រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួននឹងទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមីនា តាមសំណើរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ។
សេចក្ដីប្រកាសព័ត៌មានក្រសួងការពារជាតិកម្ពុជាចុះថ្ងៃទី២៥ ខែមីនា បង្ហាញថា កិច្ចប្រជុំនោះ ផ្ដោតអំពីកិច្ចការរក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក ទៀ បាញ់ និងមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាដទៃទៀត នឹងចូលរួមកិច្ចប្រជុំជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េ (António Guterres) ដែលកិច្ចប្រជុំនោះ ប្រព្រឹត្តនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក នៅថ្ងៃទី២៩ ខែមីនា។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថា កិច្ចប្រជុំនឹងផ្ដល់វេទិកា និងបង្កើតជំនាញចាំបាច់សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនាពេលបច្ចុប្បន្ន និងជាការឆ្លុះបញ្ចាំងកិច្ចប្រឹងប្រែងសម្រាប់រក្សាសន្តិភាពដោយផ្ដោតលើសមត្ថភាពជំនាញ ការអនុវត្តន៍ការការពារជនស៊ីវិល និងមានរបៀបវារៈមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។