ស្ថានភាព​ជនភៀសខ្លួន​៤​នាក់​ដែល​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​ពី​កោះ​ណាវរូ

0:00 / 0:00

ជន​ភៀស​ខ្លួន​ចំនួន ៤​នាក់ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវរូ (Nauru) មក​កម្ពុជា នៅ​ពេល​នេះ ពួកគេ​កំពុង​ទទួល​បាន​ការ​អប់រំ ដូចជា​ភាសា​ខ្មែរ និង​ពី​ប្រពៃណី ​ទំនៀម​ទម្លាប់​របស់​កម្ពុជា។ បើ​ទោះ​ជា​បែប​ណា​ក្តី ពលរដ្ឋ និង​សង្គម​ស៊ីវិល​ទទួល​បាន​ព័ត៌មាន​តិចតួច​ណាស់ អំពី​ជន​ភៀស​ខ្លួន​នេះ ដោយសារ​រដ្ឋាភិបាល​កម្ពុជា រឹតត្បិត មិន​ទម្លាយ​ឲ្យ​ដឹង​ជុំវិញ​ការ​ស្នាក់​នៅ​នៃ​ជន​ភៀស​ខ្លួន​ទាំង ៤​នាក់​នេះ​ទេ។

សំឡេង​សន្តិសុខ​យាយ​កន្លែង​ជន​ភៀសខ្លួន​ស្នាក់​នៅ៖ «ទាល់​តែ​គេ​អនុញ្ញាត​បាន​យើង​ហ៊ាន។ យើង​បំពេញ​កិច្ច​ការងារ​ឲ្យ​គេ។ អត់​ដែរ»

បើ​ទោះ​ជា​ការ​ស្នាក់​បណ្ដោះអាសន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា នៃ​ជន​ភៀស​ខ្លួន​ទាំង ៤​នាក់​នេះ មាន​រយៈពេល​ជិត​កន្លះ​ខែ​ហើយ​ក៏ដោយ បន្ទាប់​ពី​បាន​បញ្ជូន​មក​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ក៏​ជន​ភៀស​ខ្លួន​ទាំង​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​មាន​ការ​ប្រាស្រ័យ​ទាក់ទង​មជ្ឈដ្ឋាន​ខាង​ក្រៅ ជាពិសេស​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​តាំង​ទី​លំនៅ​ដំបូង​លើ​ទឹកដី​កម្ពុជា នេះ​ទេ។

មាន​ទីលំនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជាយ​រាជធានី​ភ្នំពេញ លោកស្រី អាន សុផាត អល់អែក​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​អំពី​ជន​ភៀស​ខ្លួន​ទាំង​នេះ ដោយ​លោកស្រី​អះអាង​ថា លោកស្រី​បាន​ដឹង​តិចតួច​ប៉ុណ្ណោះ​អំពី​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ទីតាំង​ស្នាក់​នៅ​សម្រាប់​ពួក​គេ​នៅ​ជិត​ផ្ទះ​គាត់។

ស្ថិត​ក្នុង​វ័យ ៦២​ឆ្នាំ និង​លក់​នំ​ចំណី​បន្តិចបន្តួច​ក្បែរ​ទីតាំង​ស្នាក់​នៅ​បណ្ដោះអាសន្ន​របស់​ជន​ភៀស​ខ្លួន លោកស្រី អាន សុផាត ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ថា ចាប់​តាំង​ពី​បញ្ជូន​មក ពួក​គេ​មិន​ដែល​ឃើញ​អ្នក​ទាំង ៤​នាក់​នោះ​ចេញ​ក្រៅ​ផ្ទះ​ម្ដង​ណា​ទេ៖ «អ៊ំ​នៅ​ទី​នេះ​មិន​សូវ​ដឹង​ដែរ។ មិន​ដឹង​ថា គេ​យក​មក​ដាក់ ប៉ុន្តែ​វា​មិន​ដែល​ឃើញ​មុខ​ឃើញ​មាត់ គេ​ចេញ​ចូល​អី​ផង។ អត់​សូវ​ដឹង»

ផ្លូវ​លំ​ចូល​ទៅ​កាន់​ភូមិគ្រឹះ​​ជនភៀសខ្លួន ៤​នាក់​ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។
ផ្លូវ​លំ​ចូល​ទៅ​កាន់​ភូមិគ្រឹះ​​ជនភៀសខ្លួន ៤​នាក់​ស្នាក់នៅ​បណ្ដោះអាសន្ន ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ (RFA/Morm Moniroth)

