរដ្ឋាភិបាលយើង»។
ព្រះអង្គ ប៊ុត ប៊ុនតិញ មានថេរដីកាថា ការស្លៀកពាក់ខ្មៅមិនមានអ្វីខុសឆ្គងឡើយ គឺការហាមឃាត់ទេដែលខុសឆ្គង៖ «មន្ត្រីនៅក្នុងរដ្ឋាភិបាលភាគច្រើនគាត់ស្លៀកពាក់ខោអាវខ្មៅដែរ គោលបំណងក្នុងន័យបង្ហាញថា ពួកគាត់ជាមន្ត្រី ហើយពួកយើងពាក់ក្នុងនាមបង្ហាញពួកមន្ត្រីថា យើងអត់ពេញចិត្តទេ ចំពោះទង្វើនៃការចាប់ដោយគ្មានហេតុផល គ្មានទឡ្ហីករណ៍ជាក់ស្ដែង គ្មានហេតុផលគ្រប់គ្រាន់។ គ្រាន់តែគេស្លៀកពាក់ខោអាវ យើងចាប់គេ ហេតុផលប៉ុណ្ណឹងតូចពេក ហេតុផលវាមិនធំ។ ដូច្នេះបានជាអាត្មាថា ការស្លៀកពាក់វាអត់មានអីខុសទេ ព្រោះវាតូចពេក។ ពិតមែនណាស់ការទាមទារការអីហ្នឹងវារឿងធម្មតា ប៉ុន្តែអាហេតុផលហ្នឹងវាអត់ធ្ងន់ដល់ការចាប់ខ្លួន។ បើហេតុផលគ្រាន់តែថា មិនឱ្យធ្វើ ឬក៏សុំអញ្ជើញទៅវិញ ឱ្យពួកគេស្រែកហាលក្ដៅពន្លឺព្រះអាទិត្យ គេទៅផ្ទះវិញហើយ គេអត់ទៅណាទេ ហើយយើងទៅពិបាកចាប់គេធ្វើអី ទៅដាក់ម៉ាស៊ីនត្រជាក់នាំតែខាតភ្លើងរបស់រដ្ឋ»។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ហៅការរារាំងការតវ៉ាថា ជាវិធានការទប់ស្កាត់អំពើមិនគោរពច្បាប់របស់ក្រុមមនុស្សដែលលោកចាត់ទុកថា ជាជនអនាធិបតេយ្យ ហើយដែលចោទថា ប្រុងនឹងធ្វើបដិវត្តន៍ពណ៌៖ «ពួកដែលត្រូវប្រុងធ្វើបដិវត្តន៍ គឺក្រុមអនាធិបតេយ្យ។ ធ្វើការងារនេះ គឺដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមិនអាចជនណាម្នាក់ធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តន៍ពណ៌នៅប្រទេសកម្ពុជា បានទេ នេះជាចំណុចសំខាន់។ ភារកិច្ចរបស់ខ្ញុំ គឺការពាររដ្ឋាភិបាល។ ទោះបីជាមាន ឬមិនមាន ខ្ញុំត្រូវតែមានវិធានការទប់ស្កាត់ បើឱ្យបដិវត្តន៍នេះ ធ្វើបដិវត្តន៍ពណ៌បានហើយ ខ្ញុំអត់មានឱកាសនឹងការពាររដ្ឋាភិបាលទេ»។
នៅថ្ងៃទី៩ ខែឧសភា ដដែលអង្គការមិនមែនរដ្ឋាភិបាល និងសមាគមចំនួន ១៤៧ ដែលគាំទ្ររដ្ឋាភិបាលចេញសេចក្ដីថ្លែងការណ៍រួមមួយ មានខ្លឹមសារថា ខ្លួនសោកស្ដាយ និងមិនអាចទទួលយកបានជាដាច់ខាតនូវគំនិតរបស់អង្គការ និងសមាគមមួយក្ដាប់តូច ដែលផ្សព្វផ្សាយ និងបំផុសឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅ ក្នុងគោលបំណងទាមទារឲ្យមានការដោះលែងជនជាប់ចោទ ៥រូប ដែលតុលាការកំពុងកាត់ទោស។ អង្គការ និងសមាគមទាំងនេះ ចាត់ទុកថា ការធ្វើបែបនេះជាការប្រឆាំងច្បាប់ និងជាការបំផុសការធ្វើបដិវត្តន៍ពណ៌ខ្មៅ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បដិសេធចំពោះការចោទប្រកាន់របស់រាជរដ្ឋាភិបាល ដែលថា ការទាមទារដោយស្លៀកពាក់ខ្មៅជាបដិវត្តន៍ពណ៌នោះ៖ «ការស្លៀកពាក់ខ្មៅ ហើយទៅមុខពន្ធនាគារនេះ គឺយើងធ្វើដូចរាល់ដងអ៊ីចឹង ដូចកាលចាប់សកម្មជនដីធ្លីដាក់ពន្ធនាគារ ហើយមានការទាមទារឱ្យដោះលែងមានព្រះសង្ឃជយន្តោ ដើម្បីសូត្រមន្តតាមបែបព្រះពុទ្ធសាសនា សុំឱ្យទន់ចិត្តដោះលែង បង្ហោះប៉េងប៉ោងឱ្យដោះលែង មិនមានអ្វីចង់ធ្វើបដិវត្តន៍ប្រឆាំងរដ្ឋអំណាចជាមួយរដ្ឋាភិបាលទេ គឺតវ៉ាទាមទារឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស ៥នាក់ទេ។ មិនដូចអ្វីដែលជាការចោទប្រកាន់ទេ»។
កម្មការិនីរោងចក្រមួយរូបឈ្មោះ ម៉ម រ៉ានី ដែលមានសំលៀកបំពាក់ពណ៌ខ្មៅដែរ នៅថ្ងៃទី៩ ខែឧសភា ថ្លែងថា នាងបារម្ភបន្តិចដែរ ប៉ុន្តែនាងមិនដឹងរឿងអ្វីកើតឡើងទាក់ទងនឹងយុទ្ធនាការស្លៀកពាក់ខ្មៅទេ៖ «ការស្លៀកពាក់នៅក្នុងរោងចក្រ អត់មានបញ្ហាអីទេ គេក៏ស្លៀកយើងក៏ស្លៀក។ អត់មានន័យទេ គ្រាន់តែស្លៀកពាក់ធម្មតា។ ទម្លាប់របស់ខ្ញុំ ចង់ស្លៀកខ្មៅ ក៏ខ្មៅទៅ ចង់ស្លៀកអាវពណ៌ក៏អាវពណ៌។ ខ្ញុំស្លៀកពាក់ខ្មៅមិនមែនជាការចូលរួមចលនាទេ គឹទម្លាប់របស់ខ្ញុំ។ កុំឱ្យអ្នកស្លៀកពាក់ខ្មៅចាត់ទុកជាមនុស្សអាក្រក់ទាំងអស់ គឺជាមនុស្សល្អទេ»។
ទោះជាយ៉ាងណាក្ដី មតិពលរដ្ឋដែលផ្ដល់បទសម្ភាសន៍មិនយល់ស្របនឹងការចោទប្រកាន់ ដែលថា ការតវ៉ាស្លៀកពាក់ខ្មៅនោះ ជាបដិវត្តន៍ពណ៌ខ្មៅទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។