មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃទី១៣ តុលា នេះ បានច្រានចោលសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith)។
លោក ផៃ ស៊ីផាន បានសរសេរនៅលើហ្វេសប៊ុក (Facebook) របស់លោកថា អ្នកស្រី រ៉ូណា ស្មីត មិនបានយល់ច្បាស់ពីស្ថានភាពនៅកម្ពុជា។
កាលពីថ្ងៃទី១២ ខែ អ្នកស្រី រ៉ូណា ស្មីត សំដែងក្តីបារម្ភថា ប្រជាធិបតេយ្យនៅកម្ពុជាកំពុងរងការគំរាមកំហែង។ មន្ត្រីសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិព្រមានអំពីគ្រោះថ្នាក់ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងរងការគំរាមកំហែង ដោយសាររដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ការកម្ចាត់បក្សប្រឆាំងចេញពីឆាកនយោបាយ។ អ្នកស្រី រ៉ូណា ស្មីត បារម្ភថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅកម្ពុជា កំពុងរងការរំលោភបំពានយ៉ាងគំហុក ដែលកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការបោះឆ្នោតជាតិខាងមុខ និងប៉ះពាល់ដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ផៃ ស៊ីផាន លើកឡើងថា ការបារម្ភដូចនេះ គឺដោយសារការមិនយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលរក្សាបាននូវដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឈរលើមូលដ្ឋាននីតិរដ្ឋ។ លោកថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បានបង្ហាញតាមរយៈការកើនឡើងនេះចំនួនអ្នកចូលរួមបោះឆ្នោត ក្នុងកម្រិតខ្ពស់បើប្រៀបធៀបនឹងប្រទេសដទៃ។
យ៉ាងនេះក្ដីអ្នកស្រី រ៉ូណា ស្មីត លើកឡើងថា នីតិរដ្ឋគឺលើសពីការបង្កើត និងអនុវត្តច្បាប់ច្រើនសន្ធឹកសន្ធាប់ ពោលគឺច្បាប់ទាំងនោះត្រូវគោរពតាមលំអាននៃសិទ្ធិមនុស្ស និងឆ្លុះបញ្ចាំងពីគោលការណ៍ស្មើភាព យុត្តិធម៌ និងការចូលរួមរបស់សាធារណជន។ បើមិនដូច្នោះទេវាមិនមែនជានីតិរដ្ឋឡើយតែជាការគ្រប់គ្រងដោយប្រើអំណាចទៅវិញ។ អ្នកស្រីថា កម្ពុជាក្នុងសម័យថ្មីត្រូវបានបង្កើតឡើងដោយធានាថាជារដ្ឋប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយធានាគោរព និងការពារសិទ្ធិមនុស្ស។ រដ្ឋធម្មនុញ្ញការពារមិនអោយមានការត្រឡប់មកវិញ នូវការដឹកនាំរដ្ឋដោយឯកបក្ស។
ចំណែកស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានរិះគន់ចំពោះស្ថានភាពនយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះដែរ។ អូស្ត្រាលីលើកឡើងថា ពលរដ្ឋកម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តដ៏រឹងមាំរបស់ពួកគេចំពោះលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស តាមរយៈចំនួនពលរដ្ឋដែលបានទៅបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។