មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត បានទទួលមរណភាពកាលពីរសៀលថ្ងៃទី១០ ខែធ្នូ នេះ ក្នុងជន្មាយុ ៥១ឆ្នាំ។ លោកជាមន្ត្រីសិទ្ធិមនុស្សម្នាក់ដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ក្នុងសំណុំរឿងរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។ ការស្លាប់នេះ គឺចំថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ លើកទី៦៦ នៅបន្ទាប់ពីលោកបានចូលរួមឃ្លាំមើលទិវានេះចប់សព្វគ្រប់។
សូមស្ដាប់សេចក្ដីរាយការណ៍របស់អ្នកស្រី សុ ជីវី ផ្ទាល់ពីទីប្រារព្ធពិធីបុណ្យសពលោក ចាន់ សុវ៉េត៖
ជីវប្រវត្តិសង្ខេប
ឈរនៅក្រោមដើមឈើម្នាក់ឯង សម្លឹងទៅកាន់អ្នកចូលរួម និងវេទិកាប្រារព្ធទិវាសិទ្ធិមនុស្ស ដែលសាលារាជធានីភ្នំពេញរៀបចំនៅព្រឹកព្រលឹមថ្ងៃទី១០ ធ្នូ នាមជ្ឈមណ្ឌលកោះពេជ្រ គឺជាបេសកកម្មដែល លោក ចាន់ សុវ៉េត តែងតែបំពេញមិនថាថ្ងៃឈប់សម្រាកនោះទេ។ បន្ទាប់ពីនេះ លោកក៏បានចេញទៅឃ្លាំមើលការដើរក្បួនរបស់អង្គការសង្គមស៊ីវិលជាតិអន្តរជាតិ សហគមន៍រងគ្រោះនានានៅក្នុងរាជធានីភ្នំពេញទៀត។ នៅឯទីលានប្រជាធិបតេយ្យ លោកបាននិយាយលេងលែបខាយជាមួយអ្នកកាសែត មិត្តភ័ក្ដិរួមការងារ និងថតរូបអនុស្សាវរីយ៍ជាមួយពលរដ្ឋសហគមន៍រងគ្រោះដីធ្លី នៅទីលានប្រជាធិបតេយ្យទៀត។ ជាអកុសល មិននឹកស្មានថា នេះគឺជាឱកាសការងារចុងក្រោយរបស់លោកសោះឡើយ។
លោក ចាន់ សុវ៉េត បានទទួលមរណភាពនៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ នៅគេហដ្ឋានរបស់លោកក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បន្ទាប់ពីលោកវិលត្រឡប់ពីការងារ នៅពេលដែលភរិយារបស់លោកកំពុងកោសខ្យល់ ដោយសារមានអាការៈមិនស្រួលខ្លួន ដោយមិនទាន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅឡើយនោះ។
ម្ដាយមីងរបស់លោក គឺអ្នកស្រី និត ស៊ីនន ថ្លែងថា ពេទ្យបានប្រាប់ថា លោក ចាន់ សុវ៉េត ស្លាប់ដោយគាំងបេះដូង៖ «មកពីធ្វើការអត់ទាន់ញ៉ាំបាយផង គាត់មានអាការៈចុកទ្រូង រួចលោកឲ្យប្រពន្ធកោសខ្យល់ឲ្យ ក៏ស្លាប់ពេលនោះតែម្ដង»។
ក្រុមគ្រួសារកំពុងធ្វើពិធីបុណ្យសពជូនវិញ្ញាណក្ខន្ធ លោក ចាន់ សុវ៉េត ដែលកំពុងតម្កល់នៅវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងធ្វើពិធីបុណ្យខួប ៧ថ្ងៃ នៅថ្ងៃច័ន្ទ ៩រោច ខែមិគសិរ ត្រូវថ្ងៃទី១៥ ឆ្លងចូលថ្ងៃអង្គារ ទី១៦ ធ្នូ។
លោក ចាន់ សុវ៉េត អាយុ ៥១ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្ដាល ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល មានភរិយាឈ្មោះ ប៊ី សុភាព។ លោកមានកូន ៣នាក់ ជាចំណងអាពាហ៍ពិពាហ៍ គឺប្រុស ២នាក់ និងកូនស្រីម្នាក់។ លោក ចាន់ សុវ៉េត ធ្លាប់រៀនឯកទេសសិទ្ធិមនុស្សនៅសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) ប្រទេសថៃ និងរៀនបរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យន័រតុន ភ្នំពេញ។ លោក ចាន់ សុវ៉េត គឺជាអតីតមន្ត្រីរាជការមួយរូប។ លោកជាគ្រូបង្រៀនមុខវិជ្ជារូបវិទ្យា និងគីមីវិទ្យា នៅសាលាមធ្យមសិក្សាសំពៅមាស ក្នុងរាជធានីភ្នំពេញ និងធ្លាប់បម្រើការជាទាហានកាន់កាំភ្លើងធំ ហើយក៏ជាមន្ត្រីបញ្ជាការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៀត។ នៅក្នុងជីវិតការងារចុងក្រោយរបស់លោកនៅឆ្នាំ១៩៩៥ លោកបានចូលប្រឡូកក្នុងវិស័យការងារសិទ្ធិមនុស្ស នៅសមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងឋានៈជាមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងការពារដីធ្លី រហូតមកដល់ពេលបច្ចុប្បន្ន។

លោក ចាន់ សុវ៉េត ត្រូវបានគេដឹងជាទូទៅថា លោកបានរិះគន់ឥតសំចៃមាត់ និងមិនខ្លាចញញើតពីការរំលោភសិទ្ធិមនុស្ស ការរំលោភបំពានផ្ទះសម្បែង ដីធ្លី អំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ និងបញ្ហានិទ្ទណ្ឌភាព រួមទាំងករណីជាច្រើនទៀតនៅកម្ពុជា។ យ៉ាងណាមិញ លោកក៏បានជាប់បណ្ដឹងជាច្រើននៅតុលាការដែរ។ លោកបានជាប់សង្ស័យពីបទជាច្រើនដូចជា បទផ្ដល់ជំនួយចារី ឬផ្ដល់ជំនួយដល់អ្នកប្រព្រឹត្តិបទល្មើសពាក់ព័ន្ធជាមួយសំណុំរឿង លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ទាក់ទងនឹងចលនាទាមទារដីធ្លីរបស់ពលរដ្ឋ ដែលរដ្ឋាភិបាលចោទថា ជាចលនាបង្កើតតំបន់អបគមន៍ ដើម្បីបង្កើតរដ្ឋក្នុងរដ្ឋនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីឆ្នាំ២០១២។
លោកត្រូវបានសង្ស័យថា ក្រុមការងារបង្ខំឲ្យភៀសខ្លួនមួយរយៈខ្លីចេញទៅប្រទេសស៊ុយអែត។ ទោះយ៉ាងណា លោកមិនគេចវេះនោះទេ។ លោកចូលទៅបំភ្លឺនៅតុលាការកន្លងមកមានពលរដ្ឋជាច្រើនបានចូលរួមគាំទ្រ និងលើកទឹកចិត្ត ហើយអបអរសាទរនៅពេលដែលតុលាការ មិនសម្រេចឃុំខ្លួន។
«សំឡេងខាងមុខតុលាការ»
កាលពីនៅមានជីវិតនៅឡើយ លោក ចាន់ សុវ៉េត ធ្លាប់បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ដោយរិះគន់ពីបញ្ហានិទ្ទណ្ឌភាពចេះតែមានការកើនឡើងនៅកម្ពុជា ដោយសារតែភាពមិនឯករាជ្យរបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៖ «បើសិនជាប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឲ្យល្អប្រសើរនោះ ទាល់តែមានការដោះលែងសកម្មជនអ្នកការពារដីធ្លីមួយចំនួន ដែលកំពុងទទួលរងនូវការចោទប្រកាន់ ហើយនិងករណីមួយចំនួនដែលតុលាការធ្វើមិនត្រឹមត្រូវ ដូចជា ករណី ឈូក បណ្ឌិត លោក ឈុត វុទ្ធី ដែលត្រូវគេបាញ់សម្លាប់ដោយមិនទទួលបានយុត្តិធម៌»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារាយ បានកោតសរសើរដល់ លោក ចាន់ សុវ៉េត ថា ជាបុគ្គលិកឆ្នើមសកម្មនឹងការងារ ស្រឡាញ់ការងារវិស័យសិទ្ធិមនុស្ស មានចរិតស្លូតបូត។ លោកថា លោក សុវ៉េត ហ៊ានពុះពាររាល់បញ្ហាគ្រប់ឧបសគ្គ នៅពេលចុះធ្វើការមិនខ្លាចរអា មិនខ្វល់ពីបាយទឹក និងថ្ងៃឈប់សម្រាកឡើយ។ លោក ធន សារាយ បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់បុគ្គលិកដ៏ឆ្នើមនេះ៖ «លោក សុវ៉េត ធ្លាប់បានប្រាប់ខ្ញុំម្ដងថា ទោះបីជាគាត់ឈប់ពីការងារនៅសមាគមក៏ដោយ ក៏គាត់មានគំនិតបង្កើតមជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ ឲ្យបានយល់ដឹងពីបញ្ហាសិទ្ធិមនុស្សឲ្យបានទូលំទូលាយ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។