ជន​ភៀស​ខ្លួន​ទាំង ៤​នាក់​នេះ រួម​មាន​ជនជាតិ​អ៊ីរ៉ង់ (Iran) ៣​នាក់ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ដើម​ភាគ​តិច រ៉ូហ៊ីងយ៉ា (Rohingya) ដែល​រត់​គេច​ខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា។ ពួក​គេ​ត្រូវ​បាន​គេ​បញ្ជូន​តាម​ជើង​ហោះហើរ ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ​បាន​មក​ដល់​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា។

ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក គឹម សារឹន ថ្លែង​ថា ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​អន្តរជាតិ​សម្រាប់​ជន​ភៀស​ខ្លួន អាយ.អូ.អិម (IOM) ជន​ភៀស​ខ្លួន​ទាំង ៤​នាក់​នេះ កំពុង​ទទួល​ការ​បណ្ដុះបណ្ដាល និង​ហ្វឹកហ្វឺន​អំពី​ច្បាប់ ភាសា ទំនៀម​ទម្លាប់ និង​របៀប​រស់​នៅ​របស់​កម្ពុជា មុន​នឹង​ត្រូវ​ធ្វើ​សមាហរណកម្ម​បន្ត។

លោក​បន្ត​ថា បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ពួក​គេ​អាច​យល់​ដឹង​បាន​ហើយ ការ​សម្រេច​បន្ទាប់​ទៀត​ថា តើ​ពួក​គេ​គួរ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត ឬ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​សេចក្ដី​សម្រេច​របស់​ពួក​គេ។ ដោយ​ឡែក រដ្ឋាភិបាល​រង់​ចាំ​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​ភាព​ងាយ​ស្រួល​ចំពោះ​ជន​ភៀស​ខ្លួន​ទាំង​នេះ​ប៉ុណ្ណោះ៖ «ការ​បង្ហាត់​បង្រៀន​នេះ​គឺ​មាន​អំពី​វប្បធម៌ មាន​អំពី​ប្រពៃណី ទំនៀមទម្លាប់ អំពី​ការ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពលរដ្ឋ​របស់​យើង​ប្រកាន់​ទំនៀមទម្លាប់​យ៉ាង​ម៉េច និង​សាសនា​អ៊ីចឹង។ គាត់​យល់​ដឹង​អំពី​អ្វី​ច្បាប់​ផ្សេងៗ​ទៀត»

បើ​ទោះ​ជា​បែប​ណា លោក គឹម សារឹន បញ្ជាក់​ថា ស្ថិត​ក្នុង​អន្តរកាល​នេះ រដ្ឋាភិបាល​​នៅ​មិន​ទាន់​ដឹង​ថា នឹង​ត្រូវ​រក​មធ្យោបាយ​បែប​ណា​ក្រៅ​ពី​ផ្ដល់​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​អំពី​បរិបថ​របស់​កម្ពុជា នៅ​ឡើយ​នោះ​ទេ។ ដោយ​ឡែក ថ្លៃ​ចំណាយ​ទឹក ភ្លើង ហូប​ចុក និង​ប្រាក់​បៀវត្ស​​សម្រាប់​ជន​ភៀស​ខ្លួន ក្នុង​ដំណាក់កាល​នៃ​ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នេះ​ជាដើម គឺ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​អូស្ត្រាលី ជា​អ្នក​ទទួល​ខុស​ត្រូវ។

ជន​ភៀស​ខ្លួន​ទាំង ៤​នាក់​នេះ កំពុង​ស្នាក់​នៅ​ក្នុង​ភូមិ​គ្រឹះ​មួយ​ដ៏​ល្អ​ប្រណិត ហ៊ុមព័ទ្ធ​ដោយ​របង​ថ្ម​យ៉ាង​រឹងមាំ។ មណ្ឌល​បណ្ដោះ​អាសន្ន​នេះ គឺ​ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ភូមិគ្រឹះ​ដែល​នៅ​ឆ្ងាយ​ពី​ផ្លូវ​​ជាតិ​លេខ​១ (ច្បារអំពៅ) ​បត់​ស្ដាំ​​ចូល​ក្នុង​ប្រហែល ៣០០ ទៅ ៤០០​​ម៉ែត្រ គឺ​ជា​ទីតាំង​មួយ​មាន​សភាព​ស្ងាត់​ជ្រងំ ដែល​មាន​តែ​អ្នក​យាម​ការពារ​របស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ឈ្មោះ GSS ( Global Security Solution ) ប្រមាណ ២​នាក់​ប៉ុណ្ណោះ។

