Opens in new windowសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធផ្នែកសិទ្ធិមនុស្ស បានសាទរចំពោះការដាក់ទណ្ឌកម្មខាងវិន័យលើគ្រូបង្រៀនម្នាក់ ដែលបានដាក់ទណ្ឌកម្មដល់សិស្សស្រី ដោយឲ្យសម្រាតសំពត់នៅចំពោះមុខមិត្តរួមថ្នាក់កាលពីពេលកន្លងទៅ។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលក៏បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ បន្តពន្លឿនដោះស្រាយសំណុំរឿងនេះតាមផ្លូវតុលាការឲ្យបានឆាប់រហ័ស។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល យល់ថា ចំណាត់ការរបស់ក្រសួង គឺជាសញ្ញាវិជ្ជមាន ប៉ុន្តែសង្គមស៊ីវិលនៅតែស្នើឲ្យភាគីពាក់ព័ន្ធ ជំរុញដំណើរការសំណុំរឿងគ្រូបង្រៀនដាក់ពិន័យកុមារីអាយុ ១១ឆ្នាំ ដែលបានអូសបន្លាយជាច្រើនខែ ដោយអំពើអសីលធម៌ ដើម្បីស្វែងរកយុត្តិធម៌ដល់កុមារីរងគ្រោះ។
ការលើកឡើងរបស់សង្គមស៊ីវិល ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសព័ត៌មានស្ដីពីការដាក់ទណ្ឌកម្មខាងវិន័យ លើករណីដាក់ទណ្ឌកម្មដល់សិស្សស្រីដោយអសីលធម៌ក្នុងពេលបង្រៀន នៅខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែតុលា។
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងបានដាក់វិន័យ ៣ករណីលើគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន វត្តថ្មី គឺលោក ដួង សានេត ដែលបានដាក់ទណ្ឌកម្មដល់សិស្សស្រីដោយអសីលធម៌ក្នុងពេលបង្រៀន គឺទី១ ក្រសួងបានស្តីបន្ទោសជាលាយលក្ខណ៍អក្សរ។ ទី២ ក្រសួងបានផ្លាស់ចេញដោយបង្ខំ ដោយឲ្យបំពេញការងារនៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុករំដួល និងទី៣ ក្រសួងតម្រូវឲ្យ លោក ដួង សានេត បំពេញការងាររដ្ឋបាលតូចតាចនៅការិយាល័យអប់រំ យុវជន និងកីឡា ស្រុករំដួល។ ជាងនេះទៀត ក្រសួងអប់រំ អះអាងថា ទណ្ឌកម្មខាងវិន័យទាំងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២ មិថុនា បន្តដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ មកម្ល៉េះ។
ទាក់ទិននឹងការដាក់វិន័យនេះដែរ មន្ត្រីការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំនៅក្នុងខេត្តស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន មានប្រសាសន៍ថា វាជាសញ្ញាល្អ នឹងកំពុងជំរុញឲ្យក្លាយជាវិន័យគំរូដល់គ្រូដទៃ ឲ្យមានការខ្លាចរអាចំពោះទង្វើអសីលធម៌នានា ពិសេសករណីដូច លោក ដួង សានេត៖ «ចំណាត់ការដែលអាចជួយប៉ះប៉ូវ និងស្ដារកិត្តិយសក្មេងស្រីរងគ្រោះវិញ ទាល់តែនីតិវិធីព្រហ្មទណ្ឌដែលជានីតិវិធីរបស់តុលាការ អាចមានជាសំណងរដ្ឋប្បវេណី និងការដាក់ទោសទណ្ឌលើជនល្មើស»។
