ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី ជួបជុំសម្ដែងមតិមិនគាំទ្រការអនុម័តច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅមុខរដ្ឋសភាដោយជោគជ័យ បន្ទាប់ពីអាជ្ញាធររាំងខ្ទប់ប្រមាណជាង ២ម៉ោង នៅតាមដងផ្លូវ។ ទាក់ទិននឹងការរារាំងនេះ អាជ្ញាធររាជធានីភ្នំពេញថា ដើម្បីរៀបចំសណ្ដាប់ធ្នាប់កុំឲ្យមានភាពអនាធិបតេយ្យតាមដងផ្លូវ។
ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីដែលជំទាស់នឹងសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនរដ្ឋាភិបាល ព្រមទាំងច្បាប់សហជីពកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា បានសម្ដែងការហួសចិត្តចំពោះសកម្មភាពរារាំងរបស់អាជ្ញាធរក្រុងភ្នំពេញ ប្រមាណជាង ២ម៉ោង មិនអោយពួកគាត់បន្តក្បួនយុទ្ធនាការដោយសន្តិវិធី ឆ្ពោះទៅមុខរដ្ឋសភា ដើម្បីសម្ដែងមតិទាក់ទង់ច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។
អនុប្រធានស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ណៃ វ៉ង់ដា ដែលចូលរួមហែក្បួនដែរនោះ មានប្រសាសន៍ថា សមត្ថកិច្ចគួរតែពង្រឹងកិច្ចការពារព្រំដែនជាជាងមកឃាត់ឃាំងមិនអោយប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្សធ្វើការសម្ដែងមតិ៖ «យើងសំណូមពរអោយពួកគាត់ទៅតតាំងនៅតាមព្រំដែន ដើម្បីការពារកុំអោយវៀតណាម និងថៃ ឈ្លានពានចូលទឹកដីខ្មែរ ហើយក៏អំពាវនាវអោយមានការបញ្ចេញមតិ កុំខ្ទប់មាត់គេមិនអោយស្រែក មិនមែនជាប្រការត្រឹមត្រូវឡើយ»។
តាំងពីព្រឹកព្រលឹម ថ្ងៃទី៣០ ខែមិថុនា ក្រុមអ្នកដែលជំទាស់នឹងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល ប្រមាណ ៤០០នាក់ បានដង្ហែក្បួនដោយថ្មើរជើង និងតាមរ៉ឺម៉កម៉ូតូកង់បី ចេញពីគោលដៅចំនួន៤ មាននៅមុខវត្តចាក់អង្រែ លើ ពីមុខវត្តនិរោធ មុខស្ថានទូតបារាំង និងស្ពានអាកាស៧មករា ក្នុងបំណងឆ្ពោះទៅកាន់មុខរដ្ឋសភា ដើម្បីបង្ហាញឆន្ទៈ ជំទាស់នឹងការអនុម័តសេចក្ដីព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនរដ្ឋាភិបាល ព្រមទាំងច្បាប់សហជីព ប៉ុន្តែត្រូវបានរាំងខ្ទប់គ្រប់ច្រកទាំងអស់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចរាប់សិបនាក់ ប្រដាប់ដោយកាំភ្លើង ដំបង និងខែល ស្ទើរគ្រប់ដៃ ដោយមានការរុញច្រានគ្នាទៅវិញទៅមក ហើយបានរឹបអូសយកទង់ជាតិ និងទង់សាសនា ព្រមទាំងបដាជាដើមពីអ្នកដើរក្បួន ប៉ុន្តែពុំមានអំពើហិង្សាធ្ងន់ធ្ងរនោះទេ។
ជាការឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា ការដាក់កម្លាំងរារាំង មិនអោយមានការជួបជុំហែក្បួននេះ គឺធ្វើដើម្បីរៀបចំសន្តិសុខសណ្ដាប់ធ្នាប់៖ «នេះជាទង្វើមិនគប្បី ហើយសាលារាជធានីភ្នំពេញ ដែលជាថ្នាក់រដ្ឋបាល ត្រូវបង្កបរិយាកាសល្អប្រសើរជូនប្រជាពលរដ្ឋ តំណាងរាស្ត្រ អ្នកនយោបាយ និងជូនរដ្ឋាភិបាលបំពេញការងារ»។
ប្រទេសកម្ពុជា បានក្លាយជារដ្ឋភាគីនៃកាតិកសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៩២។ មាត្រា៤១ ចែងចែងថា ពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន និងសេរីភាពខាងការប្រជុំ។ ប៉ុន្តែមិនត្រូវឆ្លៀតប្រើសិទ្ធិអំណាចនោះ រំលោភដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិបានឡើយ។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក អ៊ី សារុំ ចាត់ទុកទង្វើរបស់កម្លាំងសមត្ថកិច្ចដែលរារាំងនោះថា ជាការបំបិទសិទ្ធិសេរីភាពពួកគាត់ដែលតវ៉ាដោយសន្តិវិធី៖ «សកម្មភាពនេះ យើងមើលទៅដូចជាប្រទេសមួយដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ព្រោះមានអាជ្ញាធរច្រើនលើសលប់បានចូលមករារាំង មានកាំភ្លើង និងខែលការពារជាដើម»។
យ៉ាងណាក្តី នៅម៉ោងប្រមាណ ១១ ក្រុមអ្នកប្រឆាំងសេចក្ដីព្រាងច្បាប់នោះ តស៊ូជម្នះបានទៅជួបជុំគ្នានៅមុខវិមានរដ្ឋសភា ដោយនាំគ្នាស្រែកតវ៉ា លើកបដា និងច្រៀងចម្រៀងប្រឆាំងនឹងសេចក្ដីព្រាងច្បាប់ស្ដីពីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពជាដើម នៅបន្ទាប់ពីអាជ្ញាធរបានដករបាំងរាំងផ្លូវក្រោយពីរដ្ឋសភា បានបញ្ចប់កិច្ចប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ និងដោយសារក្រុមអ្នកដើរហែក្បួនទាំងនោះ បំបែកគ្នាដើរតាមផ្លូវផ្សេងៗទៀត។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លើកឡើងដែរថា ច្បាប់ស្ដីពីសមាគម សហជីព និងអង្គការ មិនទាន់ចាំបាច់ក្នុងការបង្កើតនៅឡើយទេ ប៉ុន្តែនៅមានរឿងរ៉ាវសំខាន់ៗ ជាច្រើនផ្សេងទៀត សម្រាប់រដ្ឋាភិបាលដោះស្រាយ ដូចជា បញ្ហាដីធ្លីនៅតាមព្រំដែន បញ្ហាពុករលួយ ប្រព័ន្ធតុលាការមិនយុត្តិធម៌ ការបណ្ដេញពលរដ្ឋចេញពីលំនៅឋានទាំងបង្ខំ និងកម្មករខ្មែររងគ្រោះ ដោយសារចំណាកស្រុកទៅធ្វើការនៅបរទេសជាដើម។
ទោះយ៉ាងណាក្តី ការវិវឌ្ឍន៍ចុងក្រោយនេះ រដ្ឋសភានឹងបើកឲ្យមានការពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ ដោយអញ្ជើញអង្គទូតនានាប្រចាំនៅកម្ពុជា និងអង្គការជាតិ អន្តរជាតិ តំណាងក្រសួងពាក់ព័ន្ធ រដ្ឋសភា និងព្រឹទ្ធសភា ចូលរួម។
ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ប្រសិនបើសិក្ខាសាលារៀបចំឡើងក្នុងរយៈពេលមួយព្រឹក ឬមួយថ្ងៃនោះ ដូច្នេះរដ្ឋាភិបាល គឺគ្រាន់តែធ្វើសិក្ខាសាលានេះបង្គ្រប់កិច្ចប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។