សមត្ថកិច្ច​បន្ត​ឃុំ​ខ្លួន​អតីត​​បុគ្គលិក​វិទ្យុ​​អាស៊ីសេរី​​ពីរ​នាក់

ដោយ អាស៊ីសេរី
2017-11-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​លោក យាង សុជាមេត្តា (ឆ្វេង) និង​លោក អ៊ួន ឈិន (ស្ដាំ)។
Photo: RFA

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​គឺ​លោក​ អ៊ួន ឈិន​ និង​លោក យាង សុជាមេត្តា​ មក​ទល់​ពេល​នេះ​ សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ដោះលែង​វិញ​នៅឡើយ​ ក្រោយពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពួកគេ​កាលពី​ថ្ងៃទី១៤​ វិច្ឆិកា។​ ក៏ប៉ុន្តែ អ្នក​ធ្វើការ​ទាក់ទង​នឹង​វិស័យ​ព័ត៌មាន​ ចាត់​ទុក​សកម្មភាព​ឃាត់ខ្លួន​នេះ​ ថា​ ជា​ការគំរាម​កំហែង​អ្នកសារព័ត៌មាន​ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​វិញ​ជា​បន្ទាន់។​

អ្នកធ្វើការ​ដើម្បី​លើកស្ទួយ​វិស័យ​ព័ត៌មាន និង​មន្រ្តី​សិទ្ធិមនុស្ស​ ថ្លែង​នៅ​ថ្ងៃទី១៥​ វិច្ឆិកា​ ថា​ តុលាការ​ឃាត់ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់នេះ​ គឺ​ជា​សកម្មភាព​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​ដទៃ​ទៀត​ នៅ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​កំពុង​តែ​មាន​វិបត្តិ​​នេះ។​

មក​ទល់​ពេល​នេះ អតីត​បុគ្គលិក​អាស៊ីសេរី​ ២រូប​ គឺ​ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​អាជ្ញាធរ​​ឃុំ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ ក្រោយពី​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៤​ វិច្ឆិកា​ នៅ​ក្នុង​បន្ទប់​ជួល​នៃ​សណ្ឋាគារ ម៉ារ៉ាឌី ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ ជិត​គល់​ស្ទឹង​មានជ័យ ក្រុង​ភ្នំពេញ។​

នាយក​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​ លោក​ មឿន ឈានណារិទ្ធិ​ មាន​ប្រសាសន៍​ថា​ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ត្រូវ​បាន​ធានា​​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​កតិកាសញ្ញា​ អនុសញ្ញា​ស្ដី​ពី​សិទ្ធិមនុស្ស។​ លើស​ពី​នេះ​ទៀត​ លោក​បញ្ជាក់​ថា​ អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប​នេះ​ ត្រូវ​បាន​ឈប់​ពី​ការងារ​របស់​ខ្លួន​ទៅ​ហើយ​ ដូច្នេះ​សមត្ថកិច្ច​ឬ​តុលាការ​ត្រូវ​តែ​ដោះលែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើងវិញ៖​ «ដោយសារ​តែ​យើង​អត់​ដឹង​ថា​ តើ​ការ​ចាប់ខ្លួន​ពីរ​នាក់​ហ្នឹង គឺ​ជា​ការ​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ ឬក៏​ជា​ការ​ចាប់ខ្លួន​នៅ​ក្នុង​ករណី​ណា​មួយ។​ បើ​សិន​ជា​ការ​ចាប់ខ្លួន​នេះ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន​ ខ្ញុំ​គិត​ថា​ វា​ជា​ការ​គំរាមកំហែង​ទៅ​លើ​សេរីភាព​ និង​សិទ្ធិ​ក្នុង​ការ​យក​ព័ត៌មាន​ ក៏​ដូច​ជា​អនុវត្ត​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។​ អ៊ីចឹង​ យើង​សោកស្ដាយ​ដែល​មាន​ការ​ចាប់ខ្លួន​បែប​នេះ​ ហើយ​យើង​សង្ឃឹម​ថា​ ដូច​ខ្ញុំ​លើក​ឡើង​អ៊ីចឹង​ អាជ្ញាធរ​នឹង​ពិនិត្យ​ឡើងវិញ​ ហើយ​អាច​ដោះលែង​អ្នកសារព័ត៌មាន​ទាំង​ពីរ​នាក់​នោះ​មក​វិញ»។​

