អាជ្ញាធរសាលារាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឲ្យក្រុមសហជីពជួបជុំគ្នានាទីលានប្រជាធិបតេយ្យទេ នៅថ្ងៃទី៨ មីនា។ ប៉ុន្តែភាគីសហជីពរក្សាជំហរថា ពួកគេនឹងជួបជុំគ្នាដដែល។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងនៅថ្ងៃទី៤ មីនា ថា ក្រុមសហជីពនៅរក្សាគម្រោងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ មីនា ដដែល បើទោះជាសាលារាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតក៏ដោយ៖ «អត់មានអីប្រែប្រួលទេ។ យើងនៅតែរៀបចំនៅថ្ងៃ៨ មីនា ហ្នឹង ពីព្រោះមិនមានការខុសច្បាប់អីទេ យើងបានជូនដំណឹងរួចរាល់អស់ហើយ»។
លោក រ៉ុង ឈុន បញ្ជាក់ថា ការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ មីនា នោះ គឺមានបំណងធ្វើវេទិកាសាធារណៈមួយ ដោយមានអញ្ជើញមន្ត្រីពាក់ព័ន្ធនានា មកចូលរួមផង និងជាទិវាអបអរសាទរសិទ្ធិនារី ៨ មីនា ផង។
សាលារាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឱ្យសហជីពជួបជុំ បន្ទាប់ពីបានជួបប្រជុំពិភាក្សាគ្នារវាងក្រុមសហជីព និងអាជ្ញាធររាជធានីភ្នំពេញ ពេញមួយព្រឹក នៅថ្ងៃទី៤ មីនា។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មិនអាចបញ្ជាក់ពីមូលហេតុនៃសេចក្ដីសម្រេចនេះទេ នៅរសៀលថ្ងៃទី៤ មីនា ព្រោះលោកជាប់ប្រជុំ។
ប៉ុន្តែប្រធានសហភាពសហជីព លោក រ៉ុង ឈុន បញ្ជាក់ថា មូលហេតុដែលសាលារាជធានីភ្នំពេញ មិនឱ្យសហជីពជួបជុំគ្នានៅថ្ងៃទី៨ មីនា ព្រោះបម្រាមមិនឱ្យជួបជុំនោះ នៅមានសុពលភាពនៅឡើយ។
នៅថ្ងៃទី៨ ខែមីនា ដែលក្រុមសហជីពគ្រោងជួបជុំគ្នានោះ គឺជាទិវាសិទ្ធិនារីអន្តរជាតិ ហើយក្រុមសហជីពរំពឹងថា នឹងមានអ្នកចូលរួម ៣ម៉ឺននាក់។
ប្រធានសហភាពសហជីពកម្មករ លោក រ៉ុង ឈុន មានប្រសាសន៍ថា ការដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការជួបជុំនោះ គឺជាសេចក្ដីសម្រេចមិនស្របតាមច្បាប់ស្ដីពីបាតុកម្ម និងមិនស្របតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ៖ «មិនអនុញ្ញាតឱ្យ ហើយលើកឡើងថា សេចក្ដីប្រកាសមិនឱ្យប្រមូលផ្ដុំលើសពី ១០នាក់នៅមានសុពលភាព។ បើយើងថ្មីៗ នេះ យើងឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា នឹងឱ្យធ្វើការប្រមូលផ្ដុំវិញ ហើយគាត់ឆ្លៀតថា នឹងពុះទីលានប្រជាធិបតេយ្យហ្នឹងជាពីរ ដើម្បីថា ម្ខាងអ្នកប្រជាធិបតេយ្យ ម្ខាងផ្ដាច់ការអីអ៊ីចឹងទៅ។ ដល់ឥឡូវបែរជាសាលាក្រុងហ្នឹងថា បម្រាមហ្នឹងនៅមានសុពលភាព។ ដល់អ៊ីចឹងទៅយើងមិនដឹងថា លោកនាយករដ្ឋមន្ត្រី ហើយនិងលោក ប៉ា សុជាតិវង្ស មិនដឹងមួយណាធំជាងមួយណា»។
ប៉ុន្តែលោក រ៉ុង ឈុន បញ្ជាក់ថា ការដែលសាលារាជធានីភ្នំពេញ មិនអនុវត្តតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ក៏ព្រោះតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងតែមាត់ ដោយមិនចេញលិខិតស្នាមអ្វីមួយ។
លោកបន្តថា គោលបំណងធ្វើវេទិកាសាធារណៈនេះ ក្រុមសហជីពនឹងផ្ដោតលើការទាមទារ ៧ ចំណុច។ ក្នុងនោះ មាន ២ ចំណុចសំខាន់៖ «ចំណុចសំខាន់ គឺទីមួយ ឱ្យដោះលែងអ្នកទាំង ២១នាក់ ហើយទីពីរ ស្ដីពីប្រាក់ឈ្នួលក្នុងចំណោមប្រាំពីរចំណុចហ្នឹង។ ចំណុចជាអាទិភាពមានពីរចំណុច»។
កាលពីចុងខែកុម្ភៈ ខាងក្រុមសហជីពបានជូនដំណឹងទៅសាលារាជធានីភ្នំពេញ អំពីគម្រោងជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី៨ មីនា ដែលក្នុងនោះមានការទាមទារ ៧ ចំណុច គឺទី១ ទាមទារឱ្យដោះលែង លោក វន់ ពៅ និងមនុស្ស ២១នាក់ផ្សេងទៀត។ ទី២ ទាមទារឱ្យមានការចរចាប្រាក់ឈ្នួលគោលឡើងវិញ ទី៣ ចាប់ជនល្មើស ដែលបាញ់សម្លាប់កម្មករអ្នកតវ៉ា នៅផ្លូវ វ៉េងស្រេង យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ទី៤ ទាមទារឱ្យរោងចក្រដកពាក្យបណ្តឹង ដែលប្ដឹងសហជីពទាំង ៨។ ទី៥ ឱ្យដកបម្រាមដែលសាលារាជធានីភ្នំពេញហាមមិនឲ្យជួបជុំគ្នានោះ។ ទី៦ ទាមទារឱ្យយកតំណាងកម្មករទាំង ១០០នាក់ ចូលធ្វើការវិញ បន្ទាប់ពីខាងរោងចក្របញ្ឈប់ការងារពួកគេ នៅពេលធ្វើបាតុកម្ម និងទី៧ ទាមទារឱ្យសងលុយកម្មករ ក្នុងរយៈពេលធ្វើបាតុកម្មធ្វើបាតុកម្មនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។