ក្រុម​សន្តិសុខ​​ឯកជន​ទាំង​នេះ បាន​ដាក់​បម្រាម​ដាច់​ខាត​មិន​ឲ្យ​ចូល​​ថត​រូប និង​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​ជន​ភៀស​ខ្លួន​នៅ​ខាង​ក្នុង​ឡើយ ប្រសិន​បើ​ពុំ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទេ៖ «ខ្ញុំ​នេះ​ចាំ​តែ​បើក​ទ្វារ បើ​គេ​អនុញ្ញាត​ឲ្យ​បើក បាន​បើក បើ​គេ​ឲ្យ​ចូល​បាន ចូល​បាន»

ក្រៅ​ពី​នេះ​វិញ លោកស្រី ជុំ សុផាត ដែល​មាន​លំនៅឋាន​ក្បែរ​ភូមិ​គ្រឹះ​ដែល​ជន​ភៀស​ខ្លួន​ស្នាក់​នៅ បាន​អះអាង​ថា ប្រជាពលរដ្ឋ​ភាគ​តិច​ណាស់​ដែល​ដឹង​ថា ជន​ភៀស​ខ្លួន​ត្រូវ​គេ​បញ្ជូន​មក​ឲ្យ​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​នេះ។ លោកស្រី​បន្ត​ថា អ្វី​ដែល​ដឹង​នោះ គឺ​គ្រាន់​តែ​ឃើញ​ឡាន​ចេញ​ចូល​ហាក់​ចម្លែក​ជាង​សព្វ​មួយ​ដង​ប៉ុណ្ណោះ។

ជុំវិញ​រឿងរ៉ាវ​នៃ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ ថ្វី​បើ​ព័ត៌មាន​ត្រូវ​បាន​រដ្ឋាភិបាល​បញ្ចេញ​ឲ្យ​ដឹង​ក៏ដោយ ក៏​ព័ត៌មាន​ទាំង​នេះ ត្រូវ​បាន​គេ​ដឹង​តិចតួច​ប៉ុណ្ណោះ ដូច​ជា​ម៉ោង និង​ជើង​ហោះហើរ។ ក្រៅ​ពី​នេះ​វិញ ដូច​ជា​ជម្រក​ស្នាក់​នៅ​ជាដើម គឺ​ហាក់​មាន​ភាព​លាក់លៀម។

ក្នុង​ពេល​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភ្លាមៗ ជា​លើក​ដំបូង គឺ​សន្តិសុខ​នៅ​ប្រលានយន្តហោះ ត្រូវ​បាន​គេ​រឹត​បន្តឹង​ការ​ចេញចូល​ដែល​ពុំ​ធ្លាប់​មាន។ រឹតតែ​តឹងតែង​ថែម​ទៀត​នោះ គឺ​ក្រុម​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ផ្នែក​ខាង​ក្នុង​នៃ​ប្រលាន​យន្តហោះ​ដើម្បី​បាន​ថត​សំឡេង និង​ផ្ដិត​យក​រូបភាព​ឡើយ។ ក្រៅ​ពី​នេះ រថយន្ត​ខ្លះ​ដែល​សង្ស័យ​ថា អាច​ដឹក​ជន​ភៀស​ខ្លួន ត្រូវ​បិទ​បាំង​ដោយ​ក្រណាត់​យ៉ាង​ជិត​ទៅ​វិញ។

ជុំវិញ​រឿង​នេះ ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក គឹម សារឹន បដិសេធ​ថា រដ្ឋាភិបាល​ពុំ​បាន​បិទ​បាំង​ព័ត៌មាន​អំពី​ជន​ភៀស​ខ្លួន​នេះ​ទេ។ ជាង​នេះ​ទៀត ពេល​វេលា​នៃ​ការ​មក​ដល់ និង​ជំរំ​​ដែល​ស្នាក់​នៅ​បណ្ដោះអាសន្ន​របស់​ជន​ភៀស​ខ្លួន​ទាំង​នេះ ក៏​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ។ ហេតុ​នេះ ពុំ​មាន​អ្វី​ដែល​សង្ស័យ​ថា រដ្ឋាភិបាល​លាក់​បំពួន ឬ​ព័ត៌មាន​ត្រូវ​បាន​រឹត​ត្បិត​នោះ​ទេ។

លោក គឹម សារឹន៖ «ដូច​ជា​មិន​មាន​អី​លាក់លៀម​ទេ ព្រោះ​ថា ឯកឧត្ដម​អ្នក​នាំ​ពាក្យ​ក្រសួង​គាត់​ក៏​បាន​​ប្រាប់​អំពី​ការ​​មក​ដល់ អំពី​ថ្ងៃ​មក​ដល់​អី​ហើយ ដូច​ជា​មិន​មាន​អី​លាក់លៀម ព្រោះ​ថា មុន​មក​ដល់​ហ្នឹង​គាត់​​ក៏​បាន​ថា ជន​ភៀស​ខ្លួន​ហ្នឹង​មក​​ដល់​ថ្ងៃ​ណា​អី​ថ្ងៃ​ណា។ អ៊ីចឹង​ដូច​ជា​មិន​មាន​ការ​លាក់លៀម​អី​ទេ»

បើ​ទោះ​ជា​មាន​ការ​បកស្រាយ​បែប​នេះ​ក៏​ដោយ​ចុះ ក៏​សង្កេត​ឃើញ​ថា មន្ត្រី​នគរបាល​នៅ​ថ្នាក់​មូលដ្ឋាន​ទាំង​ក្នុង​ខណ្ឌ​ច្បារអំពៅ និង​អាជ្ញាធរ​សង្កាត់​ផង បាន​បដិសេធ​ថា ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ជន​ភៀស​ខ្លួន​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​មក​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​នេះ​ឡើយ។

ដោយ​ឡែក លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) យល់​ឃើញ​ថា ហេតុ​ផល​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​ព្យាយាម​មិន​បញ្ចេញ​ព័ត៌មាន​ជា​សាធារណៈ ឬ​មិន​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន បាន​ជួប​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​បណ្ដាញ​ព័ត៌មាន ដែល​ទំនង​ជា​រដ្ឋាភិបាល​ខ្លាច​លេច​ចេញ​រឿង​មិន​ល្អ​នៅ​ពី​ក្រោយ​ខ្នង​ច្រើន​ជាង ការ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ជន​ភៀស​ខ្លួន​ហើយ​មើល​ទៅ។

លោក អំ សំអាត៖ «ខ្ញុំ​គិត​ថា សុវត្ថិភាព​មួយ​ហើយ ប៉ុន្តែ​អ្នក​សារព័ត៌មាន​លោក​មាន​សិទ្ធិ​ក្នុង​ការ​ទទួល​ព័ត៌មាន​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ផង​ដែរ។ ខ្ញុំ​គិត​ថា យន្តការ​ទាំង​អស់​នេះ​គឺ​អ្វី​ដែល​នៅ​ពី​ក្រោយ​ចង់​លាក់​បាំង​នូវ​ព័ត៌មាន»

ភ្លាមៗ​បន្ទាប់​ពី​ជន​ភៀស​ខ្លួន​ស្ម័គ្រ​ចិត្ត​ទាំង ៤​នាក់​នេះ សម្រេច​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​កោះ​ណាវរូ មក​សាង​ជីវិត​ថ្មី​លើ​ទឹកដី​កម្ពុជា នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​អូស្ត្រាលី បាន​បោះ​លុយ​ជា​ច្រើន​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ថ្នូរ​ដើម្បី​ឲ្យ​កម្ពុជា ទទួល​យក​ជន​ភៀស​ទាំង​នេះ។

ស្ថិត​ក្រោម​ហេតុ​ផល​នេះ លោក អំ សំអាត យល់​ឃើញ​ថា ប្រហែល​ជា​មូលហេតុ​នៃ​លុយ​ជា​ច្រើន​លាន​ដុល្លារ​នេះ​ហើយ​មើល​ទៅ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្ខំចិត្ត​ទទួល​យក​ជន​ភៀស​ខ្លួន​ទាំង​ទើស​ទាល់ និង​ហាក់​ប្រឆាំង​នូវ​ជំហរ​របស់​ខ្លួន​ដែល​ធ្លាប់​បដិសេធ មិន​ទទួល​យក​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​វៀតណាម ដែល​ស្វែង​រក​​សិទ្ធិ​ជ្រកកោន​ជា​បន្តបន្ទាប់​ថ្មីៗ​នេះ។

បើ​ទោះ​ជា​បែប​ណា ទាក់ទិន​រឿង​នេះ រដ្ឋាភិបាល​កម្ពុជា និង​អូស្ត្រាលី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ ដោយ​សម្លឹង​មើល​នយោបាយ​ការទូត​ដ៏​វែង​ឆ្ងាយ​ច្រើន​ជាង​អ្វី​ដែល​មាន​ការ​រិះគន់​នេះ។

ជុំវិញ​រឿង​នេះ កម្ពុជា​ទទួល​បាន​លុយ​ប្រមាណ ៤០​លាន​ដុល្លារ ជា​ថ្នូរ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន។ ក៏ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ពី​ដឹង​ថា មាន​កិច្ច​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន មាន​បាតុកម្ម​បាន​ផ្ទុះ​ឡើង ប្រឆាំង​គោលការណ៍​របស់​រដ្ឋាភិបាល​នេះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។