រដ្ឋធម្មនុញ្ញ​មាត្រា​៤១ ចែង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​ សេរីភាព​ខាង​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ជួបជុំ​ជាដើម។​

មន្ត្រី​អង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ លោក​ ស៊ឹង សែនករុណា​ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ឃាត់ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប​នេះ។​ លោក​បញ្ជាក់​ថា​ បើ​ផ្អែក​មើល​របាយការណ៍​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​នូវ​ចម្លើយ​របស់​លោក​ អ៊ួន ឈិន​ នោះ​ បញ្ជាក់​ថា​ ពួក​គាត់​គ្មាន​ទោស​កំហុស​អ្វី​ទេ​ ម្យ៉ាងទៀត​ពួក​គាត់​ក៏​ក្លាយ​ជា​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទៅ​ហើយ​ដែរ។​

លោក​ អះអាង​ថា​ សមត្ថកិច្ច​ឃាត់ខ្លួន​ពួកគាត់​នេះ​ គឺ​មាន​រឿង​អ្វី​អាថ៌កំបាំង​ទាក់ទង​នឹង​រឿង​នយោបាយ​ណាមួយ​ច្រើន​ជាង៖​ «ក្នុងនីតិវិធី​ឃាត់ខ្លួន​នេះ​ យើង​ឃើញ​ហើយ​ថា​ ជា​ធម្មតា​ យើង​មើល​ទៅ​ដែរ​ យើង​មើល​ទៅ​ឃើញ​ សមត្ថកិច្ច​ មាន​ព្រះរាជអាជ្ញា​ មាន​នគរបាល​យុត្តិធម៌​ អីហ្នឹង​ បាន​ចូល​ទៅ​ក្នុង​ទីតាំង​របស់​គាត់​ ភ្លាមៗ​ ប៉ុន្តែ​ ក្នុង​រូបភាព​ដែល​យើង​ មិន​បាន​ដឹង​ថា​តើ​ពី​ដំបូង​ឡើយ​ ការ​ចូល​ហ្នឹង​គាត់​មាន​ដីកា​ឆែកឆេរ​ត្រឹមត្រូវ​ដែរ​ឬទេ។​ តាម​ផ្លូវ​ច្បាប់​ត្រូវ​មាន​ដីកា​ឆែកឆេរ​ ឬក៏​ការ​ចុះ​ផ្ទាល់​ពី​ព្រះរាជអាជ្ញា​ អីជាដើម​ ប៉ុន្តែ​ពី​ដំបូង​ យើង​មិនដឹង​ថា​តើ​មាន​បង្ហាញ​ មាន​ដីកា​ ឬអត់​ ឬក៏​ព្រះរាជអាជ្ញា​ទៅ​ដល់​ឬ​អត់​មុន​សមត្ថកិច្ច​ចូល​ទៅ​ដល់​ក្នុង​តំបន់​ក្នុង​ទីតាំង​ឯកជន​របស់​គេ។​ បើ​សិន​ជា​មិន​មាន​ដីកា​ ហើយ​មិន​មាន​ខាង​ស្ថាប័ន​អយ្យការ​ចូល​ទៅ​ទេ​ ហើយ​ចូល​ទៅ​ដោយ​តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ឬក៏​នគរបាល​យុត្តិធម៌​មិន​មាន​ដីកា​ ហ្នឹង​វា​ជា​រឿង​មួយ​ដែល​ខុស​នីតិវិធី​ច្បាប់»។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន​ មាន​ប្រសាសន៍​ថា ​ប្រសិន​អ្នក​ទាំង​ពីរ ពុំ​បាន​ប្រព្រឹត្តិ​បទល្មើស​ទេ ប្រាកដ​ណាស់​ពួក​គេ​នឹង​មាន​សេរីភាព​ដូច​ធម្មតា​វិញ។​ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ ហាក់​មិន​ប្រាកដ​ទេ​ថា ប្រសិន​បើ​សមត្ថកិច្ច​ពិនិត្យ​ទៅ មាន​បទល្មើស​នោះ ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​បែបណា៖​ «ខ្ញុំ​យល់​ថា​ការ​ពិត​នៅ​តែ​ជា​ការ​ពិត​ទេ​ បើ​សិន​ណា​ជា​លោក​ទាំង​ពីរ​នាក់​ហ្នឹង​មិន​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ ចោទ​ប្រកាន់​ពី​អាជ្ញាធរ​ទេ​ ខ្ញុំ​យល់​ថា​អត់​មាន​បញ្ហា​ទេ​ ប្រហែល​ជា​ត្រូវ​បាន​ដោះលែង​វិញ​ តែ​បើ​សិន​ណា​ជា​គេ​រក​ឃើញ​ឯកសារ​ ថា​មាន​ពិត​ជា​ផលិត​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​ក្រៅ​ដោយ​ខុស​ច្បាប់​ អា​ហ្នឹង​គឺ​ថា​ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ពិរុទ្ធភាព​ដែល​បាន​ប្រព្រឹត្តិ​ហ្នឹង​ហើយ។​ អាហ្នឹង​យើង​មាន​តែ​បញ្ហា​ប៉ុណ្ណឹង​ទេ»។​

