មេ​ជាង​ចិន​វាយ​កម្មករ​ខ្មែរ​ម្នាក់​របួស​ធ្ងន់

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា ឆ្នាំ​២០១៣ ថា កម្មករ​ខ្មែរ​ម្នាក់​ត្រូវ​មេ​ជាង​នៃ​ក្រុមហ៊ុន​ចិន សាងសង់​ផ្លូវ​ជាតិ​លេខ​៧៨ ក្នុង​ខេត្ត​រតនគិរី វាយ​ដោយ​ប៉ែល​ចូក​ខ្សាច់​រង​របួស​ជា​ទម្ងន់។

កម្មករ​រង​គ្រោះ​មាន​ឈ្មោះ ង៉ែត សារ៉ន មក​ពី​ខេត្ត​តាកែវ ត្រូវ​បុរស​ជន​ជាតិ​ចិន ជា​មេជាង​ធ្វើ​ប្រឡាយថ្ម នៃ​ក្រុមហ៊ុន​ចិន វាយ​ពី​ក្រោយ​ខ្នង​ក្បែរ​ចង្កេះ ត្រូវ​ដេរ​មុខ​របួស និង​ដៃ​ម្ខាង​ត្រូវ​វាយ​ហើម​ជាំ​កម្រើក​មិន​រួច។

អំពើ​ហិង្សា​នេះ​កើត​ឡើង​នៅ​ការដ្ឋាន​ធ្វើ​ប្រឡាយ​នៅ​ចំណុច​មុខ​វត្ត​អូរចេង ឃុំ​ប៉ាតាង ស្រុក​កូនមុំ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​សុក្រ កន្លង​ទៅ​នេះ ដោយសារ​តែ​កម្មករ​តវ៉ា​មិន​ព្រម​ទៅ​វាយ​ថ្ម​តាម​បញ្ជា​របស់​មេជាង។

កម្មករ​ខ្មែរ​នៅ​ក្នុង​ហេតុការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មេ​ជាង​ចិន វាយ​កម្មករ​ខ្មែរ​ឲ្យ​របួស​ដួល​សន្លប់​ភ្លាមៗ​នោះ បុរស​ជន​ជាតិ​ចិន ម្នាក់​ទៀត​ដែល​រួម​ការងារ​នៅ​ទី​នោះ​ប៉ុនប៉ង​យក​ដំបង​វាយ​កម្មករ​ខ្មែរ​នោះ​បន្ថែម​ទៀត ប៉ុន្តែ​ត្រូវ​កម្មករ​ខ្មែរ​នាំ​គ្នា​ស្រែក​ឃាត់​ទើប​បុរស​ជន​ជាតិ​ចិន នោះ​ឈប់។

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​រតនគិរី លោក មាន ព្រហ្មមុនី ចាត់​ទុក​ទង្វើ​នេះ​ថា ជា​អំពើ​ហិង្សា​រំលោភ​ច្បាប់ និង​ប្រមាថ​ទៅ​លើ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ។

លោក​អំពាវនាវ​ឲ្យ​តំណាង​ក្រុមហ៊ុន និង​ស្ថានទូត​ចិន ត្រួត​ពិនិត្យ​ករណី​នេះ៖ «នេះ​ជា​ការ​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ ជនជាតិ​ចិន ទោះ​ជា​មាន​ការ​ខុស​ឆ្គង​អ្វី​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​ទេ។ យើង​ទទូច​ឲ្យ​ក្រុមហ៊ុន​ចិន​ហ្នឹង​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ជា​កម្មករ ត្រូវ​មាន​លក្ខខណ្ឌ​កិច្ចសន្យា​ខ្លី​វែង​ឲ្យ​បាន​ត្រឹមត្រូវ»

នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តាអង លោក សែ តេន មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ចិន បាន​ធានា​ខ្លួន​បុរស​ជនជាតិ​ចិន និង​ផ្ដល់​សំណង​ព្យាបាល ព្រម​ទាំង​សំណង​ជំងឺ​ចិត្ត​ជា​ប្រាក់​ប្រមាណ ៥០០​ដុល្លារ​ទៅ​ឲ្យ​ជន​រងគ្រោះ បន្ទាប់​ពី​ជន​រង​គ្រោះ​ស្នើ​សុំ​ប្រាក់​សំណង​វិល​ទៅ​លំនៅឋាន​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។