ប៉ូលិស​ខេត្ត​មណ្ឌលគិរី​រង​ការ​ចោទ​ថា​បាន​វាយ​ដំ​យុវជន​ម្នាក់​រួច​ដាក់​ខ្នោះ

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​រូប​រស់​នៅ​ខេត្ត​មណ្ឌលគិរី ចោទ​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន ថា​បាន​ផ្ទុះ​អាវុធ​បាញ់​គំរាម​ក្នុង​ជម្លោះ​វាយ​តប់​គ្នា​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ ធ្វើ​ឲ្យ​របួស​យុវជន​ម្នាក់។ បន្ទាប់​មក បាន​ចាប់​ជន​រង​របួស​ដាក់​ខ្នោះ និង​វាយ​ដោយ​ដំបង​បន្ថែម​ទៀត ទើប​ដោះ​លែង​យុវជន​នោះ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​របួស ប៉ុន្តែ​សមត្ថកិច្ច​រូប​នោះ​មិន​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​នេះ​ឡើយ។

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​៤ ឃុំ​មេម៉ង់ ស្រុក​កែវសីមា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មេសា បាន​ស្វែង​រក​កិច្ច​គាំពារ​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ស្វែង​រក​យុត្តិធម៌​ក្នុង​រឿង​នេះ។

យុវជន​ដែល​រង​របួស​មាន​ឈ្មោះ ភេន ចាន់ណន អាយុ ២៣​ឆ្នាំ ត្រូវ​គ្រាប់​កាំភ្លើង​ធ្លុះ​ប្រអប់​ជើង​ស្តាំ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ មាន​ពិធី​រាំ​លេង​កម្សាន្ត​នៅ​វត្ត​មេម៉ង់។ ចំណែក​អ្នក​បង្ក​របួស គឺ​នាយ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ លោក កប ធន់ បាន​បាញ់​កាំភ្លើង​ពីរ​គ្រាប់ ក្នុង​ពេល​ដេញ​ចាប់​ក្រុម​យុវជន​ដែល​បង្ក​ជម្លោះ​នោះ។

បង​ប្រុស​យុវជន​រង​របួស លោក ភេន ស៊ីណាត រៀប​រាប់​ថា មន្ត្រី​ប៉ូលិស​មិន​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ ព្រម​ទាំង​ចាត់​ទុក​ថា ប្អូន​លោក​មាន​របួស​ដោយសារ​ឈើ​បុក​ត្រូវ។ លោក​ចាត់​ទុក​ថា នេះ​គឺ​ជា​ទង្វើ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ រំលោភ​ច្បាប់ និង​រំលោភ​ទៅ​លើ​សិទ្ធិ​ប្រជាពលរដ្ឋ​ដោយ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន៖ «បាញ់​ត្រូវ​ម៉ូតូ​មួយ ហើយ​បាញ់​ត្រូវ​ជើង​ប្អូន​ខ្ញុំ​ហ្នឹង។ ថត​ទៅ​ឃើញ​បែក​ឆ្អឹង​មេ​ជើង​មួយ ហើយ​បែក​លើ​ស្មង​ជើង។ គាត់​ក៏​ដេញ​ចាប់​ប្អូន​ខ្ញុំ​ហ្នឹង ប្អូន​ខ្ញុំ​ក៏​រត់​ទៅ​ក្រោយ​ផ្ទះ​គេ​កាប់​ជ្រូក ចាប់​ហើយ​វាយ​ពីរ​គល់​ឃ្លៃ​ទៀត ស្រាប់​តែ​ដាក់​ខ្នោះ ដល់​ពេល​ឃើញ​ជើង​ប្អូន​ខ្ញុំ​ត្រូវ​គ្រាប់​អ៊ីចឹង ក៏​ដោះ​ខ្នោះ​ចេញ​វិញ​ទៅ»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក កប ធន់ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ពីព្រោះ​លោក​មិន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​លើក។