កាសែត​ក្នុងស្រុក​បាន​ស្រង់​សម្ដី​ព្រះរាជអាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ លោក អ៊ុំ សុភ័ក្រ​ ចុះ​ផ្សាយ​ថា គិត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ ដោយ​គ្រាន់​តែ​ដាក់​ការ​សង្ស័យ។​ ព្រះរាជអាជ្ញារង​រូប​នេះ ត្រូវ​បាន​កាសែត​ចុះផ្សាយ​ថា​ រឿង​ដែល​នៅ​មាន​មន្ទិលសង្ស័យ​ថា គ្រាន់​តែ​ជួល​ស្ទូឌីយោ​ថត​សំឡេង ចាំ​បាច់​អ្វី​ជួល​បន្ទប់​ដល់​ជាង ២០០​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​នៅ​ជាន់​ទី៧ផង។​

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល​បាន​ចុះផ្សាយ​ចោទ​ប្រកាន់​ អតីត​បុគ្គលិក​អាស៊ីសេរី​​ទាំងនេះ​ថា លួច​ផលិត​ព័ត៌មាន ផ្ញើ​ឲ្យ​វិទ្យុអាស៊ីសេរី ដែល​មាន​ការិយាល័យ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។​

ទាំង​មន្រ្តី​សិទ្ធិមនុស្ស​ និង​អ្នកធ្វើការ​ទាក់ទង​វិស័យ​ព័ត៌មាន​ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​សារព័ត៌មាន​មួយ​ចំនួន ដែល​លោក​ចាត់​ទុក​ថា​គ្មាន​វិជ្ជាជីវៈ​ ចុះ​ផ្សាយ​វិនិច្ឆ័យ​ព័ត៌មាន​ចោទ​ប្រកាន់​អតីត​បុគ្គលិក​អាស៊ីសេរី​បែប​នេះ​ នៅ​មុន​តុលាការ​ចោទ​ប្រកាន់​នោះ។​

លោក​ មឿន ឈានណារិទ្ធិ​ បញ្ជាក់​ថា​ ជា​ធម្មតា​ នៅ​មុន​ការ​បោះឆ្នោត​ជិត​មក​ដល់​ ការ​ធ្វើទុក្ខបុកម្នេញ​អ្នកសារព័ត៌មាន​ តែងតែ​កើត​មាន​ឡើង​ តែ​លោក​សង្ឃឹម​ថា​ ស្ថានភាព​រឹតត្បិត​នេះ​ នឹង​បន្ធូរ​ឡើងវិញ​ក្រោយ​ពី​ការបោះឆ្នោត៖​ «តាម​ពិត​ទៅ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​យើង​ គឺ​តាម​យើង​សង្កេត​ កន្លង​មក​គឺ​នៅ​មុន​ពេល​បោះឆ្នោត​គឺ​តែងតែ​មាន​ភាព​ល្អក់​កករ​ខ្លះ​ហើយ​យើង​ក៏​សង្ឃឹម​ថា​ បន្ទាប់​ពី​បោះឆ្នោត​ហើយ​ ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ក៏​ កាន់​តែ​ល្អ​ប្រសើរ​ឡើងវិញ​ ហើយ​ដូចគ្នា​នេះ​ដែរ​គឺ​យើង​ក៏​សង្ឃឹម​ថា​ សេរីភាព​សារព័ត៌មាន​ នឹង​ល្អ​ប្រសើរ​ឡើង​វិញ​ដែរ​បន្ទាប់​ពី​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ»។

