អាជ្ញាធរ​រឹត​បន្តឹង​លើ​អ្នក​ដំណើរ​ចេញ​ពី​ខេត្ត​ឧត្ដរមានជ័យ

អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​កំពុង​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​ សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ ដែល​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ប្រជាពលរដ្ឋ និង​អ្នក​ដំណើរ​​ចាក​ចេញ​ពី​ខេត្ត​នេះ។ ការ​ងឿង​ឆ្ងល់​នេះ ដោយសារ​តែ​គេ​ពុំ​ធ្លាប់​ឃើញ​សមត្ថកិច្ច​ធ្វើ​ការ​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ដូច្នេះ​ទេ ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ បាន​រាយ​បណ្ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ប៉ូលិស និង​ប៉េអឹម នៅ​​តាម​កំណាត់​ផ្លូវ​សំខាន់ៗ​ដែល​បែក​ចេញ​ពី​ទីក្រុង​សំរោង ឆ្ពោះ​ទៅ​កាន់​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ជា​ច្រើន​ថ្ងៃ​មក​នេះ។

ការ​រាយ​បណ្ដាក់​​ប៉ូលិស​និង​ប៉េអឹម​នោះ ត្រូវ​បាន​គេ​ដឹង​ថា ដើម្បី​ត្រួត​ពិនិត្យ​និង​រឹត​បន្តឹង​ទៅ​លើ​​អ្នក​ដំណើរ​​តាម​រថយន្ត​ឈ្នួល​​ចេញ​ពី​ខេត្ត​ឧត្តរមានជ័យ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ផ្សេង​ទៀត ដូចជា​ទៅ​​​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ ជាដើម។

បុរស​​ម្នាក់​ជា​អ្នក​បើក​​រថយន្ត​ឈ្នួល​ពី​ខេត្ត​ឧត្តរមានជ័យ ទៅ​ខេត្ត​បន្ទាយមានជ័យ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ធ្នូ ថា ក្នុង​រយៈ​ពេល​ជាង ១​សប្ដាហ៍​មក​ហើយ គាត់​តែង​ឃើញ​កម្លាំង​ប៉ូលិស និង​ប៉េអឹម រាយ​បណ្ដាក់​នៅ​លើ​ដង​ផ្លូវ​ដើម្បី​កាក់​រថយន្ត​ឈ្នួល​ត្រួត​ពិនិត្យ និង​កត់​ចំនួន​អ្នក​ដំណើរ។ គាត់​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​សកម្មភាព​នោះ ក៏​ប៉ុន្តែ​គាត់​មិន​ហ៊ាន​សាកសួរ​ទៅ​សមត្ថកិច្ច​ថា​តើ​កត់​ចំនួន​អ្នក​ដំណើរ​ដើម្បី​យក​ទៅ​ធ្វើ​អ្វី​ឡើយ។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «កម្លាំង​ប៉ូលិស ៣-​៤​នាក់ ប៉េអឹម ២-​៣​នាក់ គេ​កាក់​សួរ​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់ ស្រី​ប៉ុន្មាន ប្រុស​ប៉ុន្មាន​ក្នុង​ឡាន ហើយ​គេ​កត់​ចំនួន​មនុស្ស ក៏​កត់​ស្លាក​លេខ​ឡាន​ខ្ញុំ។ គេ​សួរ​ខ្ញុំ​ថា ឡាន​ទៅ​ខាង​ណា? ប៉ុន្តែ​យើង​មិន​ដឹង​ថា គេ​កាក់​ហ្នឹង គេ​ចង់​បំណង​ស្អី គេ​មិន​ដឹង​ទេ។ ពី​កន្លង​មក​មុន​បោះ​ឆ្នោត​មក​អត់​ដែល​មាន​ទេ ទើប​តែ​មាន​ប្រហែល​ជា ១​អាទិត្យ​ជាង​ហើយ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត ​អភិបាល​ក្រុង​សំរោង និង​ស្នង​ការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដើម្បី​សុំ​ការ​ពន្យល់​អំពី​បញ្ហា​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយសារ​តែ​ទូរស័ព្ទ​ទាំង​អស់​បាន​បិទ។

សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​ក៏​បាន​សំដែង​ការ​ងឿង​ឆ្ងល់​ចំពោះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ដែល​​រាយ​បណ្ដាក់​លើ​កំណាត់​ផ្លូវ ដើម្បី​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នោះ​ដែរ។

អ្នក​សម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ឃើញ​កម្លាំង​ប៉ូលិស​និង​ប៉េអឹម ឈរ​នៅ​លើ​កំណាត់​ផ្លូវ​ចេញ​ពី​ក្រុង​សំរោង ដើម្បី​កាក់​ឡាន​ត្រួត​ពិនិត្យ​ដែរ នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​តាម​​រថយន្ត​ឈ្នួល​ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ។

លោក ស្រី ណារ៉េន យល់​ថា ប្រសិន​បើ​​​សមត្ថកិច្ច​ទាំង​នោះ កាក់​ត្រួត​ពិនិត្យ និង​រឹត​បន្តឹង​ការ​ដើរ​ហើរ​របស់​ប្រជាពលរដ្ឋ គឺ​ជា​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស​ដែល​ខុស​ពី​ច្បាប់​របស់​ប្រទេស​កម្ពុជា៖ «មិន​ដឹង​ថា គេ​ធ្វើ​ហ្នឹង ដើម្បី​អ្វី ក៏​យើង​មិន​ដឹង​ដែរ ប៉ុន្តែ​គ្រាន់​ថា វា​ចម្លែក កន្លង​មក​វា​មិន​ដែល​មាន​អ៊ីចឹង ហើយ​បើ​សិន​ជា​ការ​រឹតត្បិត​សួរ​នាំ​អី​ទៅ​ណា​មក​ណា​ទៀត អា​ហ្នឹង​ជា​ការ​បិទ​សេរីភាព បិទ​សិទ្ធិ​ក្នុង​ការ​ដើរ​របស់​ប្រជាពលរដ្ឋ​ហើយ»

អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ បាន​កត់​សម្គាល់​ឃើញ​ថា សកម្មភាព​របស់​ប៉ូលិស និង​ប៉េអឹម​ឈរ​លើ​ដង​ផ្លូវ​ដើម្បី​កាក់​រថយន្ត​ត្រួត​ពិនិត្យ និង​កត់​ចំនួន​អ្នក​ដំណើរ​នោះ បាន​កើត​មាន​តាំង​តែ​ពី​មុន​ថ្ងៃ ១០ ធ្នូ ជា​ថ្ងៃ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ខេត្ត​សៀមរាប ហើយ​សមត្ថកិច្ច​ទាំង​នោះ​នៅ​តែ​បន្ត​ដាក់​ត្រួត​ពិនិត្យ​អ្នក​ដំណើរ​នៅ​ឡើយ នៅ​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ឯ​ទីក្រុង​ភ្នំពេញ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា សកម្មភាព​ប៉ូលិស​និង​បេអឹម​ឈរ​តាម​ដង​ផ្លូវ​ដើម្បី​កាក់​រថយន្ត​ឈ្នួល​ត្រួត​ពិនិត្យ និង​កត់​ចំនួន​អ្នក​ដំណើរ​ចេញ​ពី​ខេត្ត​ឧត្តរមានជ័យ​នេះ ក៏​មាន​នៅ​តាម​បណ្ដា​ស្រុក​ខ្លះ​ទៀត ដូចជា​នៅ​អូរស្មាច់ នៃ​​ក្រុង​សំរោង និង​ស្រុក​អន្លង់វែង លើ​ដង​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។