យ៉ាង​នេះ​ក្តី ស្នងការ​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ញ៉ែម វ៉ាន្នី ទទួល​ស្គាល់​ថា ជា​កំហុស​អចេតនា​របស់​សមត្ថកិច្ច​ប៉ូលិស​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​ប៉ូលិស​ទទួល​ខុស​ត្រូវ​ក្នុង​បញ្ហា​នេះ​ជាមួយ​គ្រួសារ​ជន​រងគ្រោះ។ ហេតុ​នេះ ក្រោយ​បុណ្យ​ចូល​ឆ្នាំ ក្រុម​គ្រួសារ​ជន​រងគ្រោះ​អាច​ធ្វើ​ការ​ទំនាក់ទំនង​មក​មន្ត្រី​ស្នងការដ្ឋាន​ប៉ូលិស ដើម្បី​ដោះស្រាយ​បញ្ហា៖ «បាញ់​ផ្ចុច​គំរាម​ទេ​ណា! មិន​មែន​បាញ់​តម្រង់​មនុស្ស​ទេ ប៉ុន្តែ​ចៃដន្យ​វា​ខ្ទាត​ត្រូវ​ប្រអប់​ជើង​អ៊ីចឹង​ទៅ ហើយ​ប៉ូលិស​យើង​ក៏​ចូល​រួម​ទទួល​ខុស​ត្រូវ​ការងារ​ហ្នឹង​ដែរ។ គម្រោង​យើង​មិន​មែន​បាញ់​អំពើ​ហិង្សា ឬ​ធ្វើ​អ្វី​ទេ ដោយសារ​ឃាត់​វា​មិន​ឈ្នះ​ប៉ូលិស​ហ្នឹង​វា​តិច ហើយ​ក្មេង​ហ្នឹង​វា​ច្រើន»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (Adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​បាន​ប្រើប្រាស់​អាវុធ​បាញ់​ក្នុង​ជម្លោះ​ប្រជាពលរដ្ឋ​រាំ​លេង គឺ​ជា​ប្រការ​ខុស​ទៅ​នឹង​វិន័យ​កង​នគរបាល និង​បាន​ប្រើ​ដំបង​វាយ​ទៅ​លើ​យុវជន​កំពុង​មាន​របួស​បន្ថែម​ទៀត​នេះ គឺ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស។លោក​បន្ត​ថា នៅ​ដើម​សប្ដាហ៍​ក្រោយ សមាគម​អាដហុក​នឹង​ជួយ​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​គ្រួសារ​ជន​រងគ្រោះ​ទៅ​ស្នងការ​ប៉ូលិស ជួយ​ដោះស្រាយ​បញ្ហា​ជូន​ជន​រងគ្រោះ៖ «ទោះ​បី​គាត់​កត់​សម្គាល់​ថា បុគ្គល​ហ្នឹង​ជា​ជន​សង្ស័យ ឬ​ក៏​បុគ្គល​ហ្នឹង​ជា​ក្មេង​ទំនើង​ក៏ដោយ ក៏​គាត់​មិន​គួរ​យក​អាវុធ​ទៅ​ប្រើប្រាស់​លើ​ពួក​គាត់​ដែរ គឺ​ខាង​ជន​រងគ្រោះ​គាត់​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​កន្លែង​ខ្ញុំ អ៊ីចឹង​គាត់​ថា​គាត់​បាន​ទៅ​ប្ដឹង​ដល់​ប៉ុស្តិ៍​ហ្នឹង​ហើយ ប៉ុន្តែ​ប្ដឹង​យ៉ាង​ម៉េច​មេ​ប៉ុស្តិ៍​ជា​អ្នក​បាញ់ ប្ដឹង​យ៉ាង​ម៉េច​ក៏​គេ​មិន​ចាត់​ការ»

ទោះ​យ៉ាង​នេះ​ក៏ដោយ បង​ប្រុស​ជន​រងគ្រោះ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ទទួល​ខុស​ត្រូវ​លើ​សំណង​ព្យាបាល​របួស​រហូត​ជា​សះ​ស្បើយ និង​ទទួល​ខុស​ត្រូវ ប្រសិន​ជន​រងគ្រោះ​ពិការ​ជើង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។