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ អន្តរជាតិ​ បាន​ថ្កោលទោស​រដ្ឋាភិបាល​ ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ ពិសេស​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​វិទ្យុ​អាស៊ីសេរី​ និង​វីអូអេ​ ជាង​ ៣០ស្ថានីយ​ បិទ​ការសែត​បរទេស​ ឌឹ ខេមបូឌ៊ា ដេលី​ (The Cambodia Daily) ការ​បិទ​អង្គការ​អន្តរជាតិ​ NDI និង​ការ​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​របស់​វិទ្យុ​អាស៊ីសេរី​នៅ​ទីក្រុង​ភ្នំពេញ​ជាដើម។​

បើ​ទោះ​ជា​បែប​ណា លោក អ៊ួន ឈិន បាន​បដិសេធ​នៅ​ក្នុង​កំណត់ហេតុ របស់​សមត្ថកិច្ច​កាលពីថ្ងៃទី១៤ វិច្ឆិកា នោះថា ការ​បង្កើត​ស្ទូឌីយោ​នេះ​ឡើង គឺ​ដើម្បី​ធ្វើ​ ថត​សំឡេង​ច្រៀង​ការ៉ាអូខេ​ជា​លក្ខណៈ​គ្រួសារ​ និង​ស៊ី​ឈ្នួល​គេ​ថត​កម្រង​អាពាពិពាហ៍​ ប៉ុណ្ណោះ​ ពោល​វា​ពុំ​មែន​ជា​ការ​លួច​ផលិត​ព័ត៌មាន បម្រើ​ឲ្យ​ស្ថាប័ន​អាស៊ីសេរី​ទៀត​ឡើយ។​

មក​ទល់​ល្ងាច​ថ្ងៃទី១៥​ វិច្ឆិកានេះ​ លោក​ អ៊ួន ឈិន​ និង​លោក យាង សុជាមេត្តា ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំពេញ​វិញ​ភ្លាម​ៗ បន្ទាប់​ពី​សមត្ថកិច្ច​បាន​បញ្ជូន​ពួក​គេ​មក​ពិនិត្យ​ស្វែងរក​ភស្តុតាង​សា​ជា​ថ្មី​ឡើង​វិញ នៅ​ក្នុង​បន្ទប់​ជួល​នៃ​សណ្ឋាគារ​ ម៉ារ៉ាឌី​ កាល​ពីថ្ងៃទី១៥ វិច្ឆិកា ដដែល​នេះ។​ ក្រុម​គ្រួសារ​កំពុង​ពឹង​ពាក់​មេធាវី​ ដើម្បី​សុំ​ជួប​ និង​ការពារ​ក្ដី​ចំពោះ​ការ​ឃាត់ខ្លួន​នេះ។​ រី​ឯ​វិទ្យុ​អាស៊ីសេរី​ មិន​ទាន់​ចេញ​សេចក្ដីថ្លែងការណ៍​ពី​ករណី​នេះ​នៅ​ឡើយ​ទេ​ រង់ចាំ​ និង​តាមដាន​ចំណាត់ការ​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សមត្ថកិច្ច គាត់ខ្សឹបប្រាប់ថា បើ​ចង់បាន សេរីភាព ដូចនៅ សហរដ្ឋអាមេរិក(USA) ទាល់តែ លោកហ៊ុនសែន អស់អំណាច ............

Nov 16, 2017 12:48 AM

គេហទំព័រ​ទាំងមូល