អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​សន្យា​ថា​នឹង​ពិចារណា​សំណើ​សុំ​របស់​អ្នក​រាយការណ៍​អ.ស.ប

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង សន្យា​ថា​នឹង​ពិចារណា​សំណើ​សុំ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​យក​អនុសាសន៍​មួយ​ចំនួន​ដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​សំណង​ផល​ប៉ះពាល់ នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។

ការ​លើក​ឡើង​នេះ ក្នុង​ជំនួប​ផ្ទាល់​មាត់​ជាមួយ​អភិបាល​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា បន្ទាប់​ពី អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​ក្នុង​ខេត្ត​ស្ទឹងត្រែង។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ប្ដេជ្ញា​ថា​នឹង​យក​ចិត្ត​ទុក​ដាក់​ធានា​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​ជនជាតិ​ដើម​ភាគ​តិច​ផ្សេង​ទៀត​រស់នៅ​ក្នុង​ខេត្ត​នេះ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង លើក​ឡើង​ថា នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ចំណែក​រក​ដំណោះស្រាយ​ដោយ​ផ្តល់​ជម្រើស​នានា​នៃ​ការ​ផ្តល់​សំណង​ផល​ប៉ះពាល់​ដល់​សហគមន៍។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក ម៉ែន គុង មាន​ប្រសាសន៍​ថា រាល់​សំណើ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ គឺ​ជា​ធាតុ​ផ្សំ​សំខាន់​ក្នុង​ការ​ដាក់​បញ្ចូល​ក្នុង​គោល​នយោបាយ​ផ្តល់​សំណង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោបាយ​ផ្តល់​សំណង។ លោក​ថា រាល់​អនុសាសន៍​របស់ អ្នកស្រី រ៉ូណា ស្មីត អាជ្ញាធរ​ខេត្ត នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ចុះ​មូលដ្ឋាន​បន្ត​ពិភាក្សា​ជាមួយ​សហគមន៍​រង​ផល​ប៉ះពាល់ ជាពិសេស​សហគមន៍​ដែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រង់​ស្ថិតិ៖ « ចំពោះ​អនុសាសន៍​ដ៏​ល្អ​នេះ យើង​នឹង​យក​ទៅ​ពិចារណា ហើយ​យើង​នឹង​អាច​ជ្រើស​រើស​តំណាង​សហគមន៍​មួយ​រូប​ដែល​ចេះ​ភាសា​ខ្មែរ និង​ចេះ​ភាសា​ជនជាតិ​ដើម​ភាគ​តិច ធ្វើ​ការ​បកប្រែ​ជូន​គាត់ និង​ធ្វើ​ជា​ប្រចាំ​នៅ​តាម​សហគមន៍ »

ទាក់ទិន​រឿង​នេះ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គោល​បំណង​ចម្បង​នៃ​ជំនួប​នេះ​ផ្ដោត​សំខាន់​ការ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច និង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី។ អ្នកស្រី​ថា លោក​អភិបាល​ខេត្ត​ស្ទឹងត្រែង ប្ដេជ្ញា​ថា​នឹង​ស្វែង​យល់​បញ្ហា​សំខាន់ៗ​នានា​ដែល​ពាក់ព័ន្ធ ហើយ​នឹង​យល់​ពី​ច្បាប់​អន្តរជាតិ និង​ច្បាប់​នៅ​កម្ពុជា៖ « គោល​បំណង​ចម្បង​នៃ​ជំនួប​នេះ គឺ​ការ​ជជែក​ជាមួយ​លោក​អភិបាល​ខេត្ត ដើម្បី​ស្វែង​យល់​ពី​ទស្សនៈ​របស់​លោក និង​អាជ្ញាធរ​ខេត្ត ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​តំបន់​នេះ។ លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក​ប្ដេជ្ញា​ចិត្ត​ធានា​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​សហគមន៍ និង​ធានា​ថា ពួក​គេ​ទទួល​បាន​ការ​ការពារ​ក្នុង​អំឡុង​ពេល​ផ្លាស់​ទីលំនៅ​ទៅ​តំបន់​ថ្មី »

កាល​ពី​ថ្ងៃ​ទី​២៧ មីនា សហគមន៍​ក្បាលរមាស និង​សហគមន៍​ស្រែគរ រាប់​រយ​នាក់ បាន​សំណូមពរ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត អន្តរាគមន៍​ទៅ​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន អំពី​ទុក្ខ​កង្វល់​របស់​ពួក​គាត់ បន្ទាប់​ពី​មាន​គម្រោង​អភិវឌ្ឍន៍​តាម​ដង​ទន្លេ និង​ដី​សម្បទាន​សេដ្ឋកិច្ច បង្ក​ផល​ប៉ះពាល់​ជីវភាព​ពួក​គាត់​ធ្ងន់ធ្ងរ និង​ការ​ប្រែប្រួល​អាកាសធាតុ។

តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន លោក ដាំ សំណាង ថ្លែង​ចំពោះ​មុខ អ្នកស្រី រ៉ូណា ស្មីត កាល​ពី​ថ្ងៃ​ទី​២៧ មីនា ថា ជម្រើស​ដែល​បណ្ដេញ​ពួក​គាត់​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ គឺ​ជា​ប្រធានបទ​ក្តៅ ដែល​សហគមន៍​រង​ផល​ប៉ះពាល់​កំពុង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង និង​សំណូមពរ​ឲ្យ អ្នកស្រី រ៉ូណា ស្មីត ពាំនាំ​បញ្ហា​នេះ​ជំរុញ​ឲ្យ​រដ្ឋាភិបាល គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ដែល​កំពុង​រង​ការ​រំលោភ​បំពាន៖ « ផល​ប៉ះពាល់​មាន​ច្រើន​ដូចជា ដែនដី ព្រៃ​ឈើ និង​ទឹក ដែល​ពួក​គាត់​ធ្លាប់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​ច្រើន​ឆ្នាំ​មក​ហើយ »

ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​សំណង​មាន​ចំនួន​ជាង ២៤០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ។ ដោយឡែក​នៅ​ឃុំ​ក្បាលរមាស មាន​ពលរដ្ឋ ៥៣​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១៤០​គ្រួសារ​ដែល​មិន​យល់ព្រម​ចាក​ចេញ។ បច្ចុប្បន្ន គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ សម្រេច​បាន​ជាង ៦០​ភាគរយ ហើយ​គ្រោង​នឹង​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។