សេចក្ដីប្រកាសព័ត៌មានរបស់អង្គការសិទ្ធិមនុស្សសហប្រជាជាតិ នៅថ្ងៃទី៧ ខែមករា ឲ្យដឹងថា ពេលបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ ១៧ មករា ឆ្នាំ២០១៤ អ្នករាយការណ៍ពិសេសសហប្រជាជាតិ នឹងពិនិត្យមើលឡើងវិញអំពីដំណើរការនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សឯករាជ្យមួយនៅកម្ពុជា ហើយបានស្រង់សម្ដីលោក សុរិយា ស៊ូប៊ែឌី ថា៖ ដំណើរបេសកកម្មរបស់ខ្ញុំខាងមុខនេះ គឺជាផ្នែកមួយនៃដំណើរការស្រាវជ្រាវអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងរយៈពេលបំពេញបេសកកម្មនៅកម្ពុជា លោក សុរិយ៉ា ស៊ូប៊ែឌី នឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត។ ក្រៅពីនេះលោកនឹងជួបមន្ត្រីសិទ្ធិមនុស្សក្នុងស្រុក និងតំណាងអង្គការសង្គមស៊ីវិលផ្សេងទៀត។
បេសកកម្មនេះធ្វើឡើងបន្ទាប់ពីពេលដែលរដ្ឋាភិបាលកម្ពុជា បង្ក្រាបក្រុមកម្មកររាប់ពាន់នាក់ធ្វើបាតុកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ នៅដើមខែមករា ឆ្នាំថ្មីនេះ បណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់ដោយគ្រាប់កាំភ្លើង និងជិត៤០នាក់ទៀតរងរបួស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។