ជាងនេះទៀត ទន្ទឹមនឹងការសាទរនេះ មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ បានឲ្យដឹងដែរថា ទោះជាចំណាត់ការរបស់ក្រសួងអប់រំ នៅពេលនេះផ្តល់ជាគំរូដល់គ្រូដទៃ ប៉ុន្តែវាគ្រាន់តែជាចំណាត់ការរដ្ឋបាលប៉ុណ្ណោះ ហើយវានៅតែមិនទាន់អាចឆ្លើយតបនឹងការខូចខាតកិត្តិយសរបស់ក្មេងស្រីម្នាក់នោះបានឡើយ។ លោកថា ករណីនេះ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលមានស្ថានទម្ងន់ទោសដោយបានប្រព្រឹត្តលើអនីតិជន ដូច្នេះករណីនេះនៅតែទាមទារនីតិវិធីរបស់តុលាការ៖ «ការដាក់វិន័យនេះ គឺជាលក្ខណៈមួយល្អដែររបស់ក្រសួងអប់រំ ដែលធ្វើឲ្យបណ្ដាគ្រូដទៃទៀតនៅទីជនបទ និងជាការព្រមាន កុំឲ្យគ្រូចេះតែធ្វើទង្វើអសីលធម៌ណាមួយដាក់សិស្សដទៃទៀត»។
តាមច្បាប់ គ្រូបង្រៀនរូបនេះអាចប្រឈមនឹងបទព្រហ្មទណ្ឌ តាមមាត្រា៤៣ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ទាក់ទិននឹងអំពើអាស ដែលសំដៅដល់ការប៉ះពាល់ការបង្ហាញកេរ្តិ៍ភេទ ឬផ្នែកផ្សេងទៀតនៃភេទរបស់ជនដទៃ ឬការឲ្យជនដទៃប៉ះពាល់កេរ្តិ៍ភេទ ឬផ្នែកភេទផ្សេងទៀតរបស់ជនល្មើសខ្លួនឯង ឬរបស់តតិយជន ក្នុងចេតនាធ្វើឲ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស។ ជនណាដែលប្រព្រឹត្តអំពើអាសទៅជនមានអាយុតិចជាង ១៥ឆ្នាំ នឹងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ១ឆ្នាំដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលដល់ ៦លានរៀល។
ចំណែកឯសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៤ តុលា នេះ បង្ហាញថា ទណ្ឌកម្មខាងវិន័យដែលលោកគ្រូ ដួង សានេត បានទទួលនេះ គឺឆ្លើយតបទៅនឹងមាត្រា៤០ នៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា រួចរាល់ហើយ។ រីឯទណ្ឌកម្មតាមផ្លូវច្បាប់ផ្សេងទៀត គឺជាសមត្ថកិច្ចរបស់តុលាការ ដែលក្រសួងអប់រំ យុវជន និងកីឡា ពុំមានសមត្ថកិច្ចធ្វើអន្តរាគមន៍ឡើយ។
ផ្ទុយទៅវិញ អ្នកការពារសិទ្ធិមនុស្សបញ្ជាក់ថា សំណុំរឿងនេះកំពុងឋិតក្នុងដៃព្រះរាជអាជ្ញាអមតុលាការខេត្តស្វាយរៀង ដែលបានអូសបន្លាយជាច្រើនខែ និងនៅតែមិនទាន់បានចាត់ការនៅឡើយ បើទោះជាក្រុមគ្រួសាររបស់ក្មេងស្រី បានដាក់ពាក្យបណ្ដឹងនៅតុលាការខេត្តនេះរួចហើយនោះ ហើយទាំងក្រុមគ្រួសារ និងក្មេងស្រីរងគ្រោះ ក៏ធ្លាប់បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យក្មេងស្រីរូបនេះយ៉ាងណាក៏ដោយ។
ជាងនេះទៀត ទាំងសង្គមស៊ីវិល និងគ្រួសារក្មេងស្រីរងគ្រោះ នៅតែទទូចឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសតុលាការខេត្តស្វាយរៀង ពន្លឿនរឿងក្ដីនេះ ព្រោះពួកគេបារម្ភថា ការទុកពេលវេលាឲ្យអូសបន្លាយបន្ថែមទៀត អាចជាឱកាសឲ្យមានការគេចខ្លួនណាមួយរបស់អ្នកប្រព្រឹត